The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គជប ស្នើ​ឲ្យ​ផ្តល់​យោបល់​រឿង​បោះឆ្នោត

គជប ស្នើ​ឲ្យ​ផ្តល់​យោបល់​រឿង​បោះឆ្នោត

Content image - Phnom Penh Post
ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​កាកាប​ខណ្ឌ​ពោធិ៍សែនជ័យ​កាលពី​សប្តាហ៍​មុន​​។ ហេង ជីវ័ន

គជប ស្នើ​ឲ្យ​ផ្តល់​យោបល់​រឿង​បោះឆ្នោត

ភ្នំពេញៈ ក្រោយ​បិទ​បញ្ចប់​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គជប បាន​ស្នើ​ទៅ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​គណបក្ស​នយោបាយ និង​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ជួយ​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​បទបញ្ជា និង​នីតិវិធី​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់​ដើម្បី​​ធ្វើ​ឱ្យ​បទបញ្ជា​មាន​លក្ខណៈ​ប្រសើរ និង​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ខណៈ គជប នឹង​បិទ​ផ្សាយ​ឈ្មោះ​​អ្នក​បោះឆ្នោត​នៅ​ខែ​មករា​ឆ្នាំ ២០១៧។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គជប ចុះ​ថ្ងៃ​ទី ៣ ខែ​ធ្នូ​បាន​ឱ្យ​ដឹង​ថា​ខ្លួន​បាន​បញ្ជូន​លិខិត​ស្នើសុំ​ទៅ​ភាគី​ពាក់ព័ន្ធ​ពិនិត្យ និង​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​បទ​បញ្ជា និង​នីវិធី​សម្រាប់​បោះឆ្នោត ឃុំ សង្កាត់ សម្រាប់​អាណត្តិ​ទី ៤ ឆ្នាំ ២០១៧ ដែល​មាន ១៥ ជំពូក។

ភាគី​ពាក់ព័ន្ធ​ដែល​បាន​បញ្ជូន​ទៅ​រួមមាន​ក្រុម​បឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ក្រសួង​មហាផ្ទៃ ក្រសួង​ការពារ​ជាតិ ក្រសួង​ព័ត៌មាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្រៃ្តយ៍​គណបក្ស​នយោបាយ​ចំនួន ៩ គណបក្ស អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៩ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប និង​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា។

ក្នុង​សេចក្តី​ប្រកាស​បញ្ជាក់​ថា​ការ​ស្នើសុំ​យោបល់​នេះ​ដើម្បី​ឱ្យ​បទបញ្ជា និង​នីតិវិធី​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ និង​ត្រឹមត្រូវ​តាម​ច្បាប់​ខណៈ​ភាគី​ទាំងអស់​មាន​រយៈពេល​ ២០ ថ្ងៃ​សម្រាប់​ពិនិត្យ និង​ផ្តល់​យោបល់​ជូន គជប វិញ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី ២២ ខែ​ធ្នូ។

អ្នក​នាំពាក្យ គជប លោក ហង្ស ពុទ្ធា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​ថា គជប នឹង​យក​អនុសាសន៍​ទាំង​ឡាយ​ដែល​ស្រប​​ច្បាប់ និង​មាន​ប្រយោជន៍​ដល់​ការ​បោះឆ្នោត​មក​​ធ្វើការ​កែសម្រួល។

លោក​ថា៖ «ប៉ុន្តែ​អនុសាសន៍​មួយ​ចំនួន​ដែល​មិន​ស្រប​តាម​ច្បាប់ គជប មិន​អាច​ធ្វើ​បាន​ទេ​ឧទាហរណ៍​ការ​រៀបចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​គឺ គជប អត់​អាច​ធ្វើ​ទៅ​បាន​ទេ»។ បើ​តាម​លោក ហង្ស ពុទ្ធា នៅ​ខែ​មីនា គជប នឹង​ប្រកាស​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ដែល​ចង់​ចូលរួម​ប្រកួត​ប្រជែង​ផង​ដែរ។

លោក​ឱ្យ​ដឹង​ដែរ​ថា គជប នឹង​បិទ​ផ្សាយ​ឈ្មោះ​​អ្នក​បោះឆ្នោត​នៅ​ថ្ងៃ​ទី​ ៣ ខែ មករា និង​ទុក​រយៈពេល ១០ ថ្ងៃ​ដើម្បី​ឱ្យ​ពលរដ្ឋ​តវ៉ា​រឿង​ឈ្មោះ​ស្ទួន​ ឬ​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ។

លោក​ថា៖ «ធម្មតា​ក្រុម​ប្រឹក្សា​ឃុំ​ផ្ញើ​ឈ្មោះ​ទាំងអស់​​មក​​ដល់​ភ្នំពេញ​ហើយ​ភ្នំពេញ​ត្រូវ​ចងក្រង​ផលិត​បញ្ជី​បន្ទាប់​មក​ផ្ញើ​ទៅ​ឃុំ​វិញ​ដើម្បី​បិទ​ផ្សាយ​ឈ្មោះ​នៅ​តាម​មណ្ឌល​របស់​ខ្លួន​រយៈពេល ១០ ថ្ងៃ​ពលរដ្ឋ​អាច​តវ៉ា​បាន។ ឧទាហរណ៍​អ្នក​ចុះ​ឈ្មោះ​រួច​តែ​មិន​មាន​ឈ្មោះ​ ឬ​តវ៉ា​ថា​អ្នក​នោះ​ យួន ខ្ញុំ​សុំ​ប្តឹង​បដិសេធ​ព្រោះ​គាត់​មិនមែន​ខ្មែរ​ទេ​សូម គជប លុប​ឈ្មោះ​គាត់​ចេញ​អ៊ីចឹង គជប នឹង​ពិនិត្យ​បន្ថែម​ទៀត»។

នាយក​ប្រតិបត្តិ​​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ហៅ​កាត់​ថា​ខុមហ្វ្រែល​លោក គល់ បញ្ញា ដែល​បាន​ទទួល​លិខិត​នោះ​សម្តែង​ការ​ស្វាគមន៍​ហើយ​នឹង​យក​បញ្ហា​មួយ​ចំនួន​ទៅ​ជជែក​គ្នា។

លោក​ថា៖ «យើង​នឹង​យក​បញ្ហា​ពេល​បោះឆ្នោត និង​ពេល​រាប់​សន្លឹក​ឆ្នោត​មក​ជជែក​ធ្វើ​ម៉េច​ឱ្យ​កំណត់​ហេតុ​លទ្ធផល​បោះឆ្នោត​ដែល​បញ្ជូន​​មក​ដល់​ទីស្នាក់ការ​កណ្តាល​បោះឆ្នោត​មាន​ភាព​បើក​ចំហ​ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ដឹង និង​មាន​តម្លាភាព»។

លោក​ក៏​នឹង​លើក​បញ្ហា​ពី​ការ​ដោះស្រាយ​វិវាទ​ឱ្យ​មាន​តម្លាភាព​បញ្ហា​ទីធ្លា​សាធារណៈ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ឱ្យ​ស្មើៗ​គ្នា​បញ្ហា​បញ្ជី​បោះឆ្នោត​​នៅ​ឆ្នាំ ២០១៧ ដោយ​រក​មូលហេតុ​អ្នក​ដែល​មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត និង​រក​មធ្យោបាយ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​អ្នក​ទាំង​នោះ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ ២០១៨ និង​យក​បញ្ហា​ពី​រឿង​ដាក់​កងកម្លាំង​ការពារ​សន្តិសុខ​នៅ​ពេល​បោះឆ្នោត​ធ្វើ​ម៉េច​ឱ្យ​មាន​តម្លាភាព។

លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះឆោ្នត​ដើម្បី​រៀបចំ​បញ្ជី​បោះឆោ្នត​ថី្ម​សម្រាប់​​ឆាំ្ន ២០១៦ គិត​ត្រឹម​ថៃ្ង​ទី ១ កញ្ញា​ដល់​ថៃ្ង​ទី ៣០ ខែ​វិចិ្ឆកា​គឺ​មាន​ប្រជាពលរដ្ឋ​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆោ្នត​ចំនួន​ ៧ លាន​ ៨ សែន​នាក់​គឺ​សើ្ម​នឹង ៨១,៤៧ ភាយរយ​ខណៈ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​មាន​ជាង​ ៩ ​លាន​​ ៦ ​សែន​នាក់៕

អត្ថបទគួរចាប់អារម្មណ៍