ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) បានស្នើ​ឱ្យ​គណបក្ស​នយោបាយ ជាពិសេស​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ត្រូវ​ស្វែងរក​អ្នកច្បាប់​ធ្វើការ​សិក្សា​នូវ​បណ្តឹង​ដែល​បាន​ប្តឹង​ស្នើឱ្យមានការលុបឈ្មោះពលរដ្ឋចេញពីបញ្ជី​បោះឆ្នោត ឆ្នាំ​ ២០២០ មុន​នឹង​សម្រេច​ប្តឹង​មក គ.ជ.ប។

លោក សោម សូរិដា អគ្គលេខាធិការរង គ.ជ.ប បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ម្សិលមិញ​ថា យោងតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត មាត្រា ៦១ បាន​ចែង​ថា អ្នក​ដែលមាន​បំណង​ប្តឹង​ជំទាស់​ឱ្យមាន​ការលុប​ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ឬ នៅក្នុង​លក្ខខណ្ឌ​ណាមួយ​ត្រូវ​ទៅរក​ឯកសារ​ភ័ស្តុតាង​ដែល​ឯកសារ​ទាំងនោះ​ជា​ឯកសារ​យថាភូត ដែល​ចេញ​ដោយ​អាជ្ញាធរ​ដើម្បី​និរាករណ៍​នូវ​ឯកសារ​ដែល​ពលរដ្ឋ​ប្រើប្រាស់​បំពេញ​លក្ខខណ្ឌ​សម្រាប់​ចុះឈ្មោះ​បោះឆ្នោត​។

លោក​បន្តថា ប៉ុន្តែ​អ្វី​ដែល​ជា​ភ័ស្តុតាង​របស់ LDP ដែល​រកឃើញ​នោះ​មាន​តែ​ភ័ស្តុតាង​ដោយ​យកតែ​សាក្សី​ម្នាក់ ឬ​ ២ ​នាក់ ឬ​ ១ ​ក្រុម ហើយ​អះអាង​ថា ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​នោះ គឺ​មិនមាន​ឯកសារ​គ្រប់គ្រាន់ ដែល​ចំណុច​ទាំងនេះ​គឺជា​ចំណុច​ខុសឆ្គង​មួយ​ដែល​មិន​ឆ្លើយតប​ទៅនឹង​មាត្រា ៦១ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ដែល​ចែងថា ដើម្បី​ប្តឹង​ជំទាស់​ទៅនឹង​ជនណាម្នាក់​អ្នក​ប្តឹង​ជំទាស់​ត្រូវមាន​ឯកសារ​ភ័ស្តុតាង​បញ្ជាក់ថា ជន​នោះ​ពុំមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត ហើយ​កម្មវត្ថុ​នៃ​បណ្តឹង​របស់​ LDP ពាក់ព័ន្ធ​តែ​នឹង​ទី​សំណាក់​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។

លោក អ៊ី សាំងឡេង អ្នក​នាំពាក្យ LDP បាន​បដិសេធ​ចំពោះ​ការលើកឡើង​របស់ គ.ជ.ប ដែល​ថា LDP គ្មាន​ឯកសារ​ផ្លូវច្បាប់ សម្រាប់​ប្តឹង​ជំទាស់​នោះ​។ លោក​ថា វា​គឺជា​រឿង​មិន​ត្រឹមត្រូវ​នោះទេ ព្រោះ LDP បាន​ចុះទៅ​សួរនាំ​ និង​ស្វែងរក​ជន​ដែល​ស្នើសុំ​ចុះឈ្មោះ​នោះ​មិន​មាន​លំនៅ​ជាក់ស្តែង​ក្នុង​ឃុំ-សង្កាត់​ដែល​ពួកគេ​បាន​ស្នើសុំ​ចុះឈ្មោះ​បោះឆ្នោត​ទេ​៕