ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការពិន័យ​អន្ដរការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ស្ដីពី​គណនេយ្យ និង​សវនកម្ម ខណៈ​ច្បាប់​នេះ​នឹង​ដាក់​ពិន័យ គណនេយ្យករ និង​សវនករ​ ឬ​សហគ្រាស អង្គភាព​មិន​ស្វែងរក​ប្រាក់ចំណេញ​រហូត​ដល់​ជាង​ ៣០ ​លាន​រៀល​ ឬ​ច្រើន​ជាង​នេះ​ទៅ​តាម​កំហុស​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​។

តាម​អនុក្រឹត្យ​នេះ ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​ដោយ​មាន​បំណង​លើកកម្ពស់​ការទទួល​ខុសត្រូវ​របស់​សហគ្រាស អង្គភាព​មិន​ស្វែងរក​ប្រាក់ចំណេញ គណនេយ្យករ និង​សវនករ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ស្ដីពី​គណនេយ្យ និង​សវនកម្ម​។

អនុក្រឹត្យ​ដែលមាន​ ៨ ​ទំព័រ​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងករណី​សហគ្រាស អង្គភាព​មិន​ស្វែងរក​ប្រាក់​ចំណេញ គណនេយ្យករ និង​សវនករ ប្រព្រឹត្ត​កំហុស​ដែល​ភាគច្រើន​ជា​នីតិវិធី​រដ្ឋបាល ដូចជា ការប្រើ​កាលបរិច្ឆេទ អក្សរ លេខ​ ឬ​ការគេចវេះ និង​ភាពយឺតយ៉ាវ​ក្នុង​ការដាក់​ឯកសារ​នឹងរង​ការពិន័យ​ចន្លោះ​ពី​ ៨ ​សែន​រៀល​រហូត​ដល់ ៣០ ​លាន​រៀល ឬ​ច្រើនជាង​នេះ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រសិនបើ​នៅតែ​ប្រព្រឹត្ត​កំហុស​ដដែល​​នោះ​នឹងត្រូវ​ទទួលរង​ការពិន័យ​អន្តរការណ៍​គុណ​នឹង​ ២ ​ឬ​ឈានដល់​ការព្យួរ ​ឬ​ដកហូត​អាជ្ញាប័ណ្ណ​​ប្រកប​វិជ្ជាជីវៈ​គណនេយ្យ និង​សវនកម្ម រួមទាំង​វិធានការ​តាមផ្លូវ​តុលាការ​ផងដែរ​។

អនុក្រឹត្យ​ដដែល​បញ្ជាក់ថា​៖ «​ការពិន័យ​អន្តរការណ៍​នេះ​ជា​សមត្ថកិច្ច​របស់​ក្រុម​ប្រឹក្សាជាតិ​គណនេយ្យ​ ឬ ក.ជ.គ​។ ប្រធាន ក.ជ.គ ជា​អ្នកមាន​សិទ្ធិ​សម្រេច​ក្នុង​នាម​ ក.ជ.គ​។ អគ្គលេខាធិការដ្ឋាន​នៃ​ ក.ជ.គ លើក​សំណើ​​ និង​រៀបចំ​សេចក្តីសម្រេច​ដាក់ពិន័យ​អន្តរការណ៍​ជូន​ប្រធាន ក.ជ.គ ដើម្បី​ពិនិត្យ និង​សម្រេច​។ ទឹកប្រាក់​ពិន័យ​អន្តរការណ៍​នឹង​ជា​កម្មវត្ថុ​នៃ​ចំណូល​ថវិកាជាតិ​របស់ ក.ជ.គ»​។

យ៉ាងណាក្ដី អនុក្រឹត្យ​នេះ​បាន​បើកផ្លូវ​ឲ្យ​មាន​ការប្តឹង​តវ៉ា​ទៅ​ ក.ជ.គ ក្នុង​រយៈពេល​ ១៥ ​ថ្ងៃ​​ និង​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​តុលាការ​ក្នុង​រយៈពេល​ ៣០ ​ថ្ងៃ​ស្រប​តាម​នីតិវិធី​ជា​បន្តបន្ទាប់​ក្នុង​ករណី​គណនេយ្យករ​ ឬ​សវនករ មិន​សុខ​ចិត្ត​នឹង​សេចក្តី​សម្រេច​ណាមួយ​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការបង្កើត​អនុក្រឹត្យ​ស្ដីពី​ពិន័យ​អន្តរការណ៍​នេះ​ក៏​ព្រោះតែ​ការវិវឌ្ឍ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច​ធ្វើឲ្យ​វិស័យ​គណនេយ្យ និង​សវនកម្ម មាន​ការប្រែប្រួល​ដូចគ្នា​ទាំង​ក្នុង​បរិបទ​អន្តរជាតិ និង​​តំបន់​។ ដូច្នេះ​ការវិវឌ្ឍ​នេះ​តម្រូវ​ឲ្យ​ប្រទេស​នីមួយៗ​ធ្វើ​បច្ចុប្បន្នភាព​បទប្បញ្ញត្តិ​គ្រប់គ្រង​វិស័យ​គណនេយ្យ​ឡើងវិញ​។

លោក​ថា​៖ «​សម្រាប់​កម្ពុជា​ជា​​លទ្ធផល​ច្បាប់ និង​លិខិត​បទដ្ឋាន​សម្រាប់​គ្រប់គ្រង​វិស័យនេះ​ត្រូវ​បាន​រៀបចំ​ឡើង​វិញ​ទាំងស្រុង​ក្នុង​នោះ​មាន​លិខិតបទដ្ឋាន​​គតិយុត្ត​ជា​សារវន្ត ច្បាប់​ស្ដីពី​គណនេយ្យ និង​សវនកម្ម និង​អនុក្រឹត្យ​ស្តីពី​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​ទៅ​នឹង​ច្បាប់​ស្តីពី​គណនេយ្យ​ និង​សវនកម្ម​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​។​ល​»​។

អ្នកស្រី ហ៊ាង ភិរម្យ ជា​បុគ្គលិក​ផ្នែក​គណនេយ្យ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​រាជធានី-ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា នេះ​ជា​ច្បាប់​ដែល​បាន​កំណត់ដោយ​រដ្ឋាភិបាល បើទោះ​ជា​ការពិន័យ​មាន​កម្រិត​​ខ្ពស់ ប៉ុន្តែ​គ្រប់​ស្ថាប័ន​ក្រោមបង្គាប់​ទាំងអស់​ត្រូវតែ​គោរព​។

អ្នកស្រី​រំពឹង​ថា នៅពេល​ច្បាប់​នេះ​ប្រកាស​ឲ្យ​ប្រើប្រាស់​នឹង​មាន​ការអនុវត្ត​ឲ្យ​បាន​ទូលំទូលាយ​ និង​ស្មើភាព​គ្នា​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ដូច​បាន​ដឹង​ហើយ​រាជរដ្ឋាភិបាល​ជា​អ្នកចេញ​ច្បាប់ ហើយ​វា​ក៏​​មាន​ការពិន័យ​កម្រិត​ខ្ពស់​ដែរ​។ អនុក្រឹត្យ​នេះ​ល្អ​បើ​អនុវត្ត​បាន​ទូទាំង​ប្រទេស​។ ​គ្រាន់តែ​ថា​ពេល​​ខ្លះ​ប្រជាជន​យើង​មិនសូវ​មាន​អ្នកជំនាញ​ (​ផ្នែក​គណនេយ្យ​ ឬ​សវនកម្ម​) ​ទេ​ពិបាក​រក​អ្នកចេះ​ផ្នែក​ហ្នឹង​ណាស់​។ ​ណាមួយ​បើ​មាន​ (​អ្នកចេះ​ផ្នែក​គណនេយ្យ​ ឬ​សវនករ​) ​ក្រុមហ៊ុន​មិនសូវ​ហ៊ាន​ជ្រើសរើស​ទេ ព្រោះ​ចំណាយ​ច្រើន​»៕

វីដេអូ៖