
ផលិតផលគ្មានច្បាប់អនុញ្ញាតដែលក្រសួងសុខាភិបាលហាមផ្សព្វផ្សាយលក់តាមហ្វេសប៊ុក។ រូបថត សហការី
ភ្នំពេញៈ គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន ៤ ត្រូវបានក្រសួងសុខាភិបាលហាមធ្វើការផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួនបន្តទៀត ដោយសារផលិតផលទាំងនោះមិនមានលេខបញ្ជិកា និងច្បាប់អនុញ្ញាតឱ្យមានការផ្សព្វផ្សាយពីក្រសួង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១។
ក្រសួងសុខាភិបាលបានប្រកាសឈ្មោះគណនីបណ្តាញសង្គមហ្វេសប៊ុកទាំង ៤ នេះមាន Our Health And Beauty ដែលផ្សាយលក់ផលិតផលឱសថ Huatuozhichuanggao,គណនីឈ្មោះ GET ONE ដែលផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព SirulinaChherein (GET CE), គណនីឈ្មោះ Thy Na Boty Sun Card និង Thy Na Organic Skin Care ដែលផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង។
សេចក្តីប្រកាសបញ្ជាក់ថា៖ «ផលិតផលដែលគណនីហ្វេសប៊ុកទាំងនេះបានកំពុងធ្វើការផ្សព្វផ្សាយ គឺមិនមានលេខប្រវេទន៍ និងលេខបញ្ជិកាពីក្រសួងសុខាភិបាលឡើយ»។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទក្នុងប្រទេសកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលឱ្យដឹងថា៖ «ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថ និងផលិតផលបំប៉នសុខភាព ដែលគ្មានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល ព្រោះផលិតផលទាំងនេះ គ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ»។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកទាំងនេះ ដែលផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួនទៅតាមច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
លោក សួន សុវណ្ណារិទ្ធ ជាអ្នកលក់អនឡាញនៃគណនីហ្វេសប៊ុកឈ្មោះ Our Health And Beauty ដែលមានការផ្សព្វផ្សាយលក់ផលិតផលប្រភេទគ្រីមព្យាបាលឫសដូងបាតបានប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា លោកនឹងផ្អាកលក់ផលិតផលរបស់លោកមួយរយៈសិនដោយលោកនឹងធ្វើការជាមួយនឹងក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើឱ្យស្របទៅតាមច្បាប់ក្នុងការលក់ផលិតផល។
លោកប្រាប់ថា៖ «តាមពិតផលិតផលដែលខ្ញុំកំពុងលក់នេះគឺខ្ញុំចង់យកមកលក់ផ្តាច់មុខសម្រាប់តែក្រុមហ៊ុនខ្ញុំ ប៉ុន្តែខ្ញុំមិនអាចធ្វើបាន ដោយសារមានអ្នកលក់ផលិតផលនេះច្រើន មិនមែនតែខ្ញុំម្នាក់ឯង។ ខណៈនេះខ្ញុំមិនទាន់ដឹងថាតើត្រូវធ្វើយ៉ាងណាទៀតទេ តែខ្ញុំនឹងផ្អាកលក់ផលិតផលនេះមួយរយៈសិន»។
លោក សួន សុវណ្ណារិទ្ធ បានលក់ផលិតផល Huatuozhichuanggao ដែលនេះមិនទាន់បាន ១ ឆ្នាំទេ ហើយផលិតផលនេះជាផលិតផលដែលលោកនាំចូលពីប្រទេសចិន។ លោកបញ្ជាក់ថា៖ «វាពិតជាពិបាកសម្រាប់ខ្ញុំនៅពេលនេះ។ បើខ្ញុំមិនលក់ទៀតខ្ញុំនឹងគ្មានចំណូលដែលចំណូលនេះមិនបានច្រើនទេ គឺខ្ញុំលក់បានតែ ១០ ទៅ ២០ ដុល្លារប៉ុណ្ណោះ ក្នុង ១ ថ្ងៃសម្រាប់ជួយដល់ជីវភាពប្រចាំថ្ងៃ ខណៈដែលយើងកំពុងមានវិបត្តិពីការរីករាលដាលនៃជំងឺកូវីដ១៩ ហើយបើខ្ញុំលក់ ក្រសួងនឹងចាត់វិធានការតាមច្បាប់»។
អ្នកលក់អនឡាញរូបនេះថា អតិថិជនរបស់លោកដែលបានទិញផលិតផលយកទៅប្រើប្រាស់កន្លងមក មិនដែលមានបញ្ហាសុខភាព ឬមកតវ៉ាជាមួយនឹងលោកពាក់ព័ន្ធផលិតផលនេះទេ៕