ភ្នំពេញៈ នៅ​ក្នុង​ពិធី​បូជា​សព​អ្នក​ម្នាង​ អ៊ុក ផល្លា នៅ​ថ្ងៃ​ទី ២០ ខែ​មិថុនា​ គណ​បក្ស​ ហ៊្វុន​ស៊ិន​ប៉ិច​ បាន​សម្តែង​ការ​សោក​ស្តាយ ចំពោះ​ការ​ទទួល​មរណភាព​របស់​អ្នក​ម្នាង ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ថា​ជា​ការ​​បាត់​បង់​យ៉ាង​ធំសម្រាប់​សមាជិក សមាជិការ គណ​បក្ស ជាពិសេស​សម្រាប់​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ ព្រម​ទាំង​បុត្រា និង​ប្រជា​ពលរដ្ឋ​កម្ពុជា។ ក្នុងពិធី​បូជាសព របស់​អ្នកម្នាង នៅ​ខាង​មុខ​វត្ត​បទុម កាល​ពីម្សិល​មិញ ដោយមិនមានវត្តមាន ព្រះ​អង្គ​ម្ចាស់​ រណឫទ្ធិ ខណៈ​ដែល​មាន​ការអ​ញ្ជើញ​ចូល​រួម ​ពី​សមា​ជិ​​កព្រះ​​រាជ​វង្សានុ​វង្ស​ ថ្នាក់​ដឹក​នាំ​គណ​បក្ស​ ស​មាជិ​ក ព្រឹទ្ធ​សភា រដ្ឋ​សភា ​មន្ត្រី​រាជ​ការ និង​​ពលរ​ដ្ឋជាច្រើន​ផង​ដែរ ដោយ​មាន​សម្តេច​ព្រះ​មហិ​ស្សរា​ ន​រោត្តម​ ចក្រ​ពង្ស់​ ឧត្តម​ក្រុម​ប្រឹ​ក្សាព្រះ​ម​ហា​ក្ស​ត្រ តំណា​ងស​ម្តេច​ព្រះ​ មហា​ក្សត្រិយ៍ ​នរោត្តម​ មុនិ​នាថ​ សី​ហនុ ​ជា​អ្ន​កថ្វាយ​ព្រះ​ភ្លើង​បូជា​។ លោក ប៉ាន់ សុធី អគ្គលេខា​ធិការរង គណ​បក្ស​ ហ៊្វុន​ស៊ិន​ប៉ិចបាន​ថ្លែង​ថា មរណ​ភាព​របស់​អ្នក​ម្នាង អ៊ុក ផល្លា គឺជាការ​បាត់​បង់​ព្រះជា​យាជា​ទីស្រលាញ់​ របស់​ព្រះ​អង្គ​ម្ចាស់ រណ​ឫទ្ធិ ជា​ការ​បាត់​បង់​ មា​តា ​បង​ ប្អូន​ បាត់​បង់​សាច់​ញាតិ​ មិត្ត​ជិត​ឆ្ងាយ បាត់​បង់ ប្រជា​រាស្ត្រ ជា​ការ​បាត់​បង់​សមាជិ​ក សមា​ជិ​ការ​នៃ គណ​បក្ស​ហ៊្វុន​សិុន​ប៉ិច​។

លោក​បាន​បញ្ជាក់​ដូច្នេះថា​៖«មរណ​ភាព​រប​ស់​អ្នក​ម្នាង អ៊ុក ផល្លា រណ​ប្ញទ្ធិ គឺជា​ការ​បាត់​បង់​នូវ​ស្រ្តីខ្មែរ​ដ៏ឧដ្តុង​ឧត្តម​មួយរូប ដែល​បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន ក្នុង​ការ​សិក្សា​លើ វិស័យ​សិល្បៈ​ជាតិ ជា​ការ​រួម​ចំណែក​ បម្រើ​ប្រទេស​ជាតិ និង​ប្រជា​រាស្ត្រ​ឥត​នឿយ​ណាយ​លុះ​ដល់​ថ្ងៃ ឱសាន​នៃ​ជីវិត។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ មាន​ការ​សោក​ស្តាយ​ ស្រណោះ​ អាឡោះ​អាឡៃ ក្រៀម​ក្រម និង​រន្ធត់​ចិត្ត​ឥត​ឧបមា រក​ពាក្យ​អ្វី​មក​ថ្លែង​រៀប​រាប់​ដូច​បាន​ឡើយ​»។ លោក​បាន​បន្ត​ថា​៖«ត្បិត​រូប​កាយ​អ្នក​ម្នាង បាន​បាត់​បង់​ទៅក៏​ពិត​មែន តែគំ​រូវីរៈ​ភាព​ដ៏ថ្លៃ​ថ្លា ក្នុង​ការបូជាជីវិត ដង្ហែរ​សម្តេច​ក្រុម​ព្រះ ព្រះ​ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិចក្នុង​ការ​បម្រើ​ជាតិ សាសនា ព្រះ​មហាក្ស​ត្រឥត​នឿយ​ហត់...សមា​ជិក​សមា​ជិការ​គណ​បក្ស​ហ្វុ៊ន​ស៊ីន​បិុច ជា​ពិសេស​សម្តេច​ក្រុម​ព្រះ​នរោត្តម រណ​ឫទ្ធិ​ ព្រម​ទាំង​បុត្រា​ទាំង​ទ្វេ មិន​អាច​បំភ្លេច​បាន​ឡើយ​»។ លោក​ ញ៉េប ប៊ុន​ជិន អ្នក​នាំពាក្យ​គណ​បក្ស​​ហ៊្វុន​ស៊ិន​ប៉ិចបាន​ថ្លែង​ទាំង​អួល​ដើមក​ ជា​មួយ​នឹង​​ទឹកភ្នែក​រលីង​រលោង ប្រាប់​អ្នក​សារព័ត៌​មានបន្ទាប់ពិធី​នោះ​ថា ព្រះ​អង្គ​ម្ចាស់​ ​រណ​ឫទ្ធិ ​មិន​ទាន់​បាន​ជ្រាប​ថា​ អ្នក​ម្នាង ​អ៊ុក​ ផល្លា​ បាន​ទទួល​មរណ​ភាព ហើយ​ត្រូ​វបាន​បូជា​នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​គណ​បក្ស​​មិន​ទាន់​ទូល​ប្រាប់​ព្រះ​អង្គ ពីព្រោះ​មាន​​ការ​ព្រួយ​បារម្ភ​ ពី​សុខ​ភាព​របស់ទ្រង់​។​ លោក​បាន​បញ្ជាក់​ថា៖ «​​យើង​បារ​ម្ភខ្លាំង ​ដូច្នេះយើងមិន​ចង់​ឲ្យ​លោក​ជ្រាប​ពីស​ពអ្នក​ម្នាង​ ដែល​បាន​បូជា​ទេ​ រហូត​ដល់​ម៉ោង​នេះ​។ ​សូម​ជំរាប ​ពលរដ្ឋប្រជា​នុរាស្ត្រ ​ជន​រួមជាតិ​ទាំង​អស់ ក៏​ដូច​ជា​បង​ប្អូន​ដែល​ជា​សមា​ជិក ​សមា​ជិ​កា​​​ដែល​លោក​តាម​ដាន​ព្រឹត្តិ​កា​រណ៍​នេះ​ថា​ យើង​អត់​មាន​ទូល​ថ្វាយ​សម្តេច​​​ព្រះ​ប្រធាន​ អំពី​មរណ​ភាព​របស់​អ្នក​ម្នាង​ជា​ដាច់​ខាត ដោយ​សារ​យើង​យល់​ថា​ ទុក​ឲ្យ​ព្រះអ​ង្គ​លោក​ថែ​ព្រះ​សុខ​ភាព​ ដោយ​យក​ចិត្ត​ទុក​ដាក់​ ឆាប់​បាន​ជា​សះ​ស្បើយ​»។​ លោក​បាន​បន្ដ​ថា៖ «ម្យ៉ាង​ទៀត​​យើង​បារ​ម្ភ​ក្រោយ​ពី​លោក​ជា​សះ​ស្បើយ ​ហើយ​លោក​យាង​ត្រឡប់​មក​វិញ ហើយ​នៅ​សួររក​ព្រះ​ជាយា​របស់​លោក​ យើង​ទាំង​អស់​គ្នា​ កំពុង​គិត​ ហើយ​គិត​ទៀត​ថា ​តើ​យើង​គួរ​ទូល​ថ្វាយ​នៅ​ក្នុង​ពេល​ណា ​ឬ​ស្ថាន​ភាព​ណា​មួយ​​ នេះ​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ»។ បើ​តាម​លោក ប៊ុន​ជិន នៅ​ពេល​នេះ តំណាក់​របស់​ព្រះ​អង្គ​ម្ចាស់ រណឫទ្ធិ ​អត់​មាន​អ្នក​ណា​នៅ​ទេ​ គឺ​មាន​តែ​ព្រះ​រាជ​បុត្រា​តូច​ពីរ​ព្រះអង្គ ​និង​អ្នក​មើល​ថែ ធ្វើ​ឲ្យ​លោក​មាន​ការ​ខ្លោច​ផ្សារ​យ៉ាង​ខ្លាំង។ ​ ទាក់​ទង​នឹង​ព្រះ​សុខ​ភាព​ ព្រះ​អង្គ​ម្ចាស់ រណឫទ្ធិ​​ លោក ប៊ុន​ជិន ​បាន​ឲ្យ​ដឹង​ថា ​លោក​អាច​មាន​បន្ទូល​បាន​​ហើយ​ដោយ​លោក​ចង់​ទូរ​ស័ព្ទ​មក​អ្នក​ម្នាង​ផល្លា​ តែ​​អ្នក​នៅ​មើល​ថែ ​ទូល​ថ្វាយ​លោ​កថា​ អ្នក​ម្នាង​មិន​អី​ទេ​ ដោយ​សារ​ចង់ឲ្យ​​ព្រះ​អង្គ​​ថែ​ព្រះ​កាយ ​ឲ្យ​​ឆាប់​ជា​សះ​ស្បើយ​។​ ទន្ទឹម​នឹង​នេះ​ លោក​ ប៊ុន​ជិន​ ក៏​បាន​ស្នើ​ឲ្យ​សមត្ថ​កិច្ច​ ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​​បាន​ស៊ី​ជម្រៅ​ ចំពោះ​ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​​​ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​មក​នេះ​។ លោក​បាន​បន្ត​ថា៖«ក្រសួង​មហា​ផ្ទៃ​ និង​អា​ជ្ញា​ធរ​មូល​ដ្ឋាន​ មានកា​តព្វកិច្ច សមត្ថ​កិច្ច​ និង​ភារកិច្ច​ ស៊ើប​អង្កេត​ឲ្យ​ស៊ី​ជម្រៅ​ដើម្បី​ឲ្យ​ជនរង​គ្រោះ​ និង​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​អាច​ទទួល​យក​បាន​ដោយ​អស់​ចិត្ត​»។​ ​លោក ឆៃ ចៅ​ អាយុ​ ៤១ ឆ្នាំ សមា​ជិក​គណ​បក្ស​មក​ពីស្រុក​វ៉ារិន ​ខេត្ត​សៀម​រាប ​បាន​មាន​ប្រសាសន៍​ថា​៖«ករណី​ចរចរណ៍នេះ ​អាច​ពាក់​ព័ន្ធ​និង​រឿង​នយោ​បាយ ដោយ​សារ​តែ​ថា​ សកម្មភាព​ន​យោ​បាយ វា​ប្រែ​ប្រួល និង​មាន​​បញ្ហា​ច្រើន នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ នេះ​ជាវិបត្តិ​ដ៏មហា​ធំធេង»។ លោក អ៊ុក ខាំ អាយុ ៦៨ ឆ្នាំ សមាជិក​មួយ​រូប​ផ្សេង​ទៀត​ បាន​មាន​ប្រសាសន៍​ថា សមា​ជិក គណ​បក្ស​មាន​ការ​សោកស្តាយ​ណាស់ ​នៅពេល​ដែល​បាន​បាត់​បង់​អ្នក​ម្នាង​ដោយ​សារ ​គាត់​គឺជា​បុគ្គល​ដ៏ឆ្នើម​មួយ​​រូប នៅក្នុង​បក្ស​ដោយ​គាត់​តែង​ជំរុញ​សម្តេច​ក្រុមព្រះ​ ឲ្យ​ខិតខំ​ធ្វើ​សកម្មភាព​ និង​ចុះ​ជួយ​ប្រជាជន។ លោក​បាន​បញ្ជាក់​ថា៖«យើង​សោក​ស្តាយ​ដែល​បាន​បាត់​បង់​រូប​គាត់​ ដោយ​សារ​គាត់​ជាថ្នាក់​ដឹកនាំឆ្នើម​។ យើង​មាន អារម្មណ៍​ក្តុក​ក្តួល​យ៉ាង​ខ្លាំង»។ ​ អ្នក​ម្នាង ​អ៊ុក ផល្លា ដែល​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​លេខ​រៀង​ទី​១ ​មណ្ឌល​ខេត្ត​ព្រៃ​វែង របស់​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បាន​ទទួល​មរណ​ភាព​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ព្រះ​សីហនុ ​នៅ​វេលា​ម៉ោង​ជាង ​១២ ថ្ងៃទី​ ១៧​ ខែ​មិថុនា ឆ្នាំ ២០១៨ គឺ​ប្រ​មាណ​ជា ​៣ ​ម៉ោង ​បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ដ៏​រន្ធត់​នៅ​ស្រុក​ព្រៃ​នប់ ​ខណៈ​​​ព្រះ​អង្គ​ម្ចាស់ នរោត្តម​ រណ​ឫទ្ធិ ព្រះ​ប្រ​ធាន​ ហ៊្វុន​ស៊ិន​ប៉ិច​និង​មនុស្ស​ ៦​ នាក់​ផ្សេង​ទៀត​​រង​របួស​ធ្ងន់​។ អ្នកម្នាង អ៊ុក ផល្លា និង​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ​ មាន​បុត្រា ២ ព្រះ​អង្គ គឺ​បុត្រ​ច្បង មាន​នាម នរោត្តម សុធាឫទ្ធិ ប្រសូត​ក្នុង​ឆ្នាំ ២០០៣ និង​បុត្រ​ទី ២ មាន​នាម នរោត្តម រណវង្ស ប្រសូត​ក្នុង​ឆ្នាំ​ ២០១១៕