ភ្នំពេញៈ គណបក្សធំៗទាំងពីរកាលម្សិលមិញ បានចំណាយពេលជាច្រើនម៉ោងនៅសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតចំនួនពីរ ដែលអង្គការឃ្លាំមើលការបោះឆ្នោតបានរិះគន់ថា នៅមានគុណវិបត្តិច្រើន។
ប៉ុន្តែសម្ព័ន្ធក្រុមអង្គការក្រៅរដ្ឋាភិបាលហៅសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ដែលជាអ្នករិះគន់ខ្លាំងបំផុតលើសេចក្តីព្រាងច្បាប់ទាំងពីរនេះ មិនមានវត្តមានក្នុងសិក្ខាសាលារបស់គណបក្សទាំងពីរនេះទេ ដោយធ្វើពហិការចំពោះការប្រជុំនេះហើយបានរិះគន់ថា ជាការពិគ្រោះយោបល់បែបប្រញាប់ប្រញាល់។
ទោះយ៉ាងណា សិក្ខាសាលានេះក៏មានការចូលរួមពីមន្ត្រី អង្គទូត តំណាងសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនជាង ៥០០ នាក់។
សមាជិកក្រុមការងារកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រឆាំង លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់អ្នកចូលរួមថា៖ «ខ្ញុំឮថា សេចក្តីព្រាងច្បាប់ស្តីពីការបោះឆ្នោតនេះអាក្រក់ជាងច្បាប់ចាស់។ ប៉ុន្តែអ្នកនិយាយនោះ មិនទាន់បានអានច្បាប់ចាស់ទេ»។ លោកបន្តថា៖ «ច្បាប់ចាស់អាក្រក់ខ្លាំងណាស់»។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Jean-Francois Cautain បានទទួលរង សម្តីខ្លាំងៗពីតំណាងរាស្ត្រគណបក្សកាន់អំណាច លោក ឈាង វុន បន្ទាប់ពីបង្ហាញពីក្តីបារម្ភរបស់សង្គមស៊ីវិលអំពីការដាក់កំហិតនៃច្បាប់នេះទៅលើអ្វីដែលអង្គការក្រៅរដ្ឋាភិបាលលើកឡើងក្នុងអំឡុងពេលនៃការបោះឆ្នោត។
លោកថ្លែងក្នុងពេលចោទសួរសំណួរថា៖ «វាហាក់ដូចជាថា ក្នុងកម្រិតណាមួយ មាត្រា ៨៤ អាចផ្ទុយឬយ៉ាងហោចប្រឆាំងនឹងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញប្រទេស ដែលធានាអំពីសេរីភាពនៃការបញ្ចេញមតិ ព្រមទាំងការប្តេជ្ញារបស់កម្ពុជានៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនស៊ីវិលនិងនយោបាយ»។ ជាងនេះទៀតលោកបានសួរគណបក្សទាំងពីរថា តើក្តីបារម្ភរបស់អង្គការក្រៅរដ្ឋាភិបាលនឹងត្រូវពិចារណាយ៉ាងដូចម្តេចដែរ?
មាត្រា ៨៤ ហាមអង្គការក្រៅរដ្ឋាភិបាលមិនឲ្យប្រមាថ គណបក្សណាមួយ បេក្ខជនណាម្នាក់ឬក៏ចេញសេចក្តីថ្លែងការណ៍បង្ហាញពីភាពលម្អៀងទៅគណបក្សណាមួយដែរ ដែលការណ៍នេះត្រូវអង្គការសង្គមស៊ីវិលយល់ថា នឹងមានផលប៉ះពាល់ទៅលើការរិះគន់ក្នុងពេលបោះឆ្នោត។
លោក ឈាង វុន តំណាងរាស្ត្រពីគណបក្សប្រជាជនបានឆ្លើយតបបែបកំហឹងទៅលោក Cautain បើទោះជាលោកមិនស្ថិតក្នុងក្រុមការងារធ្វើច្បាប់នេះរបស់គណបក្សលោកក្តី។
លោកលើកពីឧទាហរណ៍នៃអង្គការ ខុម ហ្វ្រែល ថា បានផលិតវីដេអូមុនបោះឆ្នោត ឆ្នាំ២០១៣ ដើម្បីបង្ហាញថា ទឹកជ្រលក់ម្រាមដៃអ្នកបោះឆ្នោតមិនអាចជឿជាក់បាន។
លោកបន្តថា៖ «ប្រសិនបើសង្គមស៊ីវិលធ្វើដូចនេះ វាមិនត្រឹមត្រូវទេ។ យើងមិនចង់មានជម្លោះទេ យើងគ្រាន់តែចង់ជម្រាបឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបឲ្យដឹងពីចំណុចនេះ»។ លោកបន្តលើកឡើងថា អង្គការក្រៅរដ្ឋាភិបាលជាច្រើនទទួលថវិកាពីបរទេសដើម្បីវាយប្រហារគណបក្សប្រជាជន។
លោកបន្ថែមថា៖ «យើងដឹង យើងគាំទ្រច្បាប់នេះទាំងស្រុង ហើយយើងនឹងធ្វើច្បាប់មួយទៀត ដើម្បីគ្រប់គ្រងសង្គមស៊ីវិល»។ ដោយដៅទៅច្បាប់ស្តីពីការអង្គការក្រៅរដ្ឋាភិបាលដែលមានភាពចម្រូងចម្រាស។
នៅក្នុងអ៊ីមែលកាលពីល្ងាចម្សិលមិញលោក Cautain ថ្លែងថា សហភាពអឺរ៉ុបស្វាគមន៍ «ការពិតណាដែលគណៈកម្មការចម្រុះរវាងគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិនឹងពិនិត្យទៅលើសំណួរនិងបញ្ហាទាំងអស់ដែលលើកឡើង ហើយនឹងបញ្ជូនបញ្ហាទាំងអស់នោះទៅមេដឹកនាំរបស់ពួកគេ»។
លោក ព្រុំ សុខា សមាជិកក្រុមការងារគណបក្សប្រជាជន បានការពារចំណុចហាមអ្នកមានសញ្ជាតិពីរមិនឲ្យនៅក្នុង គ.ជ.ប ថា ទោះលោកស្រី ពុង ឈីវកេក ជាបេក្ខជនដែលបក្សទាំងពីរព្រមព្រៀងផ្តល់កៅអី ទី៩ ខណៈគាត់មានលិខិតឆ្លងដែនបីផ្សេងគ្នាក្តីក៏ «គោលបំណងចម្បងនៃការកំណត់ឲ្យមានសញ្ជាតិតែមួយ គឺដើម្បីអព្យាក្រឹតសម្រាប់ គ.ជ.ប»៕