ភ្នំពេញៈ គណបក្ស​ភ្លើងទៀន​នឹង​ប្រារព្ធ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃ​សុក្រ​នេះ ដល់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ដោយសារ​ការ​គប់​គ្រាប់បែក​កាលពី​ឆ្នាំ ១៩៩៧ ទៅ​លើ​ការប្រមូលផ្តុំ​របស់​គណបក្ស​ប្រឆាំង​នៅ​សួនច្បារ​មុខ​វត្តបទុម ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១៦ នាក់​ស្លាប់ និង​ជាង​ ១២០ នាក់​ទៀត​បាន​រងរបួស​ក្នុង​នោះ​រួមទាំង​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ផង​ដែរ​។

គ្រាប់បែក​ចំនួន​ ៤ ​គ្រាប់​ត្រូវ​បាន​គប់​ចូល​ទៅ​ក្នុង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ជាតិ​ខ្មែរ​ដែល​កាល​ពេល​នោះ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ដែល​កំពុង​ធ្វើការ​ប្រមូល​ផ្តុំ​នៅ​ម្តុំ​វត្ត​បទុម​ដើម្បី​ទាមទារ​ឲ្យ​មាន​តុលាការ​ឯករាជ្យ​។

នៅក្នុង​ការវាយ​ប្រហារ​នេះ​ដែល​លោក សម រង្ស៊ី ស្ទើរ​តែ​មិន​អាច​គេច​ផុត​ពី​ការស្លាប់ និង​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៦ ​នាក់​ស្លាប់ និង​របួស​ប្រមាណ​ ១២០ ​នាក់​។

មន្ត្រី​គណបក្ស​ភ្លើងទៀន​ដែល​ជា​គណបក្ស​កើត​ចេញ​ពី​គណបក្ស សម រង្ស៊ី និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​លោក យូ សៀងហេង ថ្លែង​ថា​សាលា​រាជធានី​បាន​ផ្តល់​ការអនុញ្ញាត​ដល់​គណបក្ស​សម្រាប់​មនុស្ស​ ១០០ ​នាក់​ក្នុង​ការ​ជួបជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​នៅ​ទីតាំង​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​។ «​វា​គ្រាន់តែ​ជា​ព្រឹត្តិការណ៍​តូច​មួយ ហើយ​គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ​។ វា​នឹង​មិន​មាន​ការ​ថ្លែង​សុន្ទរកថា និង​អ្វី​ក្រៅ​ពី​សាសនា​នោះ​ទេ​»​។

នេះ​នឹង​ជា​ព្រឹត្តិការណ៍​សាធារណៈ​លើក​ទី​ ១ ​របស់​គណបក្ស​ប្រឆាំង​ចាប់​តាំងពី​ការចាប់​ខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​កញ្ញា និង​ការរំលាយ​គណបក្ស​នេះ​កាលពី​ខែ​វិច្ឆិកា​។

ការស៊ើបអង្កេត​អំពី​ការវាយប្រហារ​គប់​គ្រាប់បែក​ឆ្នាំ​ ១៩៩៧ មិន​ទទួល​បាន​លទ្ធផល​ទេ​។

អ្នក​នាំពាក្យ​សាលា​រាជធានី​លោក ម៉េត មាសភក្តី បាន​ថ្លែង​ថា​ពិធី​សាសនា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ធ្វើ ប៉ុន្តែ​អ្នក​ចូលរួម​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចល័ត​ចេញពី​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ទេ​។ លោក​បាន​ថ្លែង​បន្ត​ថា​៖ «​វា​នឹង​មិន​មាន​វេទិកា​បញ្ចេញ​មតិយោបល់ និង​វាយប្រហារ​ស្ថាប័ន​កំពូលៗ​របស់​រដ្ឋាភិបាល ព្រះមហាក្សត្រ និង​ឥស្សរជន​ដទៃៗ​ទេ បើ​មិន​ដូច្នោះ​ទេ វា​នឹង​ខុស​ពី​សំណើសុំ​ការ​អនុញ្ញាត​»​។

លោក​បន្ត​ថា បដា និង​ឧគ្ឃោសនស័ព្ទ​ត្រូវ​បាន​ហាមប្រាម​ផង​ដែរ ហើយ​អាច​មាន​វត្តមាន​សន្តិសុខ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​។

លោកស្រី មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ថា ការវាយប្រហារ​គ្រាប់បែក​នេះ​គឺ​នៅ​តែ​ត្រូវ​បាន​ចងចាំ​ដោយ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក​ហើយ​ថា​ «​វា​សំខាន់​ណាស់​ដែល​ត្រូវ​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ និង​ស្វែងរក​យុត្តិធម៌​ដល់​ពួកគេ​»៕ PS