ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) ​កំពុង​រៀបចំ​បិទ​ផ្សាយ​បញ្ជីឈ្មោះ​ពលរដ្ឋ​ចំនួន​ ១៥៤ ៧៦៧ ​នាក់​ ដែល​ត្រូវបាន​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​សម្រាប់​ឆ្នាំនេះ ខណៈ​អ្នក​ដែល​បាន​ចុះឈ្មោះ​ថ្មី​មាន​ចំនួន​ជាង​ ២៦ ​ម៉ឺន​នាក់​ ធ្វើឱ្យ​ចំនួន​ឈ្មោះ​ពលរដ្ឋ​មាន​​សិទ្ធិ​បោះឆ្នោត​ក្នុង​បញ្ជី​មាន​​ដល់​ជាង​ ៨ ​លាន​នាក់​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​ដំណើរការ​ការត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​​ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២០ លោក​ ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ គ.ជ.ប បានឱ្យ​ដឹងថា ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប​ពី​បញ្ជី​នឹង​ធ្វើ​នៅ​ថ្ងៃទី​ ២៧ វិច្ឆិកា បន្ទាប់ពី​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​រួចរាល់​នៅ​ទូទាំង​ប្រទេស​។

លោក​បន្តថា ចំនួន​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដំបូង​ដែល​នឹងត្រូវ​បិទ​ផ្សាយ​មាន​ចំនួន​ជាង ៨ ​លាន​ ៨ ​សែន​នាក់​​ក្នុងនោះ​មាន​ស្រី​ចំនួន​ជាង​ ៤ ​លាន និង​ ៧ ​សែន​នាក់​។ ​ចំណែក​​ចំនួន​ពលរដ្ឋ​ដែល​នឹងត្រូវ​លុបចេញ​ពី​បញ្ជី​បោះឆ្នោត សរុប​​មាន​ចំនួន​ ១៥៤ ៧៦៧ ​នាក់​។

ការបិទ​ផ្សាយ​នេះ ដើម្បី​ឱ្យ​​អ្នក​ដែល​បាន​ចុះឈ្មោះ​រួច​ទៅ​ផ្ទៀងផ្ទាត់​ឈ្មោះ​ខ្លួន និង​អ្នក​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​ក្រែង​មាន​អ្នកប្តឹង​ជំទាស់ និង​ប្តឹងតវ៉ា​លើ​បញ្ជី​ទាំង​ ២ ​នេះ​។

លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា​៖ «​បើ​ប្រជាពលរដ្ឋ​ពិនិត្យ​ឃើញ​ភាពមិនប្រក្រតី ពលរដ្ឋ​មាន​សិទ្ធិ​ប្តឹងតវ៉ា ឬ ប្តឹង​ជំទាស់​ជា​លាយលក្ខណ៍​អក្សរ​តាម​ទម្រង់​ ១២០២ ទៅ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ-សង្កាត់​ពាក់ព័ន្ធ​នឹង​ការបាត់​ឈ្មោះ ឬ​មានឈ្មោះ ប៉ុន្តែ​កត់ត្រា​មិន​ច្បាស់លាស់ ឬ​ គ.ជ.ប លុបឈ្មោះ​មិនបាន​ត្រឹមត្រូវ​ក្នុង​រយៈពេល​ ៥ ​ថ្ងៃ​យ៉ាងយូរ បន្ទាប់ពី​បិទផ្សាយ​បញ្ជី​ទាំង​ ២ ​នេះ​»​។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ឱ្យ​ដឹងថា កន្លងមក គ.ជ.ប បាន​ណែនាំ​​ដល់​ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីឱ្យ​ស្រង់​ឈ្មោះ​អ្នក​ដែល​ត្រូវលុប​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​​អ្នក​ចុះឈ្មោះ​ថ្មី​ជាប្រចាំ​មុន​​ពេល​ពិនិត្យ​ និង​ចុះឈ្មោះ​បោះឆ្នោត ហើយ​ឈ្មោះ​ដែល​ត្រូវ​លុប​ត្រូវ​ស្រង់​ចូលក្នុង​បញ្ជី​ថ្មី​មួយ​។

បើតាម​លោក ទេព នីថា អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​​ទី​ ១ គឺ​អ្នកទទួល​មរណភាព​ទី​ ២ អ្នក​ដែល​បាន​ផ្លាស់ប្តូរ​លំនៅឋាន​ចេញពី​ឃុំ​សង្កាត់ និង​​ទី​ ៣ គឺ​អ្នក​ដែល​ដកសិទ្ធិ​បោះឆ្នោត​ជា​បណ្តោះអាសន្ន ។

លោក​បន្ថែមថា អ្នក​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​មាន​ចំនួន​ ១៥៤ ៧៦៧ ​នាក់ ដែល​មាន​ឯកសារ​ច្បាស់លាស់ ខណៈ​អ្នក​​ចុះឈ្មោះ​ថ្មី​នៅក្នុង​ឆ្នាំនេះ​មាន​ជាង​ ២៦ ​ម៉ឺន​នាក់​ ស្មើនឹង​ ៨៩% ​នៃ​ផែនការ​ដែល​បានដាក់​ចេញ​ជាង ៣០ ​ម៉ឺន​នាក់​។ ប៉ុន្តែ​មាន​​ការកើនឡើង​ជាង​ឆ្នាំមុន បើទោះ​ប្រឈម​នឹង​ជំងឺ​កូវីដ ​១៩ និង​ជំនន់​ទឹកភ្លៀង​ក្តី ។

លោក តុល ប្រាសាទ អគ្គលេខាធិការរង​គណបក្ស​ឆន្ទៈខ្មែរ​បាន​បង្ហាញ​ការបារម្ភ​ចំពោះ​​ការលុប​ឈ្មោះ​ពលរដ្ឋ​ចេញពី​បញ្ជី​បោះឆ្នោត​ក្នុង​ចំនួន​ច្រើន​បែបនេះ ប៉ុន្តែ​លោក​ទទួលស្គាល់​ការលុប​នេះ​គឺ​ គ.ជ.ប សំអាង​លើ​ភ័ស្តុតាង និង​ឯកសារ​ពិតប្រាកដ​ដែរ​។ លោក​បន្តថា នៅ​​ពេល​បិទ​ផ្សាយ​នូវ​បញ្ជី​ទាំងនេះ មន្ត្រី​គណបក្ស​របស់​លោក​នឹង​ចុះទៅ​តាមដាន ដើម្បី​ឱ្យ​ដឹងថា នីតិវិធី ដែល គ.ជ.ប ធ្វើ​ត្រឹមត្រូវ​ ​ឬ​មិន​ត្រឹមត្រូវ​។

លោក កង សាវាង្ស មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ ខុម ហ្វ្រែល ​បាន​ថ្លែងថា ការចុះឈ្មោះ និង​លុបឈ្មោះ​ពលរដ្ឋ​ចេញពី​បញ្ជី​បោះឆ្នោត​នេះ​មាន​លក្ខណៈ​ល្អប្រសើរ ប៉ុន្តែ​នៅតែ​នីតិវិធី​មួយចំនួន​ដែល​ គ.ជ.ប ត្រូវ​សម្របសម្រួល​ជាមួយ​នឹង​ភ្នាក់ងារ​គណបក្ស និង​ការត្រួតពិនិត្យ​​ឡើងវិញ​ពាក់ព័ន្ធ​នឹង​មន្ត្រី​ គ.ជ.ប ​ដែល​ជា​អ្នក​ចុះបញ្ជី និង​ការីកុំព្យូទ័រ​មិន​នៅ​កន្លែង​ជាដើម​។

លោក​បន្តថា​៖ «​គ.ជ.ប គួរតែ​សម្រួល​នីតិវិធី​ចំពោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ និង​ភាគី​ពាក់ព័ន្ធ​ឱ្យមាន​ការត្រួតពិនិត្យ​ដើម្បី​ធ្វើយ៉ាងណា​អាច​ទទួលយក​បាន​គ្រប់គ្នា​»​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​កាលពី​ថ្ងៃទី​ ១ កញ្ញា ដល់​ថ្ងៃទី​ ១១ តុលា ​ឆ្នាំ​ ២០២០ មាន​រយៈពេល​ ៤៥ ​ថ្ងៃ​ និង​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​ ១២ ខែតុលា កន្លង​ទៅ​៕