ភ្នំពេញ: លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថាការជ្រើសរើសយកលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកបានបង្ហាញភាពត្រឹមត្រូវតាមរយៈជ័យជម្នះរបស់លោក ត្រាំ ខណៈមន្រ្តីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានថ្លែងថាពួកគេសង្ឃឹមថាលទ្ធផលនេះនឹងល្អប្រសើរសម្រាប់ពួកគេរៀងៗខ្លួន។
លោក ត្រាំ ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋបានប្រកាសជោគជ័យលើបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីឡារី គ្លីនតុន កាលពីរសៀលម្សិលមិញ (ម៉ោងនៅកម្ពុជា) ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងជ្រើសរើសយកសេដ្ឋីពាណិជ្ជកម្មរូបនេះនៅក្នុងសុន្ទរកថារបស់លោកកាលពីសប្តាហ៍មុនបានថ្លែងថាលោករីករាយដែលឃើញជ័យជម្នះនេះ។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាភ្លាមៗបន្ទាប់ពីលោក ត្រាំ ថ្លែងសុន្ទរកថាជោគជ័យនៅទីក្រុងញូវយ៉កថា៖ «អបអរសាទរ ឯកឧត្តម ដូណាល់ ត្រាំ ដែលបានទទួលជោគជ័យសម្រាប់ការបោះឆ្នោតជាប្រធានាធិបតីអាមេរិក»។
«ប៉ុន្មានថ្ងៃមុននៅពេលដែលខ្ញុំបង្ហាញនូវការគាំទ្ររបស់ខ្ញុំចំពោះឯកឧត្តមមានមនុស្សមួយចំនួនបានចេញមកវាយប្រហារខ្ញុំរហូតចោទឯកឧត្តមថាជាមនុស្សផ្តាច់ការទើបមានមនុស្សដូចខ្ញុំទៅគាំទ្រ»។ លោកបានបន្ដថា «ពេលនេះអ្វីៗច្បាស់ហើយគឺប្រជាជនអាមេរិកត្រូវការឯកឧត្តមដឹកនាំហើយការគាំទ្ររបស់ខ្ញុំក៏មិនខុសដែរ»។
លោកនាយករដ្ឋមន្រ្តីកាលពីសប្តាហ៍មុនបានគាំទ្របេក្ខភាពរបស់លោក ត្រាំ ដោយលោកជឿជាក់ថាពាណិជ្ជករដែលបានសន្យាអនុវត្តគោលនយោបាយការបរទេសមិនសូវអន្តរាគមន៍នឹងទំនងជាមិនចង់ចាប់ផ្តើមសង្គ្រាមជាមួយរុស្ស៊ីដូចលោកស្រី គ្លីនតុន ទេ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីលោក ផៃ ស៊ីផាន ដែលជាពលរដ្ឋអាមេរិកម្នាក់ដែរបានថ្លែងថាលោកបានជួយយុទ្ធនាការសម្រាប់លោក ត្រាំ ដោយសារគោលនយោបាយការបរទេសរបស់គាត់ប៉ុន្តែលោកមិនអាចបោះឆ្នោតឲ្យលោក ត្រាំ បានដោយសារលោកបាត់លិខិតឆ្លងដែន។ លោកបានថ្លែងថាលោកកំពុងទន្ទឹងរង់ចាំភាពជាប្រធានាធិបតីរបស់លោក ត្រាំ។
លោក ស៊ីផាន បានថ្លែងថា៖ «ល្អនៅក្នុងកម្ពុជាយើងមានអត្ថប្រយោជន៍រួមនឹងទូទៅសម្រាប់សន្តិភាពដែលជាគោលនយោបាយការបរទេសដូចគ្នា»។ លោក ស៊ីផាន បន្ដថា៖ «វាជា [គោលនយោបាយ] ដូចគ្នានឹងសម្តេច ហ៊ុន សែន ដែលគាំទ្រគោលនយោបាយការបរទេសរបស់លោក ត្រាំ»។
លោកបានថ្លែងបន្តថា៖ «ទីពីរខ្ញុំគិតថាលោក ត្រាំ នឹងយកចិត្តទុកដាក់ចំពោះអាមេរិកមុនប៉ុន្តែកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងខ្លាំងនឹងបន្តរឹងមាំខ្លាំងឡើង»។ «នឹងមានសន្តិភាព និងស្ថិរភាពច្រើនជាងមុនដែលសំខាន់ជាបញ្ហាដទៃៗពីព្រោះលោក ត្រាំ ជាពាណិជ្ជករ»។
នៅក្នុងរយៈពេលពីរអាណត្តិចុងក្រោយនេះលោក អូបាម៉ា បានចូលរួមច្រើនជាមួយប្រទេសដទៃៗក្នុងពិភពលោកដែលបានធ្វើឲ្យប្រជាជនជាច្រើនរងការឈឺចាប់តាមរយៈគោលនយោបាយការបរទេសរបស់គាត់។ យើងសង្ឃឹមថាគោលនយោបាយការបរទេសរបស់លោក ត្រាំ នឹងដោះស្រាយសម្ពាធទាំងនោះហើយនឹងមិនចាប់ផ្តើមសង្គ្រាមលោកទីបីទេ»។
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាបានថ្លែងថាទន្ទឹងរង់ចាំប្រធានាធិបតីអាមេរិកម្នាក់ដែលចំណាយពេលតិចជាងមុនក្នុងការជំរុញកម្ពុជាស្តីពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សហើយផ្តោតទៅលើប្រទេសរបស់ខ្លួនឯងវិញ។
លោកបន្តថា៖ «ចក្ខុវិស័យរបស់លោក ត្រាំ នឹងទំនងជាមានប្រយោជន៍ដល់កម្ពុជាដែលជាប្រទេសតូចមួយព្រោះគាត់នឹងមិនដូចមេដឹកនាំប្រទេសធំៗមួយចំនួនទេ»។ «ពួកគេចង់ចាត់ទុកយើងជាកូនក្មេងហើយវាយតម្លៃយើងក្រីក្រដោយមិនគោរពអធិបតេយ្យភាព និងឯករាជភាព»។
លោកបានថ្លែងថា គណបក្សសង្គ្រោះជាតិដែលមេដឹកនាំរបស់ខ្លួនជាយូរមកហើយពឹងផ្អែកលើការគាំទ្រពីអាមេរិកឥឡូវនេះមានការគិតមួយចំនួនខណៈលោក សម រង្ស៊ី បានរិះគន់លោក ត្រាំ កាលពីសប្តាហ៍មុន។
លោក ឥសាន បានថ្លែងថា៖ «មេដឹកនាំគណបក្សប្រឆាំងបានវាយប្រហារលោក ត្រាំ ជាមនុស្សផ្តាច់ការ»។ «ល្អឥឡូវជនផ្តាច់ការបានឈ្នះ។ ដូច្នេះសូមរង់ចាំមើល តើអ្នកវាយប្រហារឥឡូវនេះនឹងដើរតាមជនផ្តាច់ការឬអត់? កាលពីអតីតកាលពួកគេពឹងផ្អែកលើអាមេរិកថាជាបិតាប្រជាធិបតេយ្យ»។
លោក សម រង្ស៊ី ដែលជាភ្ញៀវពិសេសនៅសន្និបាតជាតិប្រជាធិបតេយ្យនៅទីក្រុង Philadelphia កាលពីខែកក្កដាដើម្បីមើលលោកស្រី គ្លីនតុន តែងតាំងសម្រាប់បេក្ខភាពប្រធានាធិបតីកាលពីសប្តាហ៍មុនបានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី គ្លីនតុន និងបានរិះគន់និន្នាការនយោបាយរបស់លោក ត្រាំ។
លោក រង្ស៊ី បានថ្លែងទៅកាសែតឌឹខេមបូឌាដេលីថា៖ «លោកស្រី គ្លីនតុន មានការអប់រំច្រើនជាងមានចិត្តទូលាយជាង មានការរួមបញ្ចូលច្រើនជាង។ លោកស្រីទំនងជាយកចិត្តទុកដាក់ខ្លាំងជាងអំពីយុត្តិធម៌សង្គម។ ផ្ទុយទៅវិញលោក ត្រាំ ដែលមានចរិតកាច និងឆេវឆាវទំនងជាមានគ្រោះថ្នាក់សម្រាប់សន្តិភាពពិភពលោក។ មេដឹកនាំគណបក្សប្រឆាំងបានបន្តថាបក្សីដែលមានស្លាបដូចគ្នាហើរជាមួយគ្នាលោក ត្រាំ និងលោក ហ៊ុន សែន គឺប្រាកដណាស់មិនមែនជាអ្នកប្រជាធិបតេយ្យទេ»។
លោក សម រង្ស៊ី កាលពីម្សិលមិញបានបដិសេធសំណួរអំពីការរិះគន់របស់លោកទៅលើលោក ត្រាំ ហើយបានអបអរសាទរជោគជ័យរបស់លោក ត្រាំ និងបានថ្លែងថាលោកមិនជឿថាប្រធានាធិបតីថ្មីនេះនឹងផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់អាមេរិកចំពោះកម្ពុជាទេ។
លោក សម រង្ស៊ី បានសរសេរថា៖ «ខ្ញុំជឿថានឹងមិនមានការផ្លាស់ប្តូរជំហរ និងគោលនយោបាយរបស់អាមេរិកចំពោះកម្ពុជាដែលមិនគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ យុត្តិធម៌ និងនីតិរដ្ឋ»។
កញ្ញា កឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ និងជាកូនស្រីរបស់អនុប្រធានគណបក្សសង្គ្រោះជាតិដែលមានទំនាក់ទំនងជាមួយគណបក្សសាធារណរដ្ឋជាយូរមកបានថ្លែងថាកញ្ញាជឿថាគណបក្សប្រឆាំងនឹងពង្រឹងទំនាក់ទំនងជាមួយអាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ។
កញ្ញា ថ្លែងថា៖ «ផ្ទុយទៅវិញខ្ញុំអាចប្រាប់អ្នកថាក្នុងនាមជាអ្នកទំនាក់ទំនងអន្តរជាតិសម្រាប់គណបក្សសង្គ្រោះជាតិខ្ញុំនឹងធ្វើឲ្យប្រាកដថាយើងរឹតតែមានទំនាក់ទំនងប្រសើរឡើងជាមួយប្រធានាធិបតីអាមេរិកថ្មីនេះ»។
អ្នកវិភាគនយោបាយលោក អៀសុផល ដែលជាអ្នកនិពន្ធសៀវភៅអំពីការពឹងផ្អែកជំនួយក្នុងប្រទេសកម្ពុជា និងរបៀបដែលជំនួយបរទេសបន្ទាបប្រជាធិតេយ្យបានថ្លែងថា៖ «ខ្ញុំមិនគិតថាលោក ត្រាំ ថែមទាំងដឹងថាកម្ពុជានៅកន្លែងណាទេ»។
លោកបន្តថា៖ «លោក ហ៊ុន សែន គាំទ្រលោក ត្រាំ ដែលនឹងទំនងធ្វើឲ្យលោក ត្រាំ មានលក្ខណៈអនុគ្រោះជាងមុនដល់លោក ហ៊ុន សែន ។ បក្សីស្លាបដូចគ្នាហើរជាមួយគ្នាដូច្នេះជាអ្នករិះគន់តិចជាងមុនម្នាក់សម្រាប់លោក ហ៊ុន សែន»។
លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ «កម្ពុជារបស់ ហ៊ុន សែន» បានថ្លែងថាមន្រ្តីរដ្ឋាភិបាលទំនងជាត្រឹមត្រូវដែលជឿថាលោក ត្រាំ នឹងចំណាយពេលតិចជាងមុនក្នុងការជំរុញកម្ពុជាស្តីពីបញ្ហារំលោភបំពានបើសូម្បីសភាអាមេរិកបន្តជំរុញបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏ដោយ។
លោក Sebastian Strangio បន្តថា៖ «លោក ត្រាំ មិនបាននិយាយអ្វីអំពីបញ្ហានេះហើយបង្ហាញចំណង់តិចតួចក្នុងការជំរុញបញ្ហាទាំងនោះនៅក្នុងប្រទេសដូចជាកម្ពុជា»។
លោកបញ្ជាក់ថា៖ «សភាអាមេរិកនឹងបន្តដាក់សម្ពាធលើលោក ហ៊ុន សែន ដោយអនុម័តសេចក្តីសម្រេចដែលថ្កោលទោសការបំពានអំណាចប្រជាធិបតេយ្យនេះឬនោះប៉ុន្តែខ្ញុំមិនអាចស្រមៃថារដ្ឋបាលថ្មីនេះនឹងផ្តល់នូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះទេហើយនឹងទុកឲ្យលោក ហ៊ុន សែន ធ្វើការសម្រេចចិត្តដោយខ្លួនឯង៕PS