The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គណបក្ស​ប្រជាជន​ សុំ​លើក​ពេល​​វិញ​រឿង​ជួប​ចរចា​ជាមួយ​បក្ស​ប្រឆាំង




គណបក្ស​ប្រជាជន​ សុំ​លើក​ពេល​​វិញ​រឿង​ជួប​ចរចា​ជាមួយ​បក្ស​ប្រឆាំង

Content image - Phnom Penh Post
លោក ស ខេង និង​លោក​ កឹម សុខា ក្នុង​ជំនួប​នា​ពេល​កន្លង​មក​​​។ ហេង ជីវ័ន

គណបក្ស​ប្រជាជន​ សុំ​លើក​ពេល​​វិញ​រឿង​ជួប​ចរចា​ជាមួយ​បក្ស​ប្រឆាំង

ភ្នំពេញៈ បើ​ទោះបី​ជា​​ផែនការ​​ត្រូវ​បាន​​រៀបចំ​រួច​​​ហើយ​សម្រាប់​កិច្ចប្រជុំ​នយោបាយ​​ជាមួយ​​គណបក្ស​​ប្រឆាំង​ក៏ដោយ ប៉ុន្មាន​​ម៉ោង​ក្រោយ​មក​គណបក្ស​កាន់​អំណាច​​បាន​​លើក​ពេល​​​វិញ​បន្ទាប់ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​គំរាម​លុប​​​​តំណែង​លោក កឹម សុខា ​ពី​ប្រធាន​​ក្រុម​តំណាងរាស្រ្ត​សំឡេង​ភាគតិច​ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្រ្តី។

ការ​លើក​​ពេល​នៃ​កិច្ចប្រជុំ​ជាមួយ​គណបក្ស​ប្រឆាំង​ដែល​ទើប​តែ​បាន​កំណត់​ពេល​រួច​ហើយ​នេះ​ត្រូវ​បាន​អ្នក​វិភាគ​យល់​ថា​គឺជា​ការ​ដាក់​សម្ពាធ​ថ្មី​មួយ​ទៀត​របស់​លោក​ ហ៊ុន សែន ទៅ​លើ​គណបក្ស​ប្រឆាំង បន្ទាប់ពី​លោក​ ហ៊ុន សែន បរាជ័យ​ជាថ្មី​ទៀត​ក្នុង​ការ​បំបែក​គណបក្ស​ប្រឆាំង​។

នៅក្នុង​​លិខិត​មួយ​​​​ចេញ​កាលពី​ម្សិលមិញ​ដោយ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​និង​​​ជា​ប្រធាន​ខុទ្ទកាល័យ​​លោក ស ខេង លោក ខៀវ សុភ័គ ទៅ​កាន់​​​ខុទ្ទកាល័យ​​​របស់​​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា លោក សុភ័គ ​បាន​ជម្រាប​​ថា​កិច្ចប្រជុំ​រវាង​រដ្ឋមន្រ្តី​​ក្រសួង​មហាផ្ទៃ​លោក ស ខេង ប្រធាន​តំណាងរាស្រ្ត​សំឡេង​ភាគច្រើន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក កឹម សុខា ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​២៥ មករា នៅ​រដ្ឋសភា​ត្រូវ​បាន​ផ្អាក​ទៅ​ពេល​ខាង​មុខ​។

ទោះ​យ៉ាង​ណា​ក្តី​លិខិត​​នេះ​​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ផ្អាក​​កិច្ចប្រជុំ​នយោបាយ​​​​រវាង​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​នេះ​ទេ​។

កាលពី​ថ្ងៃ​ចន្ទ​ផ្អែក​តាម​លិខិត​ពី​ក្រសួង​មហាផ្ទៃ​ខុទ្ទកាល័យ​របស់​លោក ស ខេង ​បាន​រៀបចំ​សមាសភាព​រួច​ហើយ​ពី​គណបក្ស​ប្រជាជន​​​ដើម្បី​ជួប​​ជាមួយ​​​គណបក្ស​សង្គ្រោះជាតិ​រួមមាន លោក ស ខេង លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​​ក្រសួង​មហាផ្ទៃ និង​​លោក កើត រិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ដើម្បី​​ជួប​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក ខៀវ សុភ័គ ​​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ​មូលហេតុ​ដែល​កិច្ចប្រជុំ​រវាង​​គណបក្ស​ប្រជាជន និង​គណបក្ស​​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ផ្អាក​​ គឺ​ដោយសារ​​គណបក្ស​ប្រជាជន​​ទុក​លទ្ធភាព​ឲ្យ​​​រដ្ឋសភា​​សម្រេច​បើក​សម័យ​ប្រជុំ​លើ​វិសោធនកម្ម​​​មាត្រា​ ៤៨​ ថ្មី​ទៅ​តាម​សំណើ​របស់​លោក ហ៊ុន សែន​។

លោក សុភ័គ បាន​ថ្លែង​បន្ត​ថា​៖ «​​ប្រសិន​បើ​កិច្ចប្រជុំ​គឺ​ដើម្បី​ដោះលែង​អ្នក​ទោស​ លុប​ចោល​ [កិច្ចប្រជុំ​] នោះ​គឺ​ចប់​។ ​ទុក​ឲ្យ​រដ្ឋសភា​​​បើក​​សម័យ​ប្រជុំ​ពេញអង្គ​ដើម្បី​សម្រេច​នោះ​គឺ​ចប់​»។ «​​គ្មាន​អ្វី​ទៀត​ទេ​ដោះលែង​នរណា​ឥឡូវ​​»។

នៅពេល​ទាក់ទង​កាលពី​ម្សិលមិញ​អ្នក​នាំពាក្យ​​រដ្ឋសភា​លោក ឡេង ប៉េងឡុង បាន​ថ្លែង​ថា​រដ្ឋសភា​មិន​ទាន់​​បាន​ទទួល​​សំណើ​ណា​មួយ​​​ដើម្បី​ឲ្យ​មាន​កិច្ចប្រជុំ​ពេញអង្គ​ស្តីពី​​វិសោធនកម្ម​មាត្រា​ ៤៨ ​ថ្មី​នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​នៅ​ឡើយ​ទេ​។

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ និង​លោក យ៉ែម បុញ្ញឫទ្ធិ មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​​កាលពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​របស់​ពួក​លោក​ចូល​តែ​ពុំ​មាន​អ្នក​​ទទួល។ ប៉ុន្តែ​​លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​នេះ​បាន​សរសេរ​​លើ​​​ហ្វេសប៊ុក​​​​​របស់​លោក​ដោយ​ចាត់​ទុក​​លិខិត​ខុទ្ទកាល័យ​​​លោក ស ខេង ​ដែល​ផ្អាក​​កិច្ចប្រជុំ​រវាង​គណបក្ស​​ទាំង​ពីរ​​​ថា​ «រឿង​នេះ​ដូច​រឿង​ល្ខោន​»​។

អ្នក​វិភាគ​នយោបាយ​លោក​ គីម​ សុខ ក៏​បាន​ចាត់​ទុក​ការ​គំរាម​​ធ្វើ​វិសោធនកម្ម​​មាត្រា​ ៤៨​ ថ្មី​នៃ​បទបញ្ជា​​ផ្ទៃក្នុង​រដ្ឋសភា​ដើម្បី​លុប​តំណែង​​របស់​លោក កឹម សុខា ​និង​ការ​ផ្អាក​​កិច្ចប្រជុំ​រវាង​​គណបក្ស​​ទាំង​ពីរ​នេះ​​​​ថា​ជា​ល្បិច​របស់​លោក ហ៊ុន សែន ​ដើម្បី​យក​ឈ្នះ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​​ហើយ​ថា​ប្រសិន​បើ​ល្បិច​​របស់​លោក ហ៊ុន សែន ​​នេះ​បរាជ័យ​នោះ​ដំណើរការ​​នៃ​កិច្ចប្រជុំ​នយោបាយ​​មិន​អាច​បន្ត​ទៅ​​មុខ​បាន​ទេ​។ ​

លោក គីម សុខ​ បាន​ថ្លែង​បន្ត​ថា​៖ «​​​អ្វី​ទាំងអស់​នេះ​ខ្ញុំ​បាន​ឃើញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​​ និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​ដាក់​​សម្ពាធ​ថ្មី​បន្ថែម​ទៀត​ទៅ​លើ​ [​គណបក្ស​សង្គ្រោះ​ជាតិ​]​ ពី​ព្រោះ​គាត់​បរាជ័យ​​ក្នុង​ការ​យក​លោក កឹម សុខា ​ទៅ​អនុវត្ត​​​​​អ្វី​ដែល​ជា​ល្បិច​នយោបាយ​របស់​គាត់​»។ «​ហើយ​ល្បិច​នយោបាយ​របស់​គាត់​គ្មាន​អ្វី​​ក្រៅ​ពី​​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​បំបែក ​[​គណបក្ស​សង្គ្រោះ​ជាតិ​] ពី​​​​ក្រោម​ដល់​លើ​នោះ​ទេ​​។ ​នេះ​ជា​អ្វី​ដែល​គាត់​ចង់​»៕ PS

អត្ថបទគួរចាប់អារម្មណ៍