ភ្នំពេញៈ គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) ​បានលើកឡើង​ពីបទ​ពិសោធ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកសភា​នៅ​រដ្ឋ​ប៊ីហា (Bihar) ប្រទេស​ឥណ្ឌា​ តាម​ប្រព័ន្ធ​អនឡាញ​ចាប់ពី​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី​ ៧ ខែ​វិច្ឆិកា បន្ទាប់ពី​បាន​ចូលរួម​សង្កេតការណ៍ ការបោះឆ្នោត​នេះ​តាម​ប្រព័ន្ធ​អនឡាញ​។

លោក ឌឹម សុវណ្ណារុំ អ្នក​នាំពាក្យ គ.ជ.ប ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ការចូលរួម​សង្កេតការណ៍​តាម​ប្រព័ន្ធ​អនឡាញ​គឺជា​ឱកាស​ក្នុង​ការស្វែងយល់​អំពី​ការអនុវត្ត​ល្អៗ​ក្នុង​ការបោះឆ្នោត​នៅ​រដ្ឋ​ប៊ីហា​ក្នុងសម័យ​កូវីដ​១៩ និង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន កម្រិត​ខ្ពស់​គួរឱ្យ​ចាប់អារម្មណ៍​។

លោក​ថ្លែង​ថា បន្ទាប់ពី​បាន​សង្កេតការណ៍​បោះឆ្នោត​យ៉ាង​យកចិត្ត​ទុកដាក់​តាម​ប្រព័ន្ធ​អនឡាញ​ពី​ប្រទេស​កម្ពុជា​រយៈពេល​ ៣ ​ថ្ងៃ កន្លងមក គ.ជ.ប យល់​ឃើញ​ថា ប្រព័ន្ធ​ព័ត៌មានវិទ្យា​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​បោះឆ្នោត​នៅ​ប្រទេស​ឥណ្ឌា ខណៈ​ប្រទេស​មួយ​នេះ និង​ពិភពលោក​កំពុង​ប្រឈម​នឹង​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ ១៩​។

តាម​ការសង្កេតមើល ស្ទើរតែ​គ្រប់​ដំណាក់កាល​នៃ​ការបោះឆ្នោត​មាន​ការបំពាក់​សម្ភារ​បច្ចេកវិទ្យា​ព័ត៌មាន​ (ICT) ​ដោយ​មាន​កម្មវិធី​អប់រំ​អ្នកបោះឆ្នោត និង​ការចូលរួម​បោះឆ្នោត​ដោយ​ប្រព័ន្ធ (SVEEP)​។ ម៉ាស៊ីន​បោះឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (EVM) ត្រូវ​ប្រើ​សម្រាប់​ការបោះឆ្នោត​ដែល​ដំណើរការ​បោះឆ្នោត​នេះ​ជួយ​សម្រួល​ដល់​អ្នកបោះឆ្នោត​ជាង ៧៣ ​លាន​នាក់​ អាច​ទៅ​បោះឆ្នោត​បាន​ដោយ​ប្រើ​រយៈពេល​ខ្លី​ជាពិសេស​គឺ​វា​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការលួចបន្លំ​សន្លឹកឆ្នោត​។

លោក​បន្ថែមថា ការធ្វើ​តេស្ត​ដោយ​ម៉ាស៊ីន EVM មុនពេល​បោះឆ្នោត​ត្រូវ​ទទួលស្គាល់​ដោយ​ភា្នក់ងារ​គណបក្ស​នយោបាយ និង​អ្នកសង្កេតការណ៍​ដែលមាន​វត្តមាន​នៅក្នុង​ការិយាល័យ​បោះឆ្នោត​។ លោក សុវណ្ណារុំ បញ្ជាក់ថា ជា​លើក​ទី​ ១ ​ហើយ ដែល​ គ.ជ.ប ទទួល​បាន​មេរៀន និង​បទពិសោធ​ល្អៗ​ពី​ការចូលរួម​សង្កេតការណ៍​បោះឆ្នោត​តាម​ប្រព័ន្ធ​អនឡាញ​។ កម្មវិធី​សង្កេតការណ៍​អន្តរជាតិ​តាម​ប្រព័ន្ធ​អនឡាញ​នេះ ក្រៅពី​មានការ​ចូលរួម​ពី គ.ជ.ប ក៏មាន​ការចូលរួម​សង្កេតការណ៍​ពី​ប្រទេស​ជាង ៤០ ក្នុង​ពិភពលោក​ផងដែរ​។

លោក​ កង សាវ៉ាង មន្ដ្រី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុម ហ្វ្រែល ថ្លែង​ថា​នៅក្នុង​ប្រទេស​នីមួយៗ តែងតែ​មាន​ការបោះឆ្នោត​តាម​ប្រព័ន្ធ​អនឡាញ​ដោយមាន​ស្ថានភាព​ខុសៗ​គ្នា ប៉ុន្តែ​សម្រាប់ គ.ជ.ប គួរតែ​រៀនសូត្រ​ពី​បទពិសោធ​ពី​ប្រទេស​ផ្សេងៗ ដែល​បានរៀបចំ​ការបោះឆ្នោត​មាន​លទ្ធិប្រជាធិបតេយ្យ សេរី និង​ពហុបក្យ គឺជា​រឿង​មួយ​ដ៏សំខាន់​។

លោក​ថ្លែងថា​៖ «​គ.ជ.ប ​គួរតែ​រៀនសូត្រ​នូវ​ចំណុច​ល្អៗ​បន្ថែមទៀត​ជាពិសេស​ពី​បទពិសោធ​នៃ​ការបោះឆ្នោត នៅក្នុង​អំឡុង​ពេលដែល​មាន​ការរាតត្បាត​នូវ​ជំងឺ​កូវីដ​១៩​។ ប៉ុន្តែ​សម្រាប់​ការសង្កេត​ការណ៍​ចង់​ដឹងខុស ឬ​ត្រូវ​តាម​ប្រព័ន្ធ​អនឡាញ​នេះ​មិនអាច​ធ្វើ​បានទេ បើ​គ្រាន់តែ​សង្កេតការណ៍​ដើម្បី​រៀនសូត្រ​ទទួលយក​បទពិសោធ​មិនមែន​ជា​បញ្ហា​នោះទេ​»​។ លោក​ថា​នេះ​គឺជា​បទពិសោធ​ដ៏ល្អ​មួយ​ក្នុង​ការយក​មក​រៀបចំ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​​នាពេល​ខាង​មុខ​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់ គ.ជ.ប សមាជិកសភា​នៅ​រដ្ឋ​ប៊ីហា​មាន​ចំនួន ២៤៣ ​រូប​ ដោយ​ក្នុង​នោះ​សមាជិក​សភា​ចំនួន ៧១ ​រូប​ត្រូវបាន​ជ្រើស​តាំងពី​ពលរដ្ឋ​នៅ​ថ្ងៃទី​ ២៨ ខែ តុលា ឆ្នាំ​ ២០២០ សមាជិក​សភា​ចំនួន ៩៤ រូប ត្រូវ​ជ្រើសតាំង​ពី​ពលរដ្ឋ​នៅ​ថ្ងៃទី ​​៣ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ និង​សមាជិក​សភា ចំនួន ៧៨ ​រូប ​ត្រូវ​បាន​ជ្រើស​តាំងពី​ប្រជាពលរដ្ឋ​នៅ​ថ្ងៃទី​ ៧ ខែ​ វិច្ឆិកា ឆ្នាំ​ ២០២០​។

លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​រដ្ឋ​ប៊ីហារ​ដែល​ត្រូវ​បានប្រកាស​តាមរយៈ​ការបូក​សរុប​សន្លឹកឆ្នោត ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតជាតិ​ឥណ្ឌា​នៅ​ថ្ងៃទី​ ១០ ខែ វិច្ឆិកា ឆ្នាំ​ ២០២០ ​បង្ហាញ​ថា គណបក្ស Bharatiya Janata Party (BJP) ទទួល​បាន​អាសនៈ​ច្រើនជាងគេ​ក្នុង​រដ្ឋសភា​ប៊ីហា​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន ២៤៣៕