ភ្នំពេញៈ គណបក្សសង្គ្រោះជាតិ កាលពីម្សិលមិញ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយធ្វើការឆ្លើយតប ទៅកាន់ក្រុមបាតុករលោក ជុំ ម៉ី អ្នករួចរស់ជីវិតម្នាក់ពីគុកទួលស្លែង ដែលបានដង្ហែយកញត្តិទៅដាក់នៅគណបក្សនេះកាលពីថ្ងៃអាទិត្យ ថាខ្លួនមិនដែលបានបដិសេធថា គ្មានការកាប់សម្លាប់ឬការធ្វើទារុណកម្មនៅគុកទួលស្លែងរបស់ក្រុមខ្មែរក្រហម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះឡើយ។
កាលពីថ្ងៃអាទិត្យក្រុមបាតុករប្រមាណ១ម៉ឺននាក់ ដែលអ្នកតាមដានបាននិយាយថា ត្រូវបានដុតកម្តៅនិងជួយឧបត្ថម្ភដោយគណបក្សប្រជាជន បានដង្ហែយកញត្តិទៅដាក់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ទាមទារឲ្យលោកកឹម សុខា ប្រធានស្តីទីគណបក្សនេះ ធ្វើការសុំទោស ចំពោះការថ្លែងដែលត្រូវបានគេយកមកផ្សព្វផ្សាយថា ទួលស្លែងគឺជាគុកសិប្បនិម្មិត។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញកាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា គណបក្សនេះ និងលោកកឹម សុខាមិនដែលបានប្រមាថលើវិញ្ញាណក្ខន្ធប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមនោះទេ។ ផ្ទុយទៅវិញ ទាំងគណបក្សសង្គ្រោះជាតិ ទាំងលោក កឹម សុខា នាពេលកន្លងមក តែងតែគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងរបបប្រល័យពូជសាសន៍ជារៀងរាល់ឆ្នាំ នាថ្ងៃ ១៧ ខែមេសា ហើយនឹងនៅតែបន្តធ្វើការគោរពនឹងរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងនោះជានិច្ច។
សេចក្ដីថ្លែងការណ៍ដដែលបានសរសេរទៀតថា គណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា បានយកចិត្តទុកដាក់ជាខ្លាំង ចំពោះការទាមទាររកយុត្តិធម៌ពិតជូនប្រជាពលរដ្ឋខ្មែរ ដើម្បីឲ្យមានការកាត់ទោសជនឧក្រិដ្ឋ ដែលបានប្រព្រឹត្តនៅក្នុងរបបប្រល័យពូជសាសន៍នោះ។ មិនតែប៉ុណ្ណោះសេចក្តីថ្លែងការណ៍គូសបញ្ជាក់ទៀតថា៖«គណបក្សសង្គ្រោះជាតិ គោរពរដ្ឋធម្មនុញ្ញ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នីតិរដ្ឋ ប្រជាធិបតេយ្យ សេរីពហុបក្ស ឥតងាករេ។
គណបក្សសង្គ្រោះជាតិមានគោលការណ៍ខ្មែរតែមួយ មិនគុំកួន មិនសងសឹក មិនយកខ្មែរណាធ្វើជាសត្រូវឡើយ»។ ជាមួយគ្នានោះគណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវឲ្យខ្មែរគ្រប់រូបមានស្មារតីជាតិ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិដើម្បីឈានទៅរកការឯកភាពជាតិនិងកុំចាញ់កលល្បិចការញុះញង់ បំបែកបំបាក់ខ្មែរដើម្បីគេងាយស្រួលក្នុងការត្រួតត្រាខែ្មរឲ្យសោះ។
លោក ជុំ ម៉ី មិនអាចទាក់ទងសុំការអធិប្បាយបានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅរដ្ឋសភាកាលពីម្សិលមិញ ថា បាតុកម្មប្រឆាំងនឹងលោក កឹម សុខា មិនមែនជាការរៀបចំឡើងដោយគណបក្សប្រជាជនទេ។ លោក បានបញ្ជាក់ថា បើសិនជាគណបក្សប្រជាជន រៀបចំបាតុកម្មនោះ គឺមិនមែនមានមនុស្សត្រឹម១សែន ឬ ២ សែននាក់ចូលរួមនោះទេ គឺអាចមានអ្នកចូលរួមមិនតិចជាង៣លាននាក់ឡើយ។
យ៉ាងណាក៏ដោយ មេក្រុម មេភូមិ និងចៅសង្កាត់ ដែលជាសកម្មជនរបស់គណបក្សប្រជាជន ត្រូវបានគេឃើញនៅក្នុងក្បួនបាតុកម្មដែលដឹកនាំដោយលោកជុំ ម៉ី កាលពីថ្ងៃអាទិត្យ៕