ភ្នំពេញៈ សន្និបាត​គណៈចលនា​មហាជន​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាល​មហោស្រព​កោះពេជ្រ​ចំនួន​ ២ ​ថ្ងៃ​កន្លងមក​ បាន​ចែករំលែក​បទពិសោធ​ និង​ពង្រឹង​គោលនយោបាយ​ដល់​ចលនា​សហជីព ចលនា​យុវជន និង​ចលនា​ស្ត្រី​នៅ​​ទូទាំង​ប្រទេស និង​មន្ត្រី​ដែល​មាន​តួនាទី​កំពុង​បម្រើ​រាជរដ្ឋាភិបាល​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់ បម្រើ​ប្រជាពលរដ្ឋ​​ឲ្យ​ទទួល​បាន​នូវ​សេវា​សាធារណៈ​ក្នុងនោះ​គឺមាន​ទាំង​សេវា​តម្រូវការ និង​សេវា​ចាំបាច់​នានា​ព្រម​ទាំង​ទទួល​យក​នូវ​សំណូមពរ​នានា​ពី​ប្រជាពលរដ្ឋ​ដើម្បី​បង្កើន​នូវ​ជំនឿ និង​ភាពកក់ក្តៅ​កាន់តែខ្លាំង​ដល់​ប្រជាពលរដ្ឋ ដើម្បី​ដណ្ដើម​សន្លឹកឆ្នោត​ឆ្នាំ​ ២០២២ និង​ ២០២៣​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​រសៀល​ថ្ងៃអាទិត្យ​ថ្ងៃទី​ ២២ ខែ ​ធ្នូ ឆ្នាំ​ ២០១៩ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​គណៈ​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន កម្ពុជា​ដែល​ធ្វើឡើង​នៅ​សាលមហោស្រព​កោះពេជ្រ​ចាប់ពី​ថ្ងៃ​ទី​ ២១ ដល់​ថ្ងៃទី​ ២២ ខែ ធ្នូ ឆ្នាំ​ ២០១៩ ដើម្បី​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ និង​ដាក់​ទិសដៅ​ការងារ​គណបក្ស​បន្ត ដើម្បី​ប្រកួត​ប្រជែង​ការបោះឆ្នោត​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅក្នុង​ឆ្នាំ​ ២០២២ និង​ឆ្នាំ​ ២០២៣​។

លោក សុខ ឥសាន បាន​ថ្លែង​​ថា​៖ «​លោក (​ប្រធាន​គណបក្ស​) ​បាន​ថ្លែង​រហូត​ដល់​ ៤ ​​ម៉ោង ​ដោយសារ​តែមាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​បូកសរុប​ក្នុង​ការងារ​ចលនា​មហាជន ដើម្បី​ដណ្តើម​យក​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​ឆ្នាំ ២០២២ និង​ ២០២៣ ខាងមុខ​ហ្នឹង​។ ការងារ​ច្រើនណាស់​រួមមាន​ការងារ​សហជីព ការងារ​យុវជន និង​ការងារ​ស្ត្រី​ផង ដូច្នេះ​ហើយ​ការងារ​ម្នាក់ៗ​មាន​ច្រើនណាស់​»​។

លោក ឥសាន ថ្លែងថា​៖ «​មុខព្រួញ​សំខាន់​គឺ​ការកសាង​អង្គការ​មហាជន​ទាំងឡាយ​ដែល​បាន​រៀបចំ​ធ្វើជា​ស្ពាន​តភ្ជាប់​រវាង​គណបក្ស និង​ប្រជាជន​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​ដើម្បី​ឲ្យ​យល់ដឹង​កម្មវិធី​នយោបាយ​របស់​គណបក្ស និង​បង្កើត​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់​គណបក្ស​បន្តទៅទៀត​»​។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បក្ស​។ រូបថត SPM

លោក ឥសាន បាន​ឲ្យ​ដឹង​ដែរ​ថា បទពិសោធ​កន្លងមក​គណបក្ស​ប្រជាជន​ក៏បាន​ប្រឈមមុខ​ជាមួយ​បញ្ហា​មួយ​ចំនួន​ផងដែរ​ដែល​បាន​បង្កឡើង​ដោយ​គណបក្សប្រឆាំង​ដែល​បាន​រំលោភ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​បាន​ព្យាយាម​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​បង្ក​ឧបសគ្គ​ដល់​គណបក្ស​ប្រជាជន​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​។

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ «​ក្រុម​ឧទា្ទម​ក្រៅច្បាប់​ដែល​រំលោភ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ដែល​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​បាន​បង្កើត​បញ្ហា​នឹង​ឧបសគ្គ​ជា​បន្តបន្ទាប់​មិន​ឲ្យ​ប្រទេសជាតិ​មាន​ការរីកចម្រើន​»​។

លោក​ក៏បាន​អះអាងថា ដោយសារ​តែ​គណបក្ស​ប្រជាជន​បន្ត​ដើរ​នូវលើ​មាគ៌ា​ដ៏ត្រឹមត្រូវ និង​ការសាមគ្គី​ផ្ទៃក្នុង​រឹងមាំ ដែល​​ធ្វើឲ្យ​គណបក្ស​ប្រជាជន​បន្ត​ទទួល​បាន​ជោគជ័យ និង​បំផ្លាញ​បាន​ឧបាយកល​ពិសពុល​របស់​ពួកក្រុម​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅ​។ ការណ៍​នេះ​ធ្វើឲ្យ​គណបក្ស​ប្រជាជន និង​ប្រជាជន​មានលទ្ធភាព​ធ្វើការ​បង្រួបបង្រួម​មហា​កម្លាំង​ជន និង​សាមគ្គី​ជាតិ​ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សេចក្តីសុខ​របស់​ប្រជាជន​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ត្រូវមាន​កម្លាំង​សាមគ្គីភាព និង​ឯកភាពរឹងមាំ ហើយ​កាលណា​យើង​មាន​ផ្ទៃក្នុង​រឹងមាំ​ហើយ​មហិច្ឆតា​ខាងក្រៅ​ដែល​ប៉ុនប៉ង​បំបែកបំបាក់​ក៏ដូចជា​បំផ្លាញ​សមិទ្ធផល សង្គមជាតិ​ក៏​មិនអាច​ប្រព្រឹត្ត​ទៅ​បានដែរ ហើយ​យើង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កម្មវិធី​នយោបាយ​របស់​គណបក្ស​ដោយ​ឆ្លាតវៃ​ទៅតាម​សភាពការណ៍​ជាក់ស្តែង​របស់​ប្រទេសជាតិ​»​។

លោក ឥសាន ថ្លែងថា​៖ «​ចលនា​មហាជន​នៅតែ​បន្ត​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការបំពេញ​សំណូមពរ​របស់​ប្រជាជន ហើយ​បាន​ដោះស្រាយ​រាល់​បញ្ហា និង​កង្វល់​ជូន​ប្រជាជន​បាន​ទាន់​ពេលវេលា​បើទោះបី​មាន​ឧបសគ្គ​ ឬ​មហិច្ឆតា​បំបែក​ផ្ទៃក្នុង​របស់​ចលនា​មហា​ជននេះ​យ៉ាងណា​ក៏ដោយ​។

កាលពី​ថ្ងៃទី​ ២៣ ​ធ្នូ ១ ​ថ្ងៃក្រោយ​សន្និបាត​នៅលើ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន បាន​សរសេរ​ដោយបាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​សមាជិក​សមាជិកា​គណបក្ស ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ដែល​បាន​ចូលរួម​សម្រេចបាន​នូវ​ជោគជ័យ​ធំៗ​ជាច្រើន​សម្រាប់​ជាតិ​មាតុភូមិ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​៖ «​ច្បាស់​ណាស់ គឺ​គ្រប់​កាលៈទេសៈ​ទាំងអស់ គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​នៅ​ជិត​ប្រជាពលរដ្ឋ ហើយ​ខិតខំ​ពង្រឹង​នូវ​សាមគ្គីភាព និង​ប្រមូល​នូវ​គ្រប់​ធនធាន​ទាំងឡាយ​ដើម្បី​ជំរុញ​ការកសាង អភិវឌ្ឍន៍ និង​ការពារ​មាតុភូមិ​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​។ ទន្ទឹម​នឹង​នោះ​គឺ​យើង​ត្រូវ​បន្ត​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​សង្គម​ឲ្យ​បាន​រឹងមាំ​ដើម្បី​កម្ពុជា​កាន់តែ​មានឱកាស​អភិវឌ្ឍន៍​ប្រទេសជាតិ​។ ដោយសារ​គណបក្ស​មាន​មាគ៌ា​ដឹកនាំ​ត្រឹមត្រូវ និង​ផ្តល់​សិទ្ធិសេរីភាព​ពេញលេញ​ដល់​ប្រជាពលរដ្ឋ​មកទល់​ពេល​នេះ​គឺ​មាន​តែ គណបក្ស​ប្រជាជន​កម្ពុជា​តែ​ ១ ​គត់​ដែល​ទទួល​បាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ក្នុង​នោះ​ក៏មាន​ការចូលរួម​ពី​សមាជិក​គណបក្សនយោបាយ​នានា​ផងដែរ ដែល​ធ្វើឱ្យ​គណបក្ស​ប្រជាជន​កាន់តែ​រឹងមាំ និង​បន្ត​ឈ្នះឆ្នោត និង​កាន់តែ​រីក​ធំធាត់​ទៅមុខ​ជានិច្ច​»​។

អ្នកវិភាគ​នយោបាយ​លោក​ ឯមសុវណ្ណារ៉ា បាន​ថ្លែងថា​ជាទូទៅ​ប្រធាន​បក្ស​ត្រូវធ្វើ​ការណែនាំ និង​រំឭក​ដល់​មន្ត្រី​គណបក្ស​របស់​គណបក្ស​របស់​ខ្លួន​ក្នុង​ការរៀបចំ​ខ្លួន​ដើម្បី​ប្រកួតប្រជែង​ជាមួយ​នឹង​គណបក្ស​ផ្សេង​ហើយ​នេះ​ជា​យន្តការ​មួយ​របស់​គណបក្ស​ប្រជាជន ដើម្បី​ទទួល​ជោគជ័យ​ក្នុង​ការប្រកួតប្រជែង​តែ​ការកែទម្រង់​នេះ​មន្ត្រី​នៅ​មូលដ្ឋាន​មិន​ទាន់​អាចអនុវត្ត​បាន​តាម​ការណែនាំ​របស់លោក​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​មន្ត្រី​ថ្នាក់មូលដ្ឋាន​មិនទាន់​ធ្វើបាន​ទៅ​តាម​អ្វី​ដែល​មន្ត្រី​ថ្នាក់ជាតិ​បាន​ដាក់​ចេញ​នៅពេល​កន្លងមក គាត់​នៅតែ​មាន​ឆកល្វែង និង​មិនបាន​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ហ្នឹង​គ្រប់គ្រាន់​ដោយសារ​តែ​ប្រជាពលរដ្ឋ​ដែល​ទទួល​សេវា​របស់​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​មិនអាច​អនុវត្ត​គោរព​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​»​។

លោក​ សុខ ទូច ​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​បញ្ហា​សន្និបាត​នោះទេ​។ ខណៈ​អ្នកវិភាគ​លោក មាស នី ​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពាក់ព័ន្ធ​ទៅនឹង​ទិសដៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​បោះឆ្នោត​បានទេ​កាលពី​ម្សិលមិញ​៕