ភ្នំពេញៈ បន្ទាប់​ពី​ពន្យា​រពេល​អស់​ជា​ច្រើន​ខែ គណ​បក្ស​ប្រជា​ជន​កម្ពុជា​គ្រោង​កោះ​ប្រជុំ​គណៈ​អចិ​ន្ត្រៃយ៍​លើក​ទី​៤១​របស់​ខ្លួន​នៅ​ក្នុង​​​ខែ​ធ្នូ​ខាង​មុខ​នេះ ​ជា​អ្វី​ដែល​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ថា​ ដើម្បី​ត្រួត​ពិនិត្យ​សភាព​ការណ៍​ការ​ងារ​កន្លង​ទៅ​ និង​ដាក់​ទិស​ដៅ​នា​ពេល​ខាង​មុខ​ ខណៈ​អ្នក​វិភាគ​យល់​ថា​ អាច​ផ្ដោត​លើ​បញ្ហា​នយោ​បាយ​ក្នុង​ពេល​កម្ពុជា​កំពុង​រង​សម្ពាធ​ពី​អន្ដរ​ជាតិ​​។​

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក​ សុខ​ ឥសា​ន បាន​ថ្លែង​នៅថ្ងៃទី៦ ខែវិច្ឆិកានេះ ថា​ កម្ម​វិធី​នេះ ​គឺ​ជា​ការ​ប្រជុំ​ធម្មតាស្រប​តាម​លក្ខ​ន្តិកៈ​ដែល​តែង​ធ្វើរ​យៈពេ​ល៦​ខែ​ម្ដង​ ប៉ុន្តែ​ការ​ពន្យារ​ពេល​កន្ល​ងម​ក ដោ​យសា​រ រវល់កា​រងា​របោះ​ឆ្នោត​។

លោក​បាន​បញ្ជាក់​ថា៖«វា​ជា​កម្មវិធី​ប្រជុំ​ធម្មតា​របស់​គណ​បក្ស​តាម​លក្ខ​តិកៈ៦ខែ​ត្រូវ​ប្រជុំ​ម្តង​ហើយ​ដោយសារតែ​យើង​រវល់​បោះ​ឆ្នោត​បាន​ជា​យើង​ពន្យា​រពេល​រហូតដល់​ចុង​ខែ​១២​ទើប​គណបក្ស​កោះប្រជុំ​ដើម្បី​ត្រួត​ពិនិត្យ​សភាព​ការ​ការងារ​កន្លងទៅ​និង​ដាក់​ទិសដៅ​ការងា​រ នៅពេល​ខាងមុខ​ហើយ​នេះ​ជា​រឿង​ធម្មតា​របស់​គណ​បក្ស​គ្មានអ្វី​ចម្លែក​ទេ»។

បើ​តា​មលោក ​សុខ ឥសាន ការ​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើងចាប់​ពី​ថ្ងៃ​ទី​ ១៨​ ដល់​ថ្ងៃ​ទី​ ២០​ ខែ​ធ្នូ​ ដោយមាន​សមា​ជិក​គណៈ​កម្មា​ធិការ​កណ្តាល​ចូ​ល​រួម​ជាង​ ៨០០​នាក់ ​ហើយ​អង្គប្រ​ជុំ​នឹង​វាយ​តម្លៃ​របា​យការ​ណ៍​និង​មាន​ចេញ​គោល​ការ​ណ៍​​ផ្សេ​ង​។

យ៉ាង​ណា​ក្ដី​ កា​រកោះ​ប្រជុំ​នេះ​ធ្វើឡើង​ ខណៈ​កម្ពុជា​កំពុង​រង​សម្ពាធ​ពី​អន្ត​រជាតិ​ទាក់​ទ​ងនឹង​ការ​អនុ​គ្រោះ​ពន្ធ​EBA​ពីស​ហភាព​អឺរ៉ុប​ដើម្បី​ស្នើឲ្យ​រដ្ឋាភិ​បាល​ស្វែ​ងរក​ដំណោះ​ស្រាយ​នយោ​បាយ​ដើម្បី​ស្តារ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ​និង​ទម្លាក់​​បទ​ចោ​ទលើ​លោក ​កឹម សុខា​ អតីត​ប្រធាន​គណ​បក្ស​ប្រឆាំ​ង​ ជាអ្វីដែល​​រដ្ឋា​បាន​ចាត់ទុ​ក​ការព្រមាន​នោះ​ថា​ ជាការ​ជ្រែ​ត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​។

អ្នក​វិភាគ​បញ្ហា​សង្គម​ និង​នយោ​បាយ ​លោក ​បណ្ឌិត​ មាស ​នី​ នៅថ្ងៃទី៦ ខែវិច្ឆិកានេះ ​បាន​យល់​ឃើញ​ថា ការ​កោះ​ប្រជុំ​នា​ខែ​ធ្នូ​ ខាង​មុខ​នេះ​ អាច​ផ្តោត​លើ​បញ្ហា​នយោ​បាយទា​ក់​ទងនឹង​ការ​កំណែ​ទម្រង់​និងរកវិ​ធីសាស្ត្រ​ទាក់​ទាញ​ប្រជា​ប្រិយ​ភាព​ពី​ពល​រដ្ឋ​ដើម្បី​បន្ត​ដឹក​នាំ​រដ្ឋា​ភិ​បាលខ​ណៈកម្ពុជាកំ​ពុង​​រង​សម្ពាធ​អន្តរ​ជាតិ​។

លោក​បាន​បញ្ជក់​ថា៖​ «ខ្ញុំ​គិត​ថា​ ការ​ប្រជុំ​នឹង​ជា​ប្រជុំ​ពិសេស​មួយ​ ដើ​ម្បី​ពិនិត្យ​មើល​ស្ថាន​ភាព​ទូទៅ​រួម​ទាំង​កា​រធ្វើ​កំណែ​ទម្រង់និង​យុទ្ធសាស្ត្រ​ធ្វើ​ម៉េច​ដើម្បី​ដណ្តើម​ប្រជា​ប្រិយ​ភាព​ឡើង​វិញ​…​គេ​នឹង​លើក​យក​នូវ​​ស្ថាន​ការណ៍​នយោ​បាយ​បច្ចុប្បន្ន ទៅ​ពិភាក្សា​និង​ការ​ទប់​ទល់​នឹង​សម្ពាធអ​ន្តរ​ជាតិ​និង​វិធី​សាស្ត្រ​ដើម្បី​បន្ត​កាន់​អំណាច»​។

គួរ​បញ្ជាក់​ថា​ តាម​កាល​វិភាគ​ កិច្ច​ប្រជុំ​នេះ​ទំនង​ជា​ត្រូវ​ធ្វើ​តាំង​ពី​ខែ​កក្កដា​មក​ម្លេ៉ះ ​បើ​គិត​រយៈ​ពេល​៦ខែ​ម្ដង ចាប់​តាំង​ពី​ប្រជុំ​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០១៨​ កន្លង​ទៅ​៕