ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប) ​បាន​សម្រេច​អនុញ្ញាត​ឱ្យ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​​នៅ​កម្ពុជា​ហៅ​កាត់​ថា ខុមហ្វ្រែល​ (COMFREL) ​បន្ត​​ធ្វើ​សវនកម្ម​លើ​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២០ ដើម្បី​ចូលរួម​ធ្វើឱ្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​រឹតតែ​មាន​គុណភាព រីឯ​ដំណើរការ​សវនកម្ម​នេះ​នឹងត្រូវ​ចាប់ផ្ដើម​នៅ​ពាក់កណ្ដាល​ខែធ្នូ​ឆ្នាំនេះ រហូត​ដល់​ខែមករា​ឆ្នាំក្រោយ​។

លោក សោម សូរិដា អគ្គលេខាធិការរង​ គ.ជ.ប ប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍ ​ពី​ម្សិលមិញ​ថា គ.ជ.ប អនុញ្ញាត​ឱ្យ​អង្គការ​ខុមហ្វ្រែល​ធ្វើ​សវនកម្ម​លើ​បញ្ជី​បោះឆ្នោត ឆ្នាំនេះ​គឺជា​កិច្ចសហការ និង​ជា​ដៃគូ​ក្នុង​ការរៀបចំ​បញ្ជី​បោះឆ្នោត​ឱ្យមាន​សុក្រឹតភាព និង​ត្រឹមត្រូវ ព្រោះ​រាល់​ការងារ​អ្វីៗ​ដែល​ គ.ជ.ប បាន​ខិតខំ​ធ្វើ​មិន​ប្រាកដ​ថា​ល្អឥតខ្ចោះ​នោះទេ​។

លោក​ សោម សូរិដា បាន​ថ្លែងថា អង្គការ​ខុមហ្វ្រែល ជា​អង្គការ​មួយ​ដែលមាន​វិជ្ជាជីវៈ ហើយ​បាន​រកឃើញ​នូវ​ភាពមិន​ប្រក្រតី​មួយ​ចំនួន​កាលពី​កន្លង​មក​នេះ ដូចជា ករណី​​ឈ្មោះ​ ស្ទួន និង​ការប្រើប្រាស់​​ឯកសារ​បញ្ជាក់ និង​អត្តសញ្ញាណ​​សញ្ជាតិ​ខ្មែរ សម្រាប់​ចុះឈ្មោះ​បោះឆ្នោត​ជាដើម​។

លោក​ថា​៖ «​អង្គការ​នេះ​បាន​ជួយ គ.ជ.ប ច្រើន​ក្នុង​ការរកឃើញ ហើយ គ.ជ.ប បាន​កែសម្រួល​ដោយ​ផ្អែកលើ​របាយការណ៍​របស់​អង្គការ​នេះ​។ ​ទោះ​ជា​យ៉ាងណាអង្គការ​ COMFREL នៅតែ​ទទួលស្គាល់​ថា បញ្ជី​បោះឆ្នោត​របស់​ គ.ជ.ប គឺ​មាន​គុណភាព​ល្អ​ជាង​ ៩០% បន្ទាប់ពី​បានធ្វើ​សវនកម្ម​»​។

លោក កង សាវ៉ាង្ស មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​​បាន​ថ្លែង​ពី​ម្សិលមិញ​ថា អង្គការ​របស់​លោក​តែង​ធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត​របស់ គ.ជ.ប ជា​រៀងរាល់​ឆ្នាំ ដើម្បី​ឱ្យ​កាន់តែ​មាន​ភាពពេញលេញ គុណភាព​ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព ប៉ុន្តែ​លោក​ថា ឃុំ​សង្កាត់​មួយចំនួន​ហាក់​មិនទាន់​យល់​ពី​កិច្ចការ​នេះ ទើប​លោក​ស្នើ​ទៅ​ គ.ជ.ប ជួយ​សម្រួល​។

លោក​បន្តថា​៖ «​អ្វីដែល​យើង​ធ្វើជា​មួយ​ គជប នេះ​ពាក់ព័ន្ធ​នឹង​គុណភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​សំដៅ​ដល់​ឈ្មោះ​នៅក្នុង​បញ្ជី​នេះ មាន​វត្តមាន​ពិតប្រាកដ​ ឬ​ស្ទួន​ដែរ​ទេ ឬក៏​មាន​ឈ្មោះ​ខ្មោច​នៅក្នុង​បញ្ជី​...​នៅក្នុង​ឆ្នាំនេះ​ខុមហ្វ្រែល​ធ្វើ​បានតែ​ ១០ ​ខេត្ត អាស្រ័យ​លើ​ធនធាន​ដែលមាន ប៉ុន្តែ​បើ​សិក្សា​អំពី​ឈ្មោះ​ស្ទួន ឬ​ភាពមិន​ប្រក្រតី​នៃ​ឯកសារ យើង​នឹង​សិក្សា​លើ​បញ្ជី​ឈ្មោះ​ចុងក្រោយ ឬ​បញ្ជី​ឈ្មោះ​ដំបូង​របស់ គ.ជ.ប ទាំងអស់​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត​របស់​​ខុមហ្វ្រែល​នេះ​ជា​ចំណុច​ល្អ​មួយ​ធ្វើឱ្យ​មាន​ភាពត្រឹមត្រូវ ​ខណៈ គ.ជ.ប របស់​កម្ពុជា​ចង់​មាន​តម្លាភាព​។

លោក​ថា​៖ «​បើ​គាត់​បាន​ទៅ​មើល ហើយ​បញ្ជាក់​ច្បាស់​ហើយ គួរតែមាន​ការចេញ​សេចក្តី​ថ្លែងការណ៍​ ឬ​ផ្តល់ព័ត៌មាន​ដល់​អ្នកសារព័ត៌មាន​ឱ្យគេ​ជួយ​ផ្សាយ​ផង ទើប​មាន​តម្លាភាព​...»​។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប ដែល​បាន​ផ្សព្វផ្សាយ​ពីថ្ងៃ​ទី​ ១១ ធ្នូ ថា អង្គការ​ខុមហ្វ្រែល​ពី​ថ្ងៃទី​ ៦ វិច្ឆិកា ឆ្នាំនេះ​បានស្នើ​ដល់​ គ.ជ.ប ​សុំ​បញ្ជីឈ្មោះ​បោះឆ្នោត​ដំបូង​ឆ្នាំ​នេះ​​ និង​សុំ​កិច្ចសម្របសម្រួល​ជាមួយ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត ឆ្នាំ​ ២០២០​។ ចំពោះ​ការធ្វើ​សវនកម្ម​នេះ​អង្គការ​ខុមហ្វ្រែល​នឹង​ចាប់ផ្ដើម​ដំណើរការ​ក្នុង​ចន្លោះ​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​នេះ​ដល់​​ខែ​មករា ឆ្នាំ​ ២០២១​។

បើ​តាម​សេចក្តីប្រកាស​នេះ​​ឆ្នាំ​មុន​ COMFREL ​ក៏​បាន​ធ្វើ​សវនកម្ម​លើ​បញ្ជី​បោះឆ្នោត​ដែរ ដោយ​បាន​វាយតម្លៃថា បញ្ជី​បោះឆ្នោត គ.ជ.ប មាន​ភាពល្អ​ប្រសើរ​រហូតដល់​ ៩៩,៧% ហើយ​បាន​រកឃើញ​ឈ្មោះ​ ស្ទួន​ ​តែ​ ៤៤ ​នាក់​ប៉ុណ្ណោះ ហើយ គ.ជ.ប ក៏​បាន​ដោះស្រាយ​ករណី​​នេះ​រួចរាល់​ហើយ​ដែរ​។

កាលពី​ថ្ងៃទី​ ១០ ខែ​ធ្នូ គ.ជ.ប ​បាន​បញ្ចប់​ការដោះស្រាយ​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​បញ្ជី​បោះឆ្នោត ឆ្នាំ​ ២០២០ ដែល​ទទួល​បាន​ពី​តំណាង​គណបក្ស​នយោបាយ​ឃុំ​សង្កាត់ និង​ពលរដ្ឋ​។

ប៉ុន្តែ​មាន​ដំណោះស្រាយ​ខ្លះ​​ខាង​គណបក្ស​នយោបាយ​មិន​ពេញចិត្ត​ទេ ហើយ​បាន​បន្ត​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ស្របពេល​​ គ.ជ.ប គ្រោង​បិទ​ផ្សាយ​បញ្ជីឈ្មោះ​ផ្លូវការ​សម្រាប់​ឆ្នាំ​ ២០២០ ​នៅ​ថ្ងៃ​ ៣១ ធ្នូ ខាង​មុខ​៕