ភ្នំពេញៈ ​​លោក​ សុខ សុវណ្ណ​វឌ្ឍនា​ សារ​ពង្ស ​ប្រ​ធាន​គណ​បក្ស​ខ្មែរ​ក្រោក​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ នៅ​ក្នុង​ខែ​មិថុ​នា​លោក​បាន​ស្រាវ​ជ្រាវ​ទៅ​លើ​បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ចំ​នួន ​១៤​ ករណី​ ​ក្នុង​ខែ​មិថុនា​ ​ក្នុង​ចំ​ណោម​ជម្លោះ​ដី​ធ្លី​ប្រ​មាណ​ ២០០ ​ករណី​ដែល​មាន​នៅ​ក្នុង​ដៃ។​

លោក​ សារពង្ស ​ជា​សមា​ជិក​ម្នាក់ ​នៃ​​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ ដែល​ជា​ស្ថាប័ន​មួយ​ដែល​មាន​សមាស​ភាព​ចូល​រួម​ពី​គណ​បក្ស​ក្រៅរ​ដ្ឋា​ភិបាល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រាជ​រដ្ឋា​ភិបាល​សម្រាប់​ស្រាវជ្រាវ​ និង​ពិគ្រោះ​យោបល់​ ​ទៅ​លើ​ភាព​មិន​ប្រក្រតី​ ចន្លោះ​ប្រ​ហោង​នៅ​ក្នុង​សង្គម។​

​លោក​ សារ​ពង្ស​ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​​ម្សិល​មិញ​ថា​ ក្រោយ​ចុះ​សិក្សា​ស្រាវ​ជ្រាវ​ប្រមូល​តម្រុយ​តាម​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ លើ​ករណី​វិវាទ​ដីធ្លី​ទាំង​នោះ​ និង​​កំពុង​រៀប​ចំ​កិច្ច​ប្រជុំ​ ដើ​ម្បី​សរុប​របាយ​ការណ៍​ដាក់​ទៅ​រាជរដ្ឋាភិបាល​ពិនិត្យ​ និង​សម្រេច។​

លោ​ក​ ​សារ​ពង្ស​ បាន​ថ្លែង​ថា​៖ ​«​ករណី​វិវាទ​ដីធ្លី​នេះ​យើង​នឹង​ធ្វើ​របាយការណ៍​ដាក់​ទៅ​លោក​នាយក​រដ្ឋ​មន្រ្ដី​ជា​បន្ត​បន្ទាប់​ទៀត​ ហើយ​យើង​នឹង​តាម​ដាន​ប​ន្ត​ទៀត​ថានឹង​មាន​ដំណោះស្រាយ​បែប​ណា ​រួម​នឹង​សញ្ញា​វិជ្ជមាន​បែប​ណា»។​

​លោក​ សារ​ពង្ស​ ​បាន​អះ​អាង​ថា ​ករណី​វិវាទ​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​នេះ ​កើត​ឡើង​ដោយ​ភាគ​ច្រើន​ភាគី​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ដីមិន​ទាន់​បាន​ចុះប​ញ្ជី​ក្បាល​ដី​ ខណៈ​នោះ​ម​ន្រ្ដី​យោធា​ដែល​​ប្រដាប់​ដោយ​អាវុធ​​បាន​នាំ​គ្នា​ទៅធ្វើ​របង​លើ​ដី​របស់​ប្រជា​ពលរដ្ឋ​តែ​ម្ដង ​ដែល​ករណី​បែប​នេះ​កើត​ឡើង​ច្រើន។​

​លោក​បន្ដថា​៖ «​មក​​ប្ដឹង​សុទ្ធតែ​ប្រជា​ពល​រដ្ឋ​ផ្សេងៗ​គ្នា ​មិន​ស្គាល់​គ្នា​ ប៉ុន្ដែ​ដីស្ថិត​នៅ​ទី​តាំង​ខេត្ត​​ព្រះ​សី​ហនុ​ដូចគ្នា​។​ ពលរដ្ឋ​សុទ្ធតែ​បាន​អះអាង​ថា​ មាន​ការ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធចុះ​ទៅ​ឡោម​​ព័ទ្ធ​ដីគា​ត់​ (​ពលរដ្ឋ​)​ ពេល​យប់​ឡើង​ធ្វើ​របង​ទាំង​យប់​តែ​ម្ដង​ ព្រលឹម​ឡើង​ធ្វើ​ហើយ​អស់»។​ ​

លោក​ សារ​ពង្ស​ បាន​អះ​អាង​ថា​ ករណី​ជម្លោះ​ដី​ធ្លី​ទាំង​ ១៤ ករណី​នោះ​ត្រូវ​បាន​ស្រាវ​ជ្រាវ​តាម​ពាក្យ​បណ្ដឹង​របស់​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ដែល​មាន​ឈ្មោះ​ដូច​ជា​ ហីង​ ម៉ូ​លី, ឃួន​ រឿប, ​ង៉េត ​វឿន, ​ ហុំ​ ធឿន, ​អិន​ ម៉ា​ស៊ីវន,​ ម៉ម ​សុខ​វិសាល,​ ​ឈុន​ សុផល, ​លុយ ​មករា, ប៉ែន​ សីហា,​ ថន​ ចាន់​ដារា, ​និង​គឹម​ ចន្ថន​។ ​នៅ​ក្នុង​ករណី​ទាំង​នោះ​មាន​ករណី​ខ្លះ​ ម្ចាស់​បណ្ដឹង​តំណាង​ឲ្យ​ពលរដ្ឋ​ច្រើន​គ្រួសារ។​

​លោក​បញ្ជាក់​ថា​៖ «​បន្ទាប់​ពីសិក្សា​រួច​សមា​ជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោ​បល់ ​ប្រមូល​តម្រុយ​ជា​មូល​ដ្ឋាន​ឈាន​ដល់​ការ​ដាក់​របាយ​ការណ៍​ជូន​សម្ដេច​តេ​ជោ តាម​នីតិ​វិធី​ ដើម្បី​ពិនិត្យ​សម្រេច»។

លោក សារ​ពង្ស ​ឲ្យ​ដឹង​ថា​ ក្នុង​ការចុះ​អន្តរា​គមន៍​បញ្ហា​នីមួយៗ​ ដោយ​យោង​ពាក្យ​បណ្ដឹង​ ទាញ​ហេតុ​ផល​ផ្ទាល់​មាត់ ​និង​ឈាន​ដល់​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ ឯក​សា​របទ​ដ្ឋាន​គតិ​យុត្ត​ដើម្បី​ថ្លឹង​នឹង​មូល​ដ្ឋាន​ច្បាប់​ ទើប​ចម្រាញ់​យក​ទៅ​សរសេរ​របាយ​ការណ៍​ជូន​លោក​​នាយក​រដ្ឋមន្រ្ដី។

លោក​ ឃាង​ ភារម្យ​ អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ដ​ព្រះសី​ហនុ ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ដែរ​ថា កន្លង​មក​ករណី​វិវាទ​ដីធ្លី​នៅ​ក្នុង​ខេត្ដ​ព្រះសីហនុ​នេះមាន​ច្រើន​ករណី​ ហើយ​ករណី​ដែល​កើត​ឡើង​ភាគ​ច្រើន​បំផុត គឺ​ទំនាស់​ដែល​កើត​ឡើងទៅ​លើ​ដី​ដែល​នៅ​មិន​ទាន់​មាន​បណ្ណ​កម្មសិទ្ធិ​ ដី​របស់​រដ្ឋ។​ ​

លោក​ថា​៖ «​​ក្រុម​ការងារ​ឧត្ដម​ក្រុម​ប្រឹក្សា​នេះ ​ពេល​ដែល​គាត់​ចុះមក​ក៏​បាន​ជូន​ដំណឹង​មក​អាជ្ញា​ធរ​ខេត្ដ​ដែរ​ ដូច្នេះ​ពេលខ្លះ​ក៏មាន​ការ​ឆក​ល្វែង​មិន​បាន​ដឹង​ដែរ​។​ ការ​ចុះ​ទៅ​ដោះ​ស្រាយ​របស់​គាត់​គឺ​ចុះ​ទៅ​ដោយ​ខ្លួន​គាត់រ​វាង​ប្រជា​ពលរដ្ឋ​ ប៉ុន្ដែ​នេះ​ជា​សិទ្ធិ​ ក្នុង​ភារ​កិច្ច​របស់​ពួក​គាត់​ដែល​អាច​ធ្វើ​បាន​ ក្នុង​នាម​ខេត្ដ​នៅ​តែ​ទទួល​ដោះស្រាយ​ទៅ​តាម​ភាព​ជាក់ស្ដែង​ដោយ​យក​ច្បាប់​ជា​គោល»៕​