ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​បាន​ចុះឈ្មោះ​គណបក្ស​ខ្មែរ​អភិរក្សនិយម​របស់​លោក រៀល ខេមរិន្ទ្រ ជា​ផ្លូវការ និង​តម្រូវ​ឲ្យ​គណបក្ស​នេះ​គោរព​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​។

នៅក្នុង​ប្រកាស​ចេញ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ពុធ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​សម្រេច​ចុះឈ្មោះ​គណបក្ស​ខ្មែរ​អភិរក្សនិយម​ដែល​បង្កើតឡើង​ដោយ​លោក រៀល ខេមរិន្ទ្រ អតីត​តំណាងរាស្ត្រ​ខេត្តស្វាយរៀង​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

ប្រកាស​ក្រសួងមហាផ្ទៃ​បាន​ចែងថា​៖ «​គណបក្ស​ខ្មែរ​អភិរក្ស​និយម​ត្រូវធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជាធរមាន និង​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​​ក្រសួង​មហាផ្ទៃ​»​។ ក្រសួង​ក៏​ប្រាប់​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ជ្រាប​ និង​អនុវត្ត​អំពី​ការសម្រេច​នេះ​។

លោក រៀល ខេមរិន្ទ្រ បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គណបក្ស​របស់​លោក​នឹង​ចូលរួម​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២ និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​ ២០២៣​។ លោក​ថា​គណបក្ស​របស់​លោក​បាន​រៀបចំ​ការិយាល័យ​នៅ​ខេត្ត​ក្រុង​ ១៧ ​រួច​ហើយ តែ​មិនទាន់​បាន​លើក​ស្លាក​នៅឡើយ​ពេល​មិន​ទាន់​ទទួលបាន​ការប្រកាស​ទទួល​ស្គាល់​នេះ​។

លោក​បាន​ថ្លែងថា​៖ «​គណបក្ស​ខ្ញុំ​មិន​វាយប្រហារ​លើ​គណបក្ស​ដទៃ​ទេ ហើយ​យើង​ក៏​មិន​ថា​គណបក្ស​យើង​ជា​គណបក្ស​អស្ចារ្យ​ជាងគេ​ដែរ​។ យើង​ចូលរួម​បម្រើ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ហើយ​យើង​នឹង​បង្ហាញ​ដល់​ពលរដ្ឋ​ថា​តើ​យើង​មាន​សមត្ថភាព​ប៉ុនណា​ក្នុង​ការបម្រើ​ជាតិ​។ ដូច្នេះ​យើង​នឹង​ចុះ​ទៅ​តាម​មូលដ្ឋាន​ដើម្បី​បង្ហាញ​សមត្ថភាព​របស់​យើង​ដើម្បី​ទាញ​យក​បេះដូង​របស់​ប្រជាពលរដ្ឋ​»​។

លោក ខេមរិន្ទ្រ ​ថ្លែង​ថា​៖ «​បើ​យើង​គិត​ផលប្រយោជន៍​ជាតិ​ជាធំ យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​»​។

លោក ឈឹម កាន ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្ស​នយោបាយ​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ មាន​គណបក្ស​នយោបាយ​ ៤៣ ត្រូវបាន​ចុះបញ្ជី​ផ្លូវការ​នៅ​ក្រសួង​។

លោកស្រី មូរ សុខហួរ អនុប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​នៅលើ​បណ្ដាញ Twitter ថា​៖ «​បញ្ហា​ជាក់ស្ដែង​គឺ​ការបោះឆ្នោត​មួយ​ដែល​សេរី​និង​ត្រឹមត្រូវ មិនមែន​ស្ថិត​នៅ​លើ​ចំនួន​គណបក្ស​នយោបាយ​ដែល​ត្រូវបាន​បង្កើតឡើង​ទេ​៕