ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប បា​នស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ចាត់​វិធានការ​តាម​ច្បាប់ ចំពោះ​សកម្មភាព​របស់​លោក សម រង្ស៊ី ដែល​នៅតែ​បន្ត​ធ្វើការ​ឃោសនា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា ដែល គ.ជ.ប ថា​ការ​ឃោសនា​របស់​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​ «​ធ្វើឲ្យ​ប៉ះពាល់​ដល់​​ការបោះឆ្នោត​» ​និង​ «​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​»​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​សមាជិក គ.ជ.ប​។ ការ​ថ្លែង​របស់​សមាជិក គ.ជ.ប នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កាលពី​ម្សិលមិញ​ដែល​និយាយ​អំពី​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នា​ពេល​ខាង​មុខ​ដែល​ការ​ថ្លែង​នេះ​ក៏​ជា​ការ​ឆ្លើយតប​ទៅ​នឹង​តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​ស្នើឲ្យ គ.ជ.ប ចាត់វិធានការ តាម​ច្បាប់​ទៅលើ​លោក សម រង្ស៊ី​។ ចំណាត់ការ​ទាំង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​រិះគន់ គ.ជ.ប និង​អំពាវនាវ​ដោយ​បើក​ចំហ​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ការបោះឆ្នោត ខណៈ​លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឲ្យ​ចែក​ខិត្តប័ណ្ណ​ជំរុញ​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត​ដោយ​ចាត់ទុក​ការបោះឆ្នោត​ខាង​មុខ​ថា​ «​ក្លែងក្លាយ​» និង​ «​គ្មាន​ន័យ​» ​ដោយសារ​តែ​ពុំ​មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តំណាង​ពលរដ្ឋ​ស្ទើរ​ពាក់កណ្តាល​ប្រទេស​ចូលរួម​ប្រកួត​។ ក្នុង​អង្គប្រជុំ នៅ គ.ជ.ប កាលពី​ម្សិលមិញ​ដែល​មាន​ការចូលរួម​ពី​តំណាង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក្រសួង​ពាក់ព័ន្ធ​នានា​តំណាង​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល​ស្ថានទូត​ជប៉ុន លោក ហ៊ាង គឹមស្រឿន អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ បាន​ស្នើ ឲ្យ គ.ជ.ប ចាត់​វិធានការ ចំពោះ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ទៅ​បោះឆ្នោត​។ លោក​ថ្លែង​ថា​៖ «​សម្រាប់​ទស្សនៈ​ខ្ញុំ​ផ្ទាល់​ខ្ញុំ​យល់​ថា ការឃោសនា​នេះ​គឺជា​ការឃោសនា​បំបែកបំបាក់​ជាតិ​យ៉ាង​ពិត​ប្រាកដ​...»​។ លោក​បន្ត​ថា​៖ «​អ៊ីចឹង​ខ្ញុំ​សូម​សំណូមពរ​ដល់ គ.ជ.ប ធ្វើការ​ចាត់​វិធានការ​តាម​លក្ខណៈ​ណា​មួយ ឬ​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​គណបក្ស​នយោបាយ​»​។ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មិន​បាន​ប្រាប់​ឈ្មោះ​ក៏​បាន​ឡើង​ចោទសួរ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ​ដោយ​ស្នើ​ឲ្យ គ.ជ.ប មាន​វិធានការ​ដែល​លោក​សំដៅ​ដល់​លោក សម រង្ស៊ី​។ លោក​ថ្លែង​ថា​៖ «​ទោះបី​ជា​មាន​ការ​ប្រមាថ មាក់ងាយ​ពី​អ្នកនយោបាយ​មួយ​ចំនួន​ដែល​ចោទ​ថា​ជា​គណបក្ស​អំពិលអំពែក គណបក្ស​អាយ៉ង​ក្ដី​ក៏​ចំនួន​នេះ​ក៏​នៅ​តែ​មាន​ការកើនឡើង ហើយ​ចំណុច​នេះ​ខ្ញុំ​ចង់​សួរ គ.ជ.ប ថា គ.ជ.ប មាន​សមត្ថកិច្ច​ដោះស្រាយ​ទេ បើ​មាន​គណបក្ស​មួយ​ធ្វើការ​រារាំង​ជា​ការ​បំបាក់​ទឹកចិត្ត​...»​។

ឆ្លើយបត​នឹង​បញ្ហា​នេះ​លោក មាន សទិ សមាជិក គ.ជ.ប និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ​ថ្លែង​នៅ​ចំពោះ​មុខ​ភាគី​នានា​ដែល​បាន​ចូលរួម​ក្នុង​អង្គប្រជុំ​ថា គ.ជ.ប បាន​ទំនាក់ទំនង​ទៅ​ក្រសួងមហាផ្ទៃ​រួចរាល់​ហើយ ដើម្បី​មាន​វិធានការ​។ លោក​ថ្លែង​ថា​៖ «​នៅក្នុង​ករណី​ដែល​គេ​ធ្វើ​ទៅ​តាម​ហ្វេសប៊ុក​ដែល​មាន​បញ្ហា​មុន​ហ្នឹង​។ ឯកឧត្តមអគ្គ​បាន​លើក​ហើយ​ថា អាហ្នឹង​គឺជា​រឿង​ដែល​ត្រូវ​ទំនាក់ទំនង​ទៅ​មហាផ្ទៃ​ព្រោះ​មហាផ្ទៃ​ជា​អ្នកគ្រប់គ្រង​គណបក្ស​នយោបាយ​នៅក្នុង​ដំណាក់កាល​នេះ​»​។ លោក​បន្ត​ថា​៖ «​ហើយ​យើង​បាន​ជម្រាប​ជូន​ពី​បញ្ហា​ដែល​ការឃោសនា​ដែល​ការបញ្ចេញមតិ ការឃោសនា​ហ្នឹង វា​ប៉ះពាល់​ដល់​ការបោះឆ្នោត​យើង​ជម្រាប​ទៅ​មហាផ្ទៃ​ដែល​ជា​អាណាព្យាបាល​ផ្ទាល់​របស់​គណបក្ស​នយោបាយ​។ អ៊ីចឹង​យើង​បាន​ទៅ​ទំនាក់ទំនង​ធ្វើ​ការងារ​ហ្នឹង​រួច​ហើយ ឯកឧត្តម​អគ្គ​បាន​ជម្រាប​ជូន​អ៊ីចឹង​»​។ ចំណែក​លោក ឌឹម សុវណ្ណារុំ អ្នក​នាំពាក្យ គ.ជ.ប ក៏​ថ្លែង​ប្រាប់​សារព័ត៌មាន Fresh News ផង​ដែរ​ថា​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ក្នុង​ការ​បោះឆ្នោត​តាមរយៈ​ចេតនា​ជំរុញ​ឱ្យ​មាន​ការចែក​ខិត្តប័ណ្ណ​ «​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​»​។ មិនមែន​គ្រប់​គណបក្ស​គាំទ្រ​ឲ្យ​មាន​ការ​ថ្កោលទោស​ចំពោះ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។ លោក ហ៊ីង យឿន អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ជា​គណបក្ស​របស់​កូនប្រុស​ពៅ លោក គង់ គាំ អតីតមន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា ការ​អំពាវនាវ​គឺជា​សិទ្ធិ​របស់​បុគ្គល តែ​លោក​នៅ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​។ លោក​ថ្លែង​ថា​៖ «​ចំពោះ​គណបក្ស​ឆន្ទៈ​ខ្មែរ​ផ្ទាល់​តែ​ម្ដង​ខ្ញុំ​សូម​អំពាវនាវ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត ជាពិសេស​ព្រលឹង​ប្រជាពលរដ្ឋ​អ្នក​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ដើម​របស់​ខ្ញុំ​ដែរ​ហ្នឹង​ឲ្យ​មក​គាំទ្រ​គណបក្ស​ឆន្ទៈ​ខ្មែរ​ទៅ ព្រោះ​ថា​ហេតុអ្វី​បើ​យើង​មិន​ទៅ​បោះឆ្នោត​ទេ គឺថា​អាសនៈ​ទាំងអស់​នឹង​ត្រូវ​គណបក្ស​ប្រជាជន​យក​ទាំង​អស់​ហើយ ប៉ុន្តែ​បើ​យើង​ទៅ​បោះឆ្នោត យើង​នឹង​បាន​អាសនៈ ហើយ​បើ​អ្នក​ដែល​បោះឆ្នោត​ហ្នឹង​មក​ទាំងអស់​គ្នា​មាន​អ្នក​ផ្សេង​ចូល​មក​បោះឆ្នោត​ទៀត យើង​នឹង​ឈ្នះឆ្នោត​»​។ នាយឧត្តមសេនីយ៍​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា​បើ​ទោះបី​លោក​មិន​ទាន់​បានឃើញ​សំណើ​របស់ គ.ជ.ប ក្តី ប៉ុន្តែ​ក្រសួង​គាំទ្រ និង​សហការ​ជាមួយ គ.ជ.ប ក្នុង​ការ​អនុវត្ត​ច្បាប់​។ លោក​ថ្លែង​ថា​៖ «​ជា​គោលការណ៍​ក្រសួង​មហាផ្ទៃ និង​ផ្តល់​កិច្ចសហការ​យ៉ាង​ពេញលេញ​ជាមួយ គ.ជ.ប​។ មិន​ត្រឹម​តែ​សហការ​ពេញលេញ​ទេ​សហការ​យ៉ាង​ទាន់​ពេលវេលា​ទៀត​»​។ ឆ្លើយបត​នឹង​បញ្ហា​នេះ​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ដោយ​ខ្លួនឯង​នៅ​ក្រៅ​ប្រទេស​បាន​ថ្លែង​តាម​អ៊ីមែល​មក​កាន់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​សូម​រំឭក​ដល់​មន្ត្រី​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ដែល​ចង់​កាត់​ទោស​រូប​លោក​ដោយសារ​តែ​ការអំពាវនាវ​របស់​លោក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពហិការ​ការបោះឆ្នោត​ដ៏ចម្រូងចម្រាស​ដែល​ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​ថា ការបោះឆ្នោត​គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ហើយ​ការ​មិន​ចូលរួម​បោះឆ្នោត​ក៏​ជា​សិទ្ធិ​របស់​ពួកគេ​ដែរ ជាពិសេស​នៅពេល​ដែល​ពួកគេ​ដឹងថា​ពួកគេ​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូលរួម​នៅ​ក្នុង​ការបោះឆ្នោត​មួយ​ដែល​ពួកគេ​មិន​មាន​ជម្រើស​ពិតប្រាកដ​ដែល​វា​អាច​ធ្វើឲ្យ​ខូច​ឆន្ទៈ​របស់​ពួកគេ​។ លោក​ សម រង្ស៊ី បាន​គូសបញ្ជាក់​ជា​ដដែលៗ​ថា​ការបោះឆ្នោត​នៅ​ថ្ងៃទី ២៩ ខែ​កក្កដា​ខាង​មុខ​គឺ​គ្រាន់​តែ​ជា​ការ​បោះឆ្នោត​មួយ​ដែល​ «​គ្រាន់តែ​ធ្វើ​ឱ្យ​របប​ផ្តាច់ការ​មួយ​ស្រប​ច្បាប់​ប៉ុណ្ណោះ​»​។ លោក​បញ្ជាក់​ថា​៖ «​នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ​ការ​ធ្វើ​ពហិការ​បោះឆ្នោត គឺជា​ទង្វើ​នៃ​ការតស៊ូ​អសកម្ម​មួយ​ក្នុង​ការ​ប្រយុទ្ធ​តស៊ូ​ដោយ​សន្តិវិធី ដើម្បី​លទ្ធិប្រជាធិបតេយ្យ​»​។ លោក​ សម រង្ស៊ី បាន​និយាយ​សំដៅ​ដល់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​លោកស្រី​ រ៉ូណាស្មីត ដែល​លោកស្រី​បាន​និយាយ​កាលពី​ថ្ងៃទី ៣០ ខែ​មេសា​កន្លង​ទៅ​ដែល​លោក​ថា​លោកស្រី​បាន​លើក​ឡើង​យ៉ាង​ត្រឹមត្រូវ​ថា​ «​ការបោះឆ្នោត​មួយ​មិន​អាច​ក្លាយ​ជា​ការបោះឆ្នោត​ពិតប្រាកដ​បាន​ទេ​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​ចូលរួម​»​។ អតីត​មេបក្ស​ប្រឆាំង​រូប​នេះ​បាន​គូសបញ្ជាក់​ថា​៖ «​គ្មាន​នរណា​ម្នាក់ គួរ​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចូលរួម​បោះឆ្នោត​ក្លែងក្លាយ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​អ្នក​ទាំងនោះ​គប្បី​ធ្វើ​ពហិការ​។ យើង​គោរព​សេរីភាព​បញ្ចេញមតិ​គូប្រជែង​របស់​យើង​។ ដូច្នេះ​ពួកគេ​ក៏​ត្រូវ​គោរព​សេរីភាព​បញ្ចេញ​មតិ​របស់​យើង​ដែរ​»៕ NS