ភ្នំពេញៈ គណបក្សនយោបាយចំនួន ៣ ដែលចងសម្ព័ន្ធភាពជាមួយគ្នាបានប្រកាសជាផ្លូវការនូវសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ដោយអះអាងថាសម្ព័ន្ធនេះនឹងរួមគ្នាដោះស្រាយវិបត្តិនានាក្នុងសង្គមនយោបាយតាមរយៈខ្មែរ និងខ្មែររួមទាំងបណ្តុះគំនិតជាតិនិយមគំរូថ្មីដល់យុវជនជំនាន់ក្រោយ ជាអ្វីដែលសង្គមស៊ីវិលរំពឹងពីលទ្ធភាពនៅមានកម្រិត។
ការប្រកាសជាផ្លូវការនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៥ វិច្ឆិកា នៅសណ្ឋាគារ Himawari ភ្នំពេញ ដោយមានការចូលរួមពីលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ញឹក ប៊ុនឆៃ ប្រធានឝណបក្សខ្មែររួបរួមជាតិ លោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ និងមន្ត្រីគណបក្សនយោបាយជាច្រើនរូបទៀត។
សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ (The Alliance of Khmer Democrats) បានតែងតាំងលោក ម៉ម សូណង់ដូ ធ្វើជាប្រធាន លោក ញឹក ប៊ុនឆៃ ជាអនុប្រធាន និងលោក គុជ លី ជាអគ្គលេខាធិការ ។គណបក្សទាំង ៣ បានអះអាងនៅក្នុងសន្និសីទកាសែតថា ពួកគេនឹងរួមគ្នាស្នើឲ្យមានវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញកែប្រែច្បាបអន្តោប្រវេសន៍ និងច្បាប់សញ្ជាតិរួមចូលរួមឈឺឆ្អាលនឹងបញ្ហាព្រំដែននិងវិស័យផ្សេងៗទៀតផងដែរ។
លោក ម៉ម សូណង់ដូ បានថ្លែងក្នុងឱកាសនោះថា នេះគឺជាការសម្រេចចិត្តមួយក្នុងការចង់សម្ព័ន្ធគ្នាដើម្បីប្រមែលប្រមូលអ្នកប្រជាធិបតេយ្យរួមគ្នា។ លោកបន្តថា សម្ព័ន្ធនេះនឹងគិតពីប្រយោជន៍ជាជាតិការពារលទ្ធិប្រជាធិបតេយ្យជាធំហើយក្នុងពេលខាងមុខ ក៏មិនមានការបែកបាក់គ្នានោះដែរ។
លោកបានបញ្ជាក់ថា៖ «ចិត្តគំនិតយើងចង់ឲ្យជាតិរស់នៅបានក្តីខុស គង់ វង្ស និរន្តរ៍ ដោយអត់មានការផ្លាស់ប្តូរ។ យើងនឹងបន្តជជែកវែកញែករួមគ្នា ដើម្បីឲ្យកាន់តែរឹងមាំ។ ប៉ុន្តែការរឹងមាំនេះ មិនមែនចង់បានតួនាទី ជានាយករដ្ឋមន្ត្រីអីទេ។ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរយើងមកពីគណបក្សទាំង ៣ មិនអាចជានាយករដ្ឋមន្ត្រីទេ តែយើងសំណូមពរសុំឲ្យគណបក្សស្នេហាជាតិទាំងអស់គ្នា រួបរួមគ្នា ដើម្បីកសាងជាតិតែប៉ុណ្ណឹង»។
លោក ញឹក ប៊ុនឆៃ បានថ្លែងដែរថា ហេតុដែលនាំឲ្យពួកលោករួមគ្នា គឺដោយសារគោលនយោបាយគណបក្សទាំង ៣ មាននិន្នាការប្រហែលគ្នាក្នុងការបណ្តុះគំនិតជាតិនិយមថ្មីដោយគ្មានការលាបពណ៌គ្មានវប្បធម៌ក្តិចត្រួយ។សម្ព័ន្ធភាពនេះនឹងរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិថ្មី ឆ្នាំ ២០២៣ ទៀតផង។
លោកបានបញ្ជាក់ថា៖ «កន្លងទៅមានការលាបពណ៌គ្នា កាប់សម្លាប់គ្នា ដែលនេះជាឧទាហរណ៍មួយ។ អ៊ីចឹងយើងសព្វថ្ងៃលាបពណ៌គ្នាអត់ឈប់ តើថ្ងៃណា ខ្មែរយើង នឹងមានឱកាសបានចេះរួបរួមសាមគ្គី ចេះស្រឡាញ់គ្នា និងចេះធ្វើការជាមួយគ្នា?»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានថ្លែងថា ការចង់សម្ព័ន្ធនេះ គឺគ្រាន់តែជាការបង្កើតចរន្តនយោបាយថ្មីមួយប៉ុណ្ណោះ។ ប៉ុន្តែលទ្ធភាពគឺនៅមានកម្រិតក្នុងការការពារនិងធ្វើឱ្យមានឱកាសនិងលំហនយោបាយបែបប្រជាធិបតេយ្យសេរីនិងយុត្តិធម៌ពិតប្រាកដនៅកម្ពុជា ព្រោះសម្ព័ន្ធនេះកើតពីគណបក្សតូចៗដែលមានការគាំទ្រតិចតួចកាលពីការបោះឆ្នោតមុនៗ។
លោក ច័ន្ទរឿន បានបន្ថែមថា៖ «ហេតុនេះលទ្ធផលរំពឹងទុកនិងអនាគតរបស់សម្ព័ន្ធនេះអាស្រ័យលើលទ្ធភាព និងសមត្ថភាពរបស់គណបក្សតូចៗទាំង ៣ ធ្វើខ្លួនជាអ្នកនយោបាយបែបប្រជាធិបតេយ្យពិតប្រាកដ និងមានគោលនយោបាយជាក់លាក់ ដែលអាចទាក់ទាញការជឿទុកចិត្តពីពលរដ្ឋខ្មែរចាប់ពីពេលនេះតទៅ»៕