ភ្នំពេញៈ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង ស្រុក និង​ខណ្ឌ អាណត្តិទី៣​ នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​អាទិ​ត្យ​​សប្តាហ៍​នេះ​ ដោយ​មាន​គណបក្ស​​ចំនួន ៧ ​ចូល​រួម។ ​

គណបក្សនយោបាយ​​ខ្លះដែល​​គ្មាន​អង្គ​បោះ​ឆ្នោត ក៏​ចូលរួម​ដែរ​ ជា​អ្វី​ដែល​ពួកគេ​បាន​អធិប្បាយ​ថា ​ដើម្បី​​ «ធ្វើ​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​រស់​រវើក»។

យោង​តាម​ការ​ប្រកាស​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប កម្ពុជា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​អសកល​ដើ​ម្បី​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុម​ប្រឹក្សា​ស្រុក​និង​​ខណ្ឌនៅ​ថ្ងៃ​​អាទិត្យ​ ទី ​២៦ ខែ​​ ឧស​ភា ​ខាង​មុខ​នេះ។ ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​នៅ​ការិយា​​ល័យ​បោះ​ឆ្នោត​ចំនួន​ ២០៣ ដែល​នឹង​រៀប​ចំ​នៅ​​តាម​ទី​​ប្រជុំ​ជន​ក្រុង​ ស្រុក ​ខណ្ឌ នៅ​តាម​ខេត្ត​ក្រុង​ទាំង ២៥។

អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​អសកល​នេះ ​គឺ​ជា​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​នៅ​ទូទាំង​ប្រទេស​ដែ​ល​កំពុង​ស្ថិត​នៅ​ក្នុង​មុខ​តំណែង ដែល​មាន​សរុប​ចំនួន ១១ ៥​៧​២​ នាក់។ ការ​បោះ​ឆ្នោត​នេះ​ បែង​ចែក​ជា​ ២ ផ្នែក​ គឺ​បោះ​ឆ្នោត​ជ្រើ​ស​រើស​សមា​ជិក​ក្រុម​ប្រឹក្សា​រាជធា​នី​ និង​ក្រុម​ប្រឹក្សា​ខេត្ត ដែល​មាន​សមាជិក​ក្រុម​ប្រឹក្សា​សរុប ៥៥​៩ អាសនៈ និង​មួយ​ផ្នែក​ទៀត​ ជ្រើស​រើស​ក្រុម​ប្រឹក្សា​​ក្រុង ស្រុ​ក ខណ្ឌ ដែល​មាន​អាសនៈ​សរុប ៣ ៥៥៥។

ការ​បោះ​ឆ្នោត​នេះ​តម្រូវ​ឲ្យ​អ្នក​បោះ​ឆ្នោត​ទាំង​ ១១ ៥៧២ នាក់ ប្រើ​សន្លឹក​ឆ្នោត​ចំនួន​ ២ ​ប្រភេទ គឺ​ពណ៌​លឿង​សម្រាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ ក្រុង ​ស្រុក ​ខណ្ឌ ដោ​​យ​អ្នក​បោះ​ត្រូវ​ដាក់​ក្នុង​ប្រអប់​មួយ។ ចំណែក​សន្លឹក​ឆ្នោត​មួយ​ទៀត​ មាន​ពណ៌​ស ប្រើ​សម្រាប់​ជ្រើស​រើស​ក្រុមប្រឹក្សា​ រាជ​ធានី​ ខេត្ត ​អ្នក​បោះ​ត្រូវ​ដាក់​ក្នុង​ប្រអប់​ឆ្នោត​មួយ​ផ្សេង​ទៀត។

លោក ហង្ស ពុទ្ធា អ្នក​នាំពា​ក្យ​ គ.ជ.ប ​បាន​ពន្យល់​កាល​ពី​ម្សិល​មិញ​ថា ការ​បោះ​ឆ្នោត​នេះ មាន​សារៈ​សំខាន់​ត្រង់​ថា​ កម្ពុជា​ស្ថិត​នៅ​លើ​គន្លង​ប្រជាធិបតេយ្យ​ ដែល​អំណាច​កើត​ចេញ​ពី​ប្រជា​ពលរដ្ឋហើយ​ប្រជា​​ពលរដ្ឋ​ត្រូវ​ការ​ត្រួត​ពិនិត្យ​បន្ថែម ​លើ​ការ​អនុវត្ត​ការងារ​​របស់​រដ្ឋាភិបាល។

លោក​ថា៖ «ការ​មាន​ក្រុម​ប្រឹក្សា​កាន់​តែ​ច្រើន​ ឬ​​ការ​ត្រួត​ពិនិត្យ​ដំណើរការ​របស់​រដ្ឋាភិបាល​កាន់​តែ​បាន​ទ្វេ​ដងគឺ​ជា​ការ​ប្រសើរ»។

លោក​ពន្យល់​បន្ត​ថា គណ​បក្ស​ដែលទទួល​បាន​សន្លឹក​ឆ្នោ​ត​​ច្រើន​ជាង​គេ​​ នឹង​បាន​តំណែង​ប្រធាន​ក្រុម​ប្រឹក្សា ដែល​មាន​អំណាច​ក្នុង​ការ​សម្រេច​លើ​គោល​ការណ៍​សំខាន់ៗ​សម្រាប់​ឲ្យ​អភិបាល​​រាជធានី​ ខេត្ត ក្រុង ស្រុក និង​ខណ្ឌ អនុវត្ត​តាម និង​តាមដាន​ការ​អនុវត្ត​គោល​ការ​ណ៍​ទាំង​នោះ​ ដោយ​​​អភិបាល​រាជធានី​ ខេត្ត ក្រុង​ ស្រុក ដែល​​តែង​តាំង​ដោយ​រដ្ឋាភិបាល។

ការ​បោះ​ឆ្នោត​នេះ​ នឹង​ធ្វើ​ឡើ​ង​ក្រោយ​យុទ្ធនាការ​ឃោ​ស​​នា​បោះ​​ឆ្នោត​ ដែល​មាន​រយៈ​ពេល ​៨ ថ្ងៃ ​ចាប់​ពី​​ថ្ងៃ​សុក្រ ទី​ ១៧​ ​រហូត​ដល់​ថ្ងៃ​សុក្រ​ ទី​ ២៤ ខែ​ ឧសភា។ ការ​បោះ​ឆ្នោត​នេះ​ មាន​គណបក្ស​នយោបាយ​ចំនួន ​៧ ចូលរួម។ គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​មាន​គណបក្ស​​ចំនួន​ ៦ បាន​ចេញ​ឃោសនា​ រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​រួប​រួម​ជាតិ ​គណ​បក្ស​យុវជន​កម្ពុជា គណ​បក្ស​ឆន្ទៈ​ខ្មែរ គណ​បក្ស​សញ្ជាតិ​កម្ពុជា​និង​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច។

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា គណបក្ស​របស់​លោក​ទើប​តែ​កើត​បាន​​ ១ ​​ឆ្នាំ​ប៉ុណ្ណោះគិត​ត្រឹម​ថ្ងៃ​អាទិ​ត្យ​​ម្សិល​មិញដូច្នេះ​គណ​បក្ស​រប​ស់​លោក​ មិន​មាន​អង្គ​បោះ​ឆ្នោត​ទេ ប៉ុន្តែ​លោក​សង្ឃឹម​ថា អង្គ​បោះ​ឆ្នោត​ពីគណបក្ស​ផ្សេង​ អាច​​ងាក​មក​បោះ​ឆ្នោត​ឲ្យ​បក្ស​លោក។

លោក​ថ្លែង​ថា៖ «យើង​សម្រេច​ចូលរួម ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ ដោយសារ​ទី​១​ យើង​ចង់​ឲ្យ​ពហុបក្ស យើង​ចង់​ឲ្យ​លទ្ធិ​​ប្រជាធិបតេយ្យ​រីក​លូតលាស់​រស់​រវើក​ឡើង​វិញ។ យើង​មិន​ចង់​ឲ្យ​វា​ស្ងប់​ស្ងាត់​ បន្ទាប់​ពី​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​​នោះ​ទេ​។ ដូច្នេះ​យើង​ជា​គោល នយោបាយថ្មីអ្នក​ស្រឡា​​ញ់​លទ្ធិ​ប្រជាធិបតេយ្យ អ្នក​នយោ​បាយ​បន្ត​វេន យើង​ចង់​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​មាន​ភាព​រស់​រវើក​ឡើង​វិញ។ ដូច្នេះ​យើង​សម្រេច​ចិត្ត​ចូល​រួម​បោះ​ឆ្នោត​នេះ ​បើ​ទោះ​ជា​គ្មាន​អង្គ​បោះ​ឆ្នោត​ក៏​ដោយ»។ «ប៉ុន្តែ​យើង​សង្ឃឹម​ថា​ បើ​ទោះ​ជា​អង្គ​បោះឆ្នោត​របស់​គណបក្ស​កាន់​អំណា​ច​ទាំង​អស់​ក៏​ដោយ ក៏​គាត់​ខ្លះ​ គាត់​អាច​មាន​គំនិត​គាំទ្រ​បេក្ខភាព​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ ព្រោះ​គណបក្ស​ឆន្ទៈ​ខ្មែរ​រិះ​គន់​ស្ថាប​នា​ដើម្បី​ប្រទេស​​ជាតិ​ទាំង​អស់​គ្នា។ ​ខ្ញុំ​គិត​ថា ការ​ធ្វើ​ការ​ជា​ឯក បក្ស​របស់​គណបក្ស​កាន់​អំណាច​មិន​មានប្រសិទ្ធភាព​ ដូច្នេះ​គួរ​តែ​មាន​ការ​គាំទ្រ​ពី​គណ​បក្ស​ដទៃ​​ ចូលរួម​ ដើម្បី​ធ្វើ​ការ​ទិតៀន​ស្ថាបនា​និង​រួមគ្នា​ធ្វើ​ការ​អភិវឌ្ឍ»។

ចំណែក​លោក សេង សុខេង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា​ បាន​ថ្លែង​ស្រដៀង​គ្នា​ថា គណបក្ស​លោក​ចូលរួម​ការ​បោះ​ឆ្នោត​ ដើម្បី​លើក​ស្ទួយ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា បើ​ទោះ​បី​ជា​គណបក្ស​របស់​លោក​មាន​អង្គ​បោះ​ឆ្នោត​តែ​ ១០ នាក់​ក៏ដោយ។

លោក​ថ្លែង​ថា​៖ «យើង​សង្ឃឹម​ថាគណ​បក្ស​​ផ្សេង​​ទៀត​ចូល​រួម​ដើម្បី​ឲ្យ​ដំណើរ​​ការ​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​ជា​ការ​ប្រមូល​ធាតុ​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​បន្ត​រួម​ចំណែក​ការពារ​សន្តិភាព និង​អភិវឌ្ឍ​ប្រទេស​ជាតិ។ អ៊ីចឹង​ក្នុង​ពេល​ខាង​មុខ​នេះ ខ្ញុំ​សង្ឃឹម​ថា ​វា​នឹង​មាន​លទ្ធផល​វិជ្ជមាន»។

លោក​​​ថា បើ​ទោះ​បី​ជា​បក្ស​ខ្លះ​ មិន​មាន​អង្គ​បោះ​ឆ្នោត​​ ប៉ុន្តែ​ពួក​​​គេ​ចូលរួម​ប្រកួត​ប្រជែ​ង​​ក្នុង​ការ​បោះ​ឆ្នោត​ស្រប​តាម​គោល​​ការណ៍​លទ្ធិ​ប្រជា​ធិបតេ​យ្យ និង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា៕