
គណបក្សកេែមឡី ប្តូរឈ្មោះជា គណបក្សខ្មែរតែមួយ។ រូប ហ្វេសប៊ុក
ភ្នំពេញៈ ស្ថាបនិកនៃ «គណបក្ស កែម ឡី» បានសម្រេចប្តូរឈ្មោះមួយនេះចេញ និងដាក់ឈ្មោះថ្មីថា «គណបក្ស ខ្មែរតែមួយ» ក្រោយមានការតម្រូវពីក្រសួងមហាផ្ទៃ ដើម្បីឲ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ដែលមិនតម្រូវឲ្យយកតាមឈ្មោះរូបវ័ន្តបុគ្គល។
ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ ដែលមានលោក កែម រិទ្ធិសិត ជាប្រធានគណបក្ស និង ជាប្អូនប្រុសបង្កើតរបស់លោក កែម ឡី បានដាក់ចូលក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ២៣ ខែមីនានេះ បានសុំចុះបញ្ជី «គណបក្ស ខ្មែរតែមួយ» ហើយត្រូវបាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយទទួលយក និងបោះត្រារួចហើយ ។
លោក គុជ លី ជាស្ថាបនិក និងជាអ្នកនាំពាក្យគណបក្ស បានប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ថា លោករំពឹងថា គណបក្សខ្មែរតែមួយ នឹងត្រូវបានទទួលសា្គល់ពីឧបនាយករដ្ឋមន្ត្រី នាពេលឆាប់ៗខាងមុខដើម្បី លោកត្រៀមរៀបចំបញ្ជីឈ្មោះបេក្ខជន សម្រាប់ការបោះឆ្នោតនាខែកក្កដា ខាងមុខនេះ។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់នៅកណ្តាលរាជរាធានីភ្នំពេញ ក្នុងខែកក្កដា ឆ្នាំ ២០១៦ ជាអ្វីដែលគេជឿថា ជាករណីនយោបាយ។
លោក គុជ លី បានឲ្យដឹងថា ៖ «ការដូរឈ្មោះ និងរូបឡូហ្គោមានរូបលោក កែម ឡី មកមនុស្សបីនាក់កៀកដៃគ្នា គឺតំណាងឲ្យសាមគ្គីរវាងខ្មែរនិងខ្មែរ។...មានន័យថា ខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្តាល គឺតែមួយ គ្មានរើសអើង»។
ច្បាប់ស្តីពីវិសោធនកម្មគណបក្សនយោបាយថ្មី ដែលមានការទាក់ទិននឹងមិនឲ្យប្រើឈ្មោះ ឬរូបបុគ្គល គឺមានទិសដៅទៅលើ គណបក្សសម រង្ស៊ី ដែលក្រោយមកប្តូរជា គណបក្សភ្លើងទៀន។ រីឯគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានប្តូររូបសញ្ញាគណបក្សរបស់ខ្លួនដែរ។
កាលពីព្រឹកមិញនេះ គណបក្សខ្មែរតែមួយ ដែលតាមច្បាប់តម្រូវឲ្យក្រសួងនូវសមាសភាពស្ថាបនិក ៧ រូប និងដាក់ជូននូវស្នាមមេដៃអ្នកគាំទ្រ ចំនួន ៤ ០០០ នាក់ផងដែរ។
តាមគម្រោង បើមានការសម្រេចទទួលស្គាល់ជាផ្លូវការពីក្រសួង មហាផ្ទៃ ថ្នាក់ដឹកនាំ គណបក្សខ្មែរតែមួយ នឹងធ្វើការរៀបចំសមាជ នៅថ្ងៃទី ៨ ខែមេសា ខាងមុខនេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅមិនអាចទាក់ទងសុំការបំភ្លឺបានទេ មកទល់ពេលនេះ ៕