ភ្នំពេញៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋានជំរុញឲ្យរដ្ឋាភិបាលកាត់បន្ថយការផ្តល់ដីសម្បទានសេដ្ឋកិច្ចមកត្រឹមទំហំតិចជាង ៥ ០០០ ហិកតាដើម្បីជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងការពារបរិស្ថាន និងធនធានធម្មជាតិឲ្យល្អប្រសើរ។
យោងទៅតាមសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានចុះថ្ងៃ ២៥ កញ្ញាបានឲ្យដឹងថាគណបក្សប្រជាធិបតេយ្យមូលដ្ឋានស្វាគមន៍ចំពោះរដ្ឋាភិបាលដែលសម្រេចកាត់បន្ថយរយៈពេលនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចត្រឹម ៥០ ឆ្នាំ។ គប្បីបន្ថយទំហំដីមកនៅតិចជាង ៥០០០ ហិកតាគប្បីកំណត់ឲ្យសម្បទានិករក្សាដី ១០ ភាគរយនៃដីសម្បទានសេដ្ឋកិច្ចទុកជាព្រៃធម្មជាតិ ឬ ដាំព្រៃឡើងវិញសម្រាប់ជារបាំងខ្យល់ ការពារការហូរច្រោះដី ការពារគ្រោះធម្មជាតិ ជីវចម្រុះ រក្សាជម្រកសត្វព្រៃ និងផ្គត់ផ្គង់ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់នោះជាដើម និងពង្រឹងការតាមដាន និងវាយតម្លៃគ្រប់លើដីសម្បទានសេដ្ឋកិច្ចទាំងអស់។
តបនឹងការជំរុញរបស់គណបក្សនោះអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីលោក ផៃ ស៊ីផាន បានបញ្ជាក់ថារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមានគោលការណ៍ច្បាស់លាស់ក្នុងកិច្ចការងារដីសម្បទានសេដ្ឋកិច្ចនេះដោយបានបញ្ឈប់ផ្តល់អាជ្ញាប័ណ្ណថ្មីកាត់បន្ថយរយៈពេលវិនិយោគ និងដកហូតអាជ្ញាប័ណ្ណសម្បទានដីចំពោះក្រុមហ៊ុនដែលមិនបានបំពេញទៅតាមលក្ខខណ្ឌរួចរាល់ចំណែកការកាត់បន្ថយទំហំដីនោះគឺមិនមែនជាបញ្ហាចោទនោះទេ។
លោកថា៖ «ការជំរុញនេះគ្រាន់តែជាគោលការណ៍របស់បក្សនោះប៉ុណ្ណោះតែអ្វីដែលរដ្ឋាភិបាលធ្វើគឺគិតបានគ្រប់ជ្រុងជ្រោយបើថាក្នុងទំហំដីធំបង្កផលប៉ះពាល់គឺយើងមានវិធានការភ្លាមៗអ៊ីចឹងមិនអាចចោទជាបញ្ហានោះទេ»។
យោងទៅតាមច្បាប់ភូមិបាល ២០០១ បានកំណត់ដីសម្បទានសេដ្ឋកិច្ចប្រគល់ឲ្យក្រុមហ៊ុនមួយទំហំច្រើនបំផុតមួយម៉ឺនហិកតា និងមានរយៈពេលយ៉ាងយូរ ៩៩ ឆ្នាំ។
គួរបញ្ជាក់ផងដែរថា កាលពីដើមខែ កញ្ញា រដ្ឋាភិបាលបានធ្វើការសម្រេចកាត់បន្ថយរយៈពេលវិនិយោគក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឲ្យមកនៅត្រឹម ៥០ ឆ្នាំវិញដោយសាររាជរដ្ឋាភិបាលបានរកឃើញថាគម្រោងក្រុមហ៊ុនខ្លះយឺតយ៉ាវ និងខ្លះមិនដំណើរការ៕