ភ្នំពេញៈ គណៈកម្មការ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​លោក ព្រុំ សុខា រដ្ឋមន្ដ្រី​ក្រសួង​មុខងារ​សាធារណៈ​ថ្មី​កំពុង​ធ្វើការ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៃ​ការជ្រើសរើស​មន្ដ្រី​ក្របខ័ណ្ឌ​ពិសេស​ចំនួន​ ១៣៥ ​នាក់​ដែល​ក្រសួង​នេះ​ធ្លាប់បាន​ចេញប្រកាស​ជ្រើសរើស​កាលពី​ថ្ងៃទី​ ១៨ ​ខែ​កុម្ភៈ ឆ្នាំ​ ២០២០​។ នេះ​បើតាម​លោក ឈឿន ប៊ុណ្ណារ័ត្ន អ្នកនាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ​។

ក្រសួង​មុខងារ​សាធារណៈ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ចុះ​ថ្ងៃទី ១៦ ​ខែ​មេសា​ដោយ​បាន​និរាករណ៍​ប្រកាស​លេខ ៧៦៩ ចុះ​ថ្ងៃទី​ ១៨ ​ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ស្ដីពី​ការជ្រើសរើស​មន្ដ្រីរាជការ​ឲ្យ​ចូល​ក្របខ័ណ្ឌ​ក្រសួង​នេះ និង​ប្រកាស​លេខ ១៣៩៨ ចុះ​ថ្ងៃទី​ ២៧ ខែមីនា ឆ្នាំ​ ២០២០ ស្ដីពី​ការទទួលស្គាល់ មន្ដ្រី​រាជការ​ក្របខ័ណ្ឌ​ក្រសួង​មុខងារសាធារណៈ​។ ការប្រកាស​ស្ដីពី​ការនិរាករណ៍​នេះ​គឺ​យោងតាម​ចំណា​របស់​លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ​ចុះ​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២០ និង​លិខិត​លេខ ២២១៩ ចុះ​ថ្ងៃទី​ ២៦ ខែមីនា ឆ្នាំ​ ២០២០ របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ផងដែរ​។

នៅ​ថ្ងៃទី​ ២៣ ខែ​មេសា ក្រសួង​មុខងារ​សាធារណៈ​បានរៀបចំ​កិច្ចប្រជុំ​ពិនិត្យ​លើ​ដំណើរការ​នៃ​ការអនុវត្ត​ប្រកាស​ស្តីពី​ការនិរាករណ៍ ការជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ពិសេស​ចំនួន ១៣៥ នាក់​។ «​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​ក្រសួង​សម្រេច​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ករណី​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ពិសេស​ ១៣៥ ​នាក់​។ ស្របតាម​ស្មារតី​សម្រេច​របស់​រាជរដ្ឋាភិបាល​ និង​គោលការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។ សំដៅ​ធានា​ប្រសិទ្ធភាព​នៃ​វិធានការ​គ្រប់គ្រង​ចំនួន​បុគ្គលិក​មន្ត្រីរាជការ​ស៊ីវិល​ និង​ចំណាយ​បន្ទុក​បុគ្គលិក​ឆ្នាំ​ ២០២០ និង​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ជំងឺ​កូវីដ​ ១៩»​។

លោក ឈឿន ប៊ុណ្ណារ័ត្ន បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ទាក់ទង​នឹង​ការបង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៃ​ការជ្រើសរើស​មន្ដ្រី​ក្របខ័ណ្ឌ​ពិសេស​ចំនួន ១៣៥ ​នាក់​ ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ​គណៈកម្មការ​កំពុង​ដំណើរការ​ភារកិច្ច​របស់ខ្លួន ពិនិត្យ​លើ​រឿងនេះ​។ លោក​បន្តថា​៖ «​ចំពោះ​លទ្ធផល​យ៉ាងណា​នោះ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ សូម​រង់ចាំ​លទ្ធផល​ជា​ផ្លូវការ​របស់​គណៈកម្មការ​សិន​»​។

លោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ២០ ខែ​ មេសា ឆ្នាំ​ ២០២០ បាន​ផ្ញើលិខិត​ ១ ​ច្បាប់​ទៅ​រដ្ឋមន្ត្រីក្រសួង​មុខងារ​សារធាណៈ​លើ​ករណី​វិធានការ​គ្រប់គ្រង​ចំនួន​បុគ្គលិក​មន្ត្រី​រាជការ​ស៊ីវិល និង​ចំណាយ​បន្ទុក​ប្រចាំឆ្នាំ​ ២០២០ ​ផងដែរ ដោយ​យោង​តាម​ចំណា​របស់​លោក​នាយករដ្ឋមន្ដ្រី​ខាងលើ​។

លោក​ អូន ព័ន្ធមុនីរ័ត្ន ​បញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​ជម្រាបជូន​ឯកឧត្ដម​រដ្ឋមន្ដ្រី​ជ្រាប​ថា​តាម​ចំណារ​ឯកភាព​ដ៏ខ្ពង់ខ្ពស់​ចុះ​ថ្ងៃទី​ ៣១ ខែ​មីនា ឆ្នាំ​ ២០២០ ​សម្ដេចតេជោ នាយករដ្ឋមន្ដ្រី​បាន​ផ្ដល់​ការសម្រេច​ដូចខាងក្រោម​ក្នុង​បរិការណ៍​ដែល​កម្ពុជា​កំពុង​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩, និរាករណ៍​នូវ​ប្រកាស​លេខ​ ៧៦៩ មស.ប្រក ចុះ​ថ្ងៃទី​ ១៨ ខែ កុម្ភៈ ឆ្នាំ​ ២០២០ ស្ដីពី​ការជ្រើសរើស​មន្ដ្រីរាជការ​ចំនួន ១៣៥ ​នាក់​ ឲ្យ​ចូល​ក្របខ័ណ្ឌ​ក្រសួង​មុខងារ​សាធារណៈ​»​។

លោក​ឲ្យ​ដឹង​ទៀតថា លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ផ្ដល់​ការសម្រេច​ផ្ដល់​គោលការណ៍​រួម​របស់​រាជរដ្ឋាភិបាល​ឲ្យ​ផ្អាក​ការផ្ដល់​ក្របខ័ណ្ឌ​ពិសេស​ដែល​លើសពី​ចំនួន​មន្ត្រីរាជការ​ចូលនិវត្តន៍​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ដទៃទៀត​ទាំងអស់​នៅក្នុង​ឆ្នាំ​ ២០២០​។ លើសពីនេះ​ស្នើសុំ​ផ្អាក​ការផ្ដល់​ក្របខ័ណ្ឌ​ពិសេស​ដែល​លើស​ចំនួន​មន្ត្រី​ចូលនិវត្ដន៍​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​សម្រាប់​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៣ ផងដែរ​។

ក្រសួង​មុខងារសាធារណៈ​កាលពី​ថ្ងៃ​ទី​ ២៣ ខែ​មេសា​ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ដល់​សាធារណជន​ថា ដោយ​ផលប៉ះពាល់​ពី​វិបត្ដិ​ជំងឺ​កូវីដ​ ១៩ ការជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​សម្រាប់​ឆ្នាំ​ ២០២០ ​ឲ្យ​ចូល​បម្រើការ​ការងារ​ជា​មន្ដ្រីរាជការ​នៅតាម​ក្រសួង ស្ថាប័ន អង្គភាព​នៅ​ថ្នាក់ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​រហូត​ដល់​មាន​ការជូនដំណឹង​ជាថ្មី​៕