ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​នេះ​ បាន​សម្រេច​ដាក់​ចេញ​ទិសដៅ​ការងារ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ការ​ថែរក្សា​សន្តិភាព​ ស្ថិរភាព​ នយោបាយ ​និង​សន្តិសុខ​ជាតិ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្តាល​កាល​ពី​ម្សិលមិញ។​ នេះ ​បើ​តាម​ព័ត៌មាន​​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន។

បើ​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង ថា ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្តាល​ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន ​និង​មាន​ការ​ចូលរួម​ពី​សមាជិក​គណៈកម្មាធិការ​កណ្តាល​ទាំង​អស់​ប្រមាណ​ ១ ០៥៨​ នាក់​ នៅ​មជ្ឈមណ្ឌល​សន្និបាត ​និង​ពិព័រណ៍​កោះពេជ្រ​នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ២២ ខែ សីហា ឆ្នាំ ​២០១៩ ​បាន​សម្រេច​ឲ្យ​មន្ត្រី​គណបក្ស​គ្រប់​ជាន់​ថ្នាក់​ត្រូវ​ខិតខំ​អនុវត្ត​នូវ​ទិសដៅ​ការងារ​សំខាន់ៗ។

ទិសដៅ​ការងារ​ទាំង​នោះ​គឺ​ «បន្ត​លើក​កម្ពស់​មនសិការ​ស្នេហា​ជាតិ​បរិសុទ្ធ ​ពង្រឹង​សាមគ្គី​ជាតិ ​ការពារ​យ៉ាង​រឹងមាំ​នូវ​ឯករាជ្យ​អធិបតេយ្យ ​និង​បូរណភាព​ទឹកដី ​ប្រឆាំង​ការ​ជ្រៀតជ្រែក​របស់​បរទេស​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ​ដោយ​មិន​ឱន​ក្បាល​ចំពោះ​ការ​គាប​សង្កត់​ណា​មួយ​ពី​ខាង​ក្រៅ។ ប្តូរ​ផ្តាច់​ថែ​រក្សា​សន្តិភាព ​ស្ថិរភាព​នយោបាយ ​សន្តិសុខ​ជាតិ ​មិន​ឲ្យ​កម្លាំង​ណា​មក​បំផ្លាញ​បាន»។

ទិសដៅ​បន្ទាប់​គឺ «បន្ត​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ ពហុបក្ស​ និង​នីតិរដ្ឋ​ដែល​ស្រប​ជាមួយ​នឹង​ ស្ថានភាព​ជាក់​ស្តែង​របស់​កម្ពុជា។ រាំង​ស្កាត់​រាល់​សកម្មភាព​ដែល​ប៉ុនប៉ង​ ច្រាន​កម្ពុជា​ឱ្យ​ឃ្លាត​ចេញ​ពី​មាគ៌ា ​ប្រជាធិបតេយ្យ ​និង​នីតិរដ្ឋ។ លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ស្វែង​យល់​អំពី​សិទ្ធិ ​និង​ករណីយកិច្ច​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស ​និង​ការ​គោរព​អនុវត្ត​ច្បាប់»។ ទន្ទឹម​នឹង​នេះ​ទិសដៅ​ការងារ​បញ្ជាក់​ថា មន្ត្រី​គណបក្ស​គ្រប់​ជាន់​ថ្នាក់​ត្រូវ​លើក​កម្ពស់​សុវត្ថិភាព​សន្តិសុខ​សង្គម​តាមរយៈ​ការ​ធ្វើ​ឱ្យ​បទ​ល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​មាន​ការ​ថយ​ចុះ។

ពង្រឹង​បរិយាកាស​សង្គម​កម្ពុជា ​ជា​សង្គម​ថ្លៃថ្នូរ​ គ្មាន​ក្រុម​សង្គម​ងងឹត​ គ្មាន​ជនពាល ​និង​ជំរុញ​ការ​ផ្តល់​សេវា​នានា​ជូន​ប្រជាជន​ជា​ពិសេស​សៀវភៅ​ស្នាក់នៅ ​សៀវភៅ​គ្រួសារ ​អត្តសញ្ញាណប័ណ្ណ ​និង​សេវា​ចាំបាច់​ផ្សេងៗ​ឱ្យ​បាន​លឿន និង​តម្លាភាព​​។

ទិសដៅ​ការងារ​មួយ​ទៀត​គឺ «ពង្រឹង​ការ​កៀរគរ​ចំណូល ​និង​ការ​វិភាជ ​និង​ប្រើប្រាស់​ថវិកា​ ឱ្យ​មាន​ប្រសិទ្ធភាព ​និង​ចំ​គោលដៅ​ ព្រម​ទាំង​រក្សា​ស្ថិរភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដើម្បី​បញ្ចៀស​នូវ​វិបត្តិ​ដោយ​យថាហេតុ»។

លោក ​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ប្រាប់​អ្នក​សារព័ត៌មាន ​បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ​ថា​ កិច្ច​ប្រជុំ​បាន​ផ្តោត​ទៅ​លើ​ការ​វិវឌ្ឍ​នៃ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល។ លោក​ថា​ បន្ទាប់​ពី​បង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី៦ ​រាជរដ្ឋាភិបាល​មាន​ការ​ខិតខំ​ប្រឹង​ក្នុង​ការ​ជំរុញ​ការងារ​អន្តរជាតិ ​និង​ការងារ​ដែល​ពាក់ព័ន្ធ​ផ្ទៃ​ក្នុង​ដើម្បី​កសាង​អភិវឌ្ឍ​ប្រទេស។

លោក​បញ្ជាក់​ថា​៖ «យើង​លើក​ឡើង​អំពី​ចំណុច​ខ្លាំង​ចំណុច​ខ្សោយ ​មួយ​ចំនួន​ដែល​យើង​ត្រូវ​តែ​រួមគ្នា​ដើម្បី​ដោះស្រាយ​ នា​ពេល​ខាង​មុខ​នេះ។ ចំណុច​ដែល​ពេញ​ចិត្ត​របស់​យើង ​គឺ​យើង​រក្សា​បាន​នូវ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ក៏​ដូចជា​ការ​រីក​ចម្រើន​ក្នុង​សង្គមជាតិ​កម្ពុជា។ ចំណុច​នៅតែ​ជា​ការ​​ប្រឈម​ត្រូវ​ខិតខំ​ថែម​ទៀត ​គឺ​ជា​ចំណុច​ដែល​មិន​ទាន់​ពេញ​ចិត្ត​យើង»។

ជាមួយ​គ្នា​នេះ​លោក ​សុខ ឥសាន​ ថ្លែង​ថា​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ប្រាប់​សមាជិក​គណៈកម្មាធិការ​កណ្តាល​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ បើ​ទោះ​បីជា​គ្មាន​ EBA ​ក៏​ប្រទេស ​កម្ពុជា ​មិន​ស្លាប់​ដែរ ​ហើយ​លោក​បាន​ស្នើ​ឲ្យ​សមាជិក​ទាំង​អស់​ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នា​ពេល​ខាង​មុខ។

លោក​ថា​៖ «ផ្អែក​ទៅ​តាម​ឋានៈ ​និង​ការ​រីក​ចម្រើន​របស់​ជាតិ​យើង​ យើង​យល់​ថា ​យូរ​និង​ឆាប់ ​EBA ​គង់​តែ​បាត់​ទេ។ មាន​EBA ​ក៏​មិន​អាច​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភ្លាមៗ​ដែរ ​ហើយ​បើ​អត់ ​EBA ​ក៏​មិន​អាច​ធ្វើ​ឲ្យ​កម្ពុជា​ស្លាប់​ដែរ។ ដូច្នេះ​បញ្ហា​សំខាន់ ​គឺ​យើង​ត្រៀម​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​យ៉ាង​ណា​ ទោះ​បី​ជា​អត់ ​EBA ​ក៏​យើង​អាច​ដំណើរការ​រស់​បាន​ដែរ»។

ពេល​ចោទ​សួរ​ទាក់ទង​នឹង​ក្រុម​ញុះញង់​របស់​គណបក្ស​ប្រឆាំង​លោក ​សុខ ឥសាន ​បាន​ទទួល​ស្គាល់​ថា ​ពិត​ជា ​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ស្វិត​ស្វាញ​រវាង​គណបក្ស​ប្រជាជន ​និង​គណបក្ស​ប្រឆាំង​ ដោយ​ចោទ​គណបក្ស​ប្រឆាំង​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ញុះញង់​ ភូត​កុហក ​និង​មួល​បង្កាច់​ ដូច្នេះ​បាន​ជា​លោក ​ហ៊ុន សែន ​បាន​ចាត់​ឲ្យ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ខិតខំ​ជួយ​ពន្យល់​ និង​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​ដឹង​ពី​សភាពការណ៍​ពិត។

កិច្ច​ប្រជុំ​នេះ ​បាន​កំណត់​ទិសដៅ​ការងារ​គណៈកម្មាធិការ​សម្រាប់​រយៈ​ពេល ៦ ​ខែ ​ហើយ​បាន​ត្រួត​ពិនិត្យ​វាយ​តម្លៃ​លើ​អ្វី​ដែល​គណបក្ស​បាន​អនុវត្ត​រយៈពេល ​៦ ​ខែ​កន្លង​មក។

លោក គិន​ ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណិ្ឌត្យ​សភា​កម្ពុជា​ និង​ជា​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា​ ធម្មតា​ការ​ប្រជុំ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​ តែងតែ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ ​ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្រ្ដ​ប្រចាំ​ឆ្នាំ​របស់​បក្ស​ មិន​មាន​អ្វី​ជា​ការ​ប្លែក​ទេ។​

លោក​ថ្លែង​ថា​៖ «ការ​ប្រជុំ​នេះ​មិន​មាន​ដើម្បី​ដោះ​ស្រាយ​​ករណី​ពិសេស​ណា​មួយ​ទេ។ ប៉ុន្ដែ​ជា​ការ​ចេញ​នូវ​គោល​នយោបាយ​របស់​បក្ស​ព្រោះ​ជា​ទូទៅ​គណបក្ស​ប្រជាជន​ តែងតែ​រៀប​ចំ​ផែនការ​យុទ្ធសាស្រ្ដ​ប្រចាំ​ឆ្នាំ និង​ផែនការ​យូរ​អង្វែង​សម្រាប់​ការ​ដឹកនាំ​ប្រទេស​ជាតិ»​។

លោក​បន្ថែម​ថា​ ដូច្នេះ​ ដើម្បី​ថែរក្សា​សន្តិភាព ​ស្ថិរភាព​នយោបាយ​ និង​សន្តិសុខ​ជាតិ ​ការ​រៀបចំ​ផែនការ​យុទ្ធសាស្រ្ដ​ជា​ការ​ចាំបាច់​​ទាំង​ពេល​បច្ចុប្បន្ន​ និង​ទៅ​ពេល​អនាគត ព្រោះ​ប្រទេស ​កម្ពុជា ​ធ្លាប់​មាន​បទ​ពិសោធ​ឆ្លង​កាត់​សង្រ្គាម​ច្រើន​មក​ហើយ​ផល​វិបាក​នៃ​សង្គ្រាម​នោះ​បាន​បន្សល់​ទុក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

លោក ​គិន ភា ​បន្ត​ថា​៖ «ដូច្នេះ​អ្វីៗ​ទាំង​អស់​ ក្នុង​តម្លៃ​ណា​ក៏​ដោយ ​ការ​រក្សា​សន្តិភាព​ ស្ថិរភាព ​គឺ​ជា​ការ​សំខាន់​ដែល​គណបក្ស​ប្រជាជន​ចាំបាច់​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​។ ចំណែក​ការ​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្រ្ដ ​និង​គោល​នយោបាយ​នេះ ​សង្កត់​ធ្ងន់​លើ​ការ​រក្សា​សន្តិភាព​ ស្ថិរភាព​នយោបាយ​នេះ ​វា​ក៏​អាច​ជា​សារ​មួយ​ដែល​បាន​កើត​ឡើង​ ជាភាព​បន្ទាន់​នៃ​សភាព​​ការណ៍​​ដែល​យើង​ឃើញ​ថា ​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​មាន​ចេតនា​ទុច្ចរិត​បង្ក​ឲ្យ​មាន​ចលាចល​សង្គម​»។

លោក ​ឯម សុវណ្ណារ៉ា ​អ្នក​វិភាគ​នយោបាយ​លើក​ឡើងថា​ ជា​ទូទៅ​សមាជិក​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ​មាន​ភារកិច្ច​ក្នុង​ការ​រក្សា​សន្ដិភាព ​សុវត្ថិភាព​សង្គម​ បើ​ពលរដ្ឋ​ចូលរួម​នៅ​ក្នុង​ចលនា​ណា​មួយ​ដែល​មិន​ស្រប​ច្បាប់។

លោក​​ថ្លែង​ថា​៖ «ពាក់ព័ន្ធ​ទៅ​នឹង​ចលនា​បក្ស​ប្រឆាំង ​មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​លោក សម រង្ស៊ី ​គាត់​អំពាវនាវ​នោះ​បើ​សិន​ជា​ពលរដ្ឋ​គាត់​ធ្វើ​ទៅ​តាម​គោលការណ៍​ស្រប​ច្បាប់ ​បែប​ប្រជាធិបតេយ្យ ​ខ្ញុំ​គិត​ថា​មិន​មាន​អ្វី​ខុស​ឆ្គង​ទេ។ កុំ​ឲ្យ​តែ​វា​ជា​បញ្ហា​ណា​មួយ​ដែល​ខុស​នឹង​គោលការណ៍​ច្បាប់​»។

សមាជិក​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «មិត្ដ​មក​ពី​បណ្តា​ប្រទេស​ណា​ក៏​ដោយ​ឱ្យ​តែ​ចង់​ចង​មិត្ដ​ជាមួយ​កម្ពុជា​ សម្ដេច​ប្រាប់​មិន​ឱ្យ​យើង​បោះបង់​ចោល​មិត្ដ​ណា​ទាំង​អស់​។ មិន​មែន​រើសអើង​ទៅ​រាប់​អាន​តែ​ចិន ​បោះបង់​អាមេរិក​ទេ។ គឺ​សម្តេច​ (ហ៊ុន សែន​) បាន​ណែនាំ​ឲ្យ​យើង​ពង្រឹង​គ្រប់​យន្តការ​ទាំង​អស់​ ដើម្បី​ទាក់ទាញ​មិត្ដ​ទាំង​អស់»។

លោក ​អ៊ូ ច័ន្ទរ័ត្ន ​អតីត​តំណាងរាស្ត្រ​នៃ​អតីត​បក្ស​ប្រឆាំង ​ចាត់​ទុក​កិច្ច​ប្រជុំ​របស់​​បក្ស​កាន់​អំណាច​​ អាច​នឹង​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង ​និង​ដោះស្រាយ​បញ្ហា​នយោបាយ​ដែល​កម្ពុជា​កំពុង​ប្រឈម។

លោក​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា ​អាច​នឹង​មាន​ភាព​វិជ្ជមាន​ខ្លះ ​ដោយ​យើង​តែងតែ​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​គេច​ផុត​ពី​សម្ពាធ​អន្តរជាតិ ​ហើយ​​វា​មាន​វិធីសាស្ត្រ​ច្រើន​ក្នុង​ការ​ជជែក​គ្នា​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ»៕