ភ្នំពេញៈ បើទោះបីជា​ធ្លាប់​បង្ហាញ​ជំហរ​ចូលរួម​ជាមួយ«ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោ​បល់»ដែល​ផ្តួច​ផ្តើម​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែនក្ដី​ ក៏​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ចំនួន​ ២ ក្នុង​ចំណោម​គណ​បក្ស​ដែល​មិនបាន​ចូលរួម​ផ្សេងទៀត​បានប្រកាស​ជំហរ​ជាថ្មីនៅ​ថ្ងៃទី២៩តុលានេះ​ថា​ មិន​ចូលរួម​ឡើយ​ខណៈ​នៅ​បន្ត​ការខ្វែងគំនិត​គ្នា​រវាង​គណបក្ស​ចូល​រួម​និង​មិនបាន​ចូល​ក្នុង​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​នេះ។

គណបក្ស​ក្រៅ​រដ្ឋាភិ​បាល​ចំនួន​១៥​បាន​ព្រម​ព្រៀង ​ជាមួយ​គណប​ក្ស​ប្រ​ជាជន​កម្ពុជា (CPP) កា​លពី​ថ្ងៃទី ២​១ ខែ​សីហា​ ដើម្បី​បង្កើត «ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង ​ផ្តល់​យោ​បល់» ក្រោម​គំនិត​ផ្តួចផ្តើម​ពី​លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​មាន​សមា​សភាព​ចម្រុះ​សម្រាប់​តាមដាន​ភាព​ចន្លោះ​ប្រ​ហោង​នៃ​ការអ​នុវត្ត​ច្បាប់​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៦។

កាលនោះគណប​ក្សចំនួន​៤គឺ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិប​តេយ្យ (LDP) គណប​ក្ស​ប្រជាធិ​ប​តេយ្យ​មូលដ្ឋា​ន (GDP) គណបក្ស​ខ្មែរ​ឈប់​ក្រ (KAPP) និង​គណ​បក្ស​មាតុ​ភូមិ​យើង ​(OMLP) បាន​បដិ​សេធ​មិន​ចូល​រួម​បង្កើត​ទេ។

ប៉ុន្តែ​កាលពី​ចុងខែ​សីហាមាន​គណ​២​ទៀត​បានបង្ហាញ​ជំហរ​ចូលរួម​​គឺ ​GDP និង ​OMLP តែ​មិនទាន់​សម្រេច​ផ្លូវការហើយ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រីស្វាគមន៍ និង​ស្នើ​ឲ្យ​ពួកគេ​ដាក់​លិខិត​ស្នើសុំ​ជាមុន។

លោក ​ចាន់ ប៊ុន​ហន ប្រធាន​គណបក្ស​មាតុ​ភូម​យើង (OMLP) ថ្លែងប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ នៅថ្ងៃទី ២៩ តុលានេះ​ថា​ គណបក្ស​របស់លោក​បាន​ជួបប្រជុំគ្នា​កន្លងមកហើយ​បានសម្រេច​មិន​ចូលរួម​ជាមួយ«ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះនិង​ផ្តល់យោបល់»ឡើយបើទោះបីជា​ខ្លួន​ធ្លាប់​បង្ហាញជំហរ​ចូលរួម​កាលពី​ដំបូង​ក្ដី។ លោក​ថាបើ​ការអនុវត្ត​របស់​រដ្ឋា​ភិ​បាល​មាន​ការកែ​ធ្វើ​កំណែ​​ទម្រង់ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុនលោក​ក៏​​សម្ដែង​ការស្វាគមន៍​ផងដែរ។

លោក​ថាបើ​ទោះបីជា​គណប​ក្ស​លោក​មិន​ចូលរួម​ក្ដីក៏​លោក​អាចបំពេញ​នៅ​ខាងក្រៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ​បាន​ដូច​ធម្មតាប៉ុន្តែ​លោក​នឹង​នៅ​ឃ្លាំមើល​សភា​ពកា​រណ៍​បន្ត​ទៀត។

លោក​ថា៖ «ទោះ​ខ្ញុំ​ធ្វើ (ចូលរួម) ក៏​គ្មាន​អ្នក​ណា​យ​កចិត្ត​ទុ​កដាក់​ផ្តល់​ជា​កម្លាំងចិត្ត​ដែរ…យើង​ដឹង​រឿង​ច្រើន យើង​កាន់តែ​ពិបាក​ច្រើន។ យើង​អាច​នៅជាប់​ផុង​ពាក់​កណ្ដាល​​ខ្លួន…»។

នៅពេល​​សួរថា​តើគ​ណបក្ស​លោក​នឹង​ពិចារ​ណា​ចូលរួម​ជា​មួយ​ស្ថា​ប័ន​ថ្មី​មួយ​នេះ​នៅ​ពេល​ក្រោយ​ទៀត​ឬ​យ៉ាង​ណា លោក ប៊ុន​ហន មាន​ទុ​ទ្ទិ​ដ្ឋិ​និយម​ថា៖«ឥឡូវ​ហ្នឹង ព្រោះ​វាស្រ​មេម​ស្រ​មាម​ពេញ​ហ្នឹង ខ្ញុំ​នឹង​មិន​ទៅ​ប្រ​ឡាក់​ប្រឡូក​ឡើយ»​។

លោក យ៉ង សាំង​កុមារ ប្រធាន​គណៈ​កម្មាធិ​ការ​នាយក​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន(GDP)បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​២៩​តុលា​នេះ​ដែរ​ថា ​​កាល​ពី​ថ្ងៃទី​ ២១​ ខែ​តុលា គណបក្ស​​លោក​បាន​ប្រជុំ​គណៈ​កម្មា​ធិ​ការ​នា​យកដើម្បី​សម្រេច​ជា​ផ្លូវការ​ក្នុង​ការមិន​ចូលរួម​ជាមួយ​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោ​ប​ល់។

លោក​ថ្លែងថា៖«យើង​បានសម្រេច​ជា​ផ្លូវការ​ថាយើង​នឹងមិន​ចូលរួម​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ទេតែ​យើង​ស្វាគមន៍ដោយ​​រីករាយ​សន្ទនា​មតិជាមួយ​គណប​​ក្ស​នយោ​បាយ​ផ្សេង​ៗទៀត ជាពិ​សេស​រដ្ឋាភិ​បាល​តាម​យន្ត​ការ​ផ្សេងៗ​ទៀត»។

បើទោះ​បីជា​លោក​យល់​ថា​ស្មារតី​នៃ​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​នេះ​មាន​ផ្នែក​មួយ​នៃ​គោល​នយោ​បាយ​បង្រួប​បង្រួម​ជាតិ​ដែល​មានចែង​ក្នុង«សៀវភៅ​បៃ​តង»ដែលជា​គោល​នយោ​បាយ​គណ​បក្ស​ក្ដី ក៏លោ​កថា​គណ​បក្ស​របស់​លោក​នៅមាន​ការងារ​ផ្សេងទៀត​ដែល​ត្រូវ​ធ្វើ​។

លោក​សង្កត់ធ្ងន់ថា៖«ក្រៅពី​ឧ​ត្ត​ម​ក្រុមប្រឹក្សាក៏​យើង​អាច​មាន​យន្ត​ការ​ផ្សេងៗដែល​រដ្ឋាភិ​បាល​ធ្លាប់​បានធ្វើ​ជាមួយ​អង្គកា​រ​សង្គម​ស៊ីវិល ធ្វើការ​ជាមួយ​វិស័យ​ឯកជន​និង​ជាមួយ​​បណ្ដាញ​សារ​ព័ត៌​មាន​ជាដើម​ដែល​ធ្វើឡើ​ង​ទៀង​ទាត់២ឬ៣ដង​ក្នុង១ឆ្នាំយើង​នឹងចូលរួម​ក្នុង​វេទិកា​ប្រភេទ​នេះ ដើម្បី​បញ្ចេញ​ទស្សនៈ ឬ​សន្ទនា​មតិ​ទៅ​លើ​គោល​នយោ​បាយ ឬ​បញ្ហា​ប្រទេស​ជាតិ»។

លោក​បន្ថែម​ថា៖​«មួយ​វិញ​ទៀត ជា​ពិសេស​យើង​ចង់​ចំណាយពេល​វេលាដើម្បី​ធ្វើ​កិច្ច​អ្វីដែ​ល​ជួយ​ដល់​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​ជាពិ​សេស យុវជនតាម​រយៈ​គម្រោងតូចៗដែល​ចង់​​បង្កើ​ត​ឲ្យ​​មាន​ឧទាហ​រណ៍ល្អ...ការជំរុញគំនិ​ត​ល្អៗដល់​ប្រ​ជាព​លរដ្ឋដែលជា​មូល​ដ្ឋានគ្រឹះ​ក្នុងការ​ផ្សព្វ​ផ្សាយ​ការ​របស់​​យើង​បន្ត​ទៅ​ថ្ងៃមុខ»។

ប៉ុន្តែ​លោក ពេ​ជ្រ ស្រល់ ប្រធាន​គណបក្ស​យុវជន​កម្ពុជាដែល​បាន​ចូល​រួម​ជាមួយ​ឧ​ត្ត​ម​ក្រុ​មប្រឹក្សា​ពិគ្រោះនិង​ផ្តល់​យោប​ល់ នេះ​យល់ឃើញ​ថា​ទោះបីជា​ក្រុ​មប្រឹក្សា​ទើប​ដំណើរការបាន​ជាង ២ ខែក៏​បានសម្រេច​លទ្ធផល​ជា​ផ្លែផ្កា​មួយចំនួនដែរ​ដូចជា​កា​រកា​យ​ដី​ពី​បឹង​ព្រែកត្រែងក្នុង​ខេត្ត​ព្រះសីហនុនិង​ការចេ​ញប្លង់​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ពល​រដ្ឋ៥៩​គ្រួសារ​នៅខេត្ត​សៀមរាបនិ​ង​កិច្ច​ការ​មួយចំ​នួនទៀត។ ឯ​ការប្រជុំ​នៅក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ក៏​គ្មាន​កា​រខ្វែង​គំនិត​គ្នា​អ្វី​ដែរ។

លោក​ថា៖«ការស​ម្ដែង​មតិ ចូល ឬ​មិន​ចូល វា​ជា​សិទ្ធិ​របស់​ពួកគាត់។ មិនមា​ន​គណបក្ស​ណាមួ​យឬ​បុគ្គល​ណាមួយ​បង្ខំ​ទេ វា​ធ្វើឡើង​ដោយ​ការស្ម័គ្រចិត្ត​របស់​សា​មីគណបក្សនីមួយៗ…ហើយ​ចំពោះ​មតិ​ដែលថា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​​នេះមិនមាន​សក្កា​នុព​លឬ​មិនមាន​លទ្ធភាព​ឲ្យ​គេ​ធ្វើតាម ខ្ញុំ​សូម​បដិសេ​ធ ពីព្រោះ​ពួកគាត់​អត់​បានមក​ចូលធ្វើ​ផង ហើយ​និ​យា​យបែប​នឹកឃើញ​អាហ្នឹ​ងមិន​មែនជា​ការ​ត្រឹមត្រូវ​ទេមិន​ធ្វើ​ឲ្យ​មានការ​រីកច​ម្រើន​ទេ»។

ទោះ​យ៉ាង​ណា​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្ដី​កា​រគណៈ​រដ្ឋមន្ត្រី​យល់​ឃើញ​ថា​គណ​បក្ស​ន​យោ​បាយ​ទាំ​ងនោះ​មាន​សិទ្ធិ​ក្នុងការ​ចូលរួមឬ​មិន​ចូលរួម​ជាមួយ«ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះនិង​ផ្តល់យោ​បល់»។ លោ​កថា​ស្ថាប័ន​នេះ​កើតចេញពី​ការស្ម័គ្រចិត្តគណបក្ស​បន្ថែម​ដែល​ចង់​ចូល​រួម​ត្រូវតែ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​នាយ​ករដ្ឋ​មន្ត្រី។

លោក​ថាទោះបី​គណបក្សទាំងនោះរក្សា​ជំហរ​មិន​ចូលរួម​ក៏​វា​គ្មាន​ប៉ះពាល់​ដល់​ការងារ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះដែរ។ លោក​ក៏​បង្ហាញ​ជំហរ មិន​សោកស្ដាយ​ណា​មួយ​ចំពោះ​ការ​សម្រេ​ចចិត្ត​​របស់​មេដឹ​កនាំ​គណ​បក្សន​យោ​បាយ​ទាំង​នោះទេ។

លោកថា៖«វា​ជាគោ​លកា​រណ៍​ស្ម័គ្រចិត្តក្នុងពេល​កន្លងមកយើង​អត់​មាន​គណបក្សប្រឆាំងយើង​អត់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះនិង​ផ្តល់​យោបល់​យើង​ក៏​នៅ​ទទួល​​បាន​ជោគជ័យ​ទាំង​សេដ្ឋ​កិច្ចសង្គ​មកិច្ច ស​ន្តិសុខ​ជាតិ។ ដូច្នេះ​ការចូលរួម​គ្រាន់តែ​ជា​កម្លាំង​បន្ថែម​ទៅលើ​រាជរ​ដ្ខា​ភិ​បាលក្នុង​កិច្ច​ការ​ជួយ​កសាង​និង​ធ្វើ​ឲ្យ​គុណ​ភាព​ការងារ​ទាំង​នេះ​រឹតតែ​ខ្ពស់​ជាងនេះ​ទៅទៀ​ត»។

លោក​សង្កត់ធ្ងន់ថា៖«យើង​គ្មានអ្វី​ត្រូវ​សោកស្ដាយ​ទេ វា​គឺជា​គោលជំហរ​របស់​ពួកគាត់»៕