
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្នុងអង្គសិក្ខាសាលាពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីម្សិលមិញបានបង្ហាញពីវឌ្ឍនភាព និងការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ការបន្ដសកម្មភាពរបស់ខ្លួនក្នុងឆ្នាំ ២០១៩ ខាងមុខ។
លោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងក្នុងពេលបើកសិក្ខាសាលាជាតិស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ ២០១៩ របស់ គ.ជ.អ.ប ដោយបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចនូវសមិទ្ធផលក្នុងអាណត្ដិទី ៥ នៃរាជរដ្ឋាភិបាលពិសេសក្នុងឆ្នាំ ២០១៨ នេះពាក់ព័ន្ធនឹងការអនុវត្ដគោលនយោបាយកំណែទម្រង់សំខាន់ៗដូចជា ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ,ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។
លោកបានបញ្ជាក់ថា៖ «ជាការពិតកិច្ចការកែទម្រង់ទាំង ៣ នេះនឹងបន្ដតួនាទីជាសសរស្ដម្ភគន្លឹះសម្រាប់ធានាជោគជ័យនៃការអនុវត្ដកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៦ នេះ»។
លោកបានថ្លែងថាការអនុវត្ដគោលនយោបាយវិមជ្ឈការទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបាននិងកំពុងពិនិត្យឡើងវិញ និងអនុវត្ដសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង។
លោកបានបន្ដថា៖ «គោលនយោបាយនេះយើងបានកំណត់យ៉ាងច្បាស់លាស់អំពីការបង្កើតយន្តការមួយចំនួនរួមមានមូលនិធិក្រុង/ស្រុក មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរធនធានមានភ្ជាប់លក្ខខណ្ឌនិងការរៀបចំឲ្យមានប្រភពចំណូលផ្ទាល់...» ។
បើតាមលោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ចាប់តាំងពីឆ្នាំ ២០១៧ មកក្រសួងសេដ្ឋកិច្ចបានដាក់ឲ្យអនុវត្ដនូវយន្ដការវិនិយោគសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិចំពោះរដ្ឋបាលស្រុកមួយចំនួនដែលមានលក្ខណសម្បត្ដិសមស្របហើយនៅឆ្នាំក្រោយនឹងដាក់ឲ្យអនុវត្ដយន្ដការនេះសម្រាប់រដ្ឋបាលក្រុង និងខណ្ឌមួយចំនួនបន្ថែម។
ចំពោះប្រភពហិរញ្ញប្បទានលោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថាសម្រាប់គម្រោងវិនិយោគរបស់រដ្ឋបាលស្រុក/ក្រុង/ខណ្ឌនៅឆ្នាំ ២០១៩ នឹងមានប្រភពថវិកាជាតិ និងកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
យ៉ាងណាក្ដីលោកឧបនាយករដ្ឋមន្ដ្រីក៏បានលើកពីបញ្ហាប្រឈមដែលត្រូវដោះស្រាយមួយចំនួនផងដែរដោយបានកំណត់នូវកិច្ចការអាទិភាពមួយចំនួនសម្រាប់ឆ្នាំ ២០១៩។
លោកបញ្ជាក់ថា៖ «យើងនឹងខិតខំប្រឹងប្រែង និងពិនិត្យលើធនធានពីប្រភពផ្សេងៗទៀត ដើម្បីបង្កើនទំហំធនធានថវិកា ឃុំ/សង្កាត់...ចាប់ពីឆ្នាំ ២០២០ តទៅ»។
លោក សឿង សារឿន នាយកប្រតិបត្ដិអង្គការគណៈកម្មាធិការសហប្រតិបត្ដិការដើម្បីកម្ពុជា (CCC) បានថ្លែងក្នុងសិក្ខាសាលាដោយទទួលស្គាល់នូវភាពជាអ្នកដឹកនាំរបស់ គ.ជ.អ.ប ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់ពាក់ព័ន្ធសំខាន់ៗ ហើយបានស្នើឲ្យជំរុញក្រសួងពាក់ព័ន្ធជាង ១០ ឲ្យពន្លឿនការផ្ទេរមុខងារ និងសេវាសំខាន់ៗ ដល់ថ្នាក់ក្រោមជាតិ។
លោកថ្លែងថា៖ «យើងខ្ញុំសូមឲ្យ គ.ជ.អ.ប ជំរុញការផ្ទេរមុខងារ និងសេវាសំខាន់ៗពិសេសសេវារដ្ឋបាលជាង ៦០០ ប្រភេទដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងដំណាច់ឆ្នាំ ២០២០»។
លោក អ៊ុក ស្រ៊ន មេឃុំសំពៅពូន ស្រុកកោះធំ ខេត្ដកណ្ដាលបានប្រាប់កាលពីម្សិលមិញថា តាមគោលនយោបាយ និងគម្រោងវិភាជថវិកាឃុំរបស់លោកមានការកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្ដែមានកើនឡើងតិច និងច្រើន។
លោកបន្ដថា៖ «...ល្អត្រង់ថា វាមិនបានតាមសំណូមពររបស់ថ្នាក់មូលដ្ឋានចង់បានមែន ប៉ុន្ដែយើងទទួលបានតាមគម្រោងមួយចំនួនដែលយើងបានស្នើដើម្បីអភិវឌ្ឍមូលដ្ឋាន»។
លោក ព្រំ ង៉ុន មេឃុំថ្មដា ស្រុកវាលវែង ខេត្ដពោធិ៍សាត់ក៏បានឲ្យដឹងដែរថា ឃុំរបស់លោកនៅមានពលរដ្ឋតិចដូច្នេះគម្រោងធំៗដែលស្នើវិភាជថវិកាមិនទាន់ទទួលបានទេ ប៉ុន្ដែថវិកាសម្រាប់អភិវឌ្ឍឃុំបានកើនឡើង។
លោកបានបញ្ជាក់ថា៖ «គម្រោងនៃការវិភាជថវិកានេះ យើងបានឃើញពីថ្នាក់ខេត្ដបង្ហាញមក ប៉ុន្ដែយើងមិនទាន់ទទួលបានគម្រោងមកអភិវឌ្ឍក្នុងភូមិនៅឡើយទេ ព្រោះពលរដ្ឋមានចំនួនតិច ហើយណាមួយភូមិយើងនៅឆ្ងាយពីខេត្ដផង»៕