
អាជ្ញាធរមូលដ្ឋានដើរផ្សព្វផ្សាយពីវិធានការការពារដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅតាមដងផ្លូវរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាពីម្សិលមិញសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីត្រៀមសម្រាប់រៀបចំការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ ដែលមានសមាសភាពជិត ១០០ នាក់ មកពីស្ថាប័នពាក់ព័ន្ធនៅទូទាំងប្រទេស។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានប្រកាសទិញវ៉ាក់សាំង ៤ លានដូសបន្ថែមទៀតផងដែរ។
បើតាមសេចក្តីសម្រេចដែលចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៧ ខែមីនា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ មានតួនាទី និងភារកិច្ច ដឹកនាំ ចាត់ចែងការងារចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ពិនិត្យរៀបចំផែនការចាក់វ៉ាក់សាំងកូវីដ ១៩ នៅទូទាំងប្រទេស បណ្តុះបណ្តាលក្រុមគ្រូពេទ្យ និងកិច្ចការផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងកូវីដ ១៩ នេះ។ គណៈកម្មការនេះមានសិទ្ធិរៀបចំអនុគណៈកម្មការចំពោះកិច្ច និងលេខាធិការដ្ឋាន សម្រាប់គាំទ្រដំណើរការនៃគណៈកម្មការចំពោះកិច្ចនេះ និងអាចស្នើសុំបន្ថែមនូវសមាជិក-សមាជិកាទៅតាមការចាំបាច់។
លិខិតដដែលបញ្ជាក់ថា៖ «គណៈកម្មការនេះមានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងសុខាភិបាល ហើយនៅតាមក្រសួងស្ថាប័ន និងរាជធានី-ខេត្តត្រូវរៀបចំអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដែលទទួលខុសត្រូវលើសម្រង់ស្ថិតិអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ ១៩ ក្រោមសមត្ថកិច្ចរបស់ខ្លួន»។
លោក ហ៊ុន សែន បានថ្លែងក្នុងសារសំឡេងកាលពីយប់ ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ ស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ចនេះដើម្បីទទួលបន្ទុករ៉ាប់រងក្នុងការចាក់វ៉ាក់សាំងទាំងនៅក្នុងផ្នែកស៊ីវិល កងទ័ព និងផ្នែកនគរបាល។ ក្នុងនោះលោកនាយករដ្ឋមន្ត្រីបានសម្រេចតែងតាំងលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយរៀបចំផែនការមេសម្រាប់រៀបចំបន្តពីជំហានដែលក្រសួងបាននិងកំពុងធ្វើសព្វថ្ងៃនេះ។

អាជ្ញាធរសង្កាត់ផ្សារដេប៉ូ ៣ ចុះចែកម៉ាស់ដល់ពលរដ្ឋនៅតំបន់មួយក្នុងខណ្ឌទួលគោកពីម្សិលមិញ។ហេង ជីវ័ន
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «នៅពេលខាងមុខ វ៉ាក់សាំង នឹងអាចមកដល់ជាបន្តបន្ទាប់ ដែលចាំបាច់ត្រូវមានផែនការមេមួយជាក់លាក់។ បើសិនជាយើងមិនធ្វើដូច្នេះទេ ការងារនៅសាំញ៉ាំ ហើយចល័ត មិនរហ័ស។ យើងមានអង្គភាពដែលត្រូវរៀបចំអង្គភាពមួយគឺជាអង្គភាពដែលដឹកនាំធ្វើលទ្ធកម្មសម្រាប់ការទិញ ការរកជំនួយផ្សេងៗ ដែលសុំយោបល់ខ្ញុំជាបន្តបន្ទាប់ រាប់ទាំងការសុំយោបល់ខ្ញុំនៅថ្ងៃនេះ ដែលត្រូវទទួលទិញបន្ថែមចំនួន ៤ លានដូស»។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្រេចឱ្យមានការចាក់វ៉ាក់សាំងសម្រាប់គ្រូបង្រៀនក្នុងភាពជាបន្ទាន់មួយសម្រាប់នៅទីក្រុងភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកោះកុង និងខេត្តព្រះសីហនុ។
លោក ហ៊ុន សែន សង្កត់ធ្ងន់ថា៖ «យើងមិនមានអាថ៌កំបាំងអីជាមួយនឹងប្រជាពលរដ្ឋយើងទេ គឺយើងត្រូវចាក់វ៉ាក់សាំងឱ្យប្រជាពលរដ្ឋយើងក្នុងរង្វង់ពី ១០ ទៅ ១៣ លាននាក់ ហើយឥឡូវយើងបានចុះកុងត្រាទិញវ៉ាក់សាំងរួចហើយ»។
លោកបន្ថែមថា៖ «តាមការដែលយើងបានទទួលព័ត៌មាន វ៉ាក់សាំងនឹងមកដល់ចំនួន ១,៥ លានដូសនៅពេលខាងមុខនេះ ហើយជាបន្តបន្ទាប់ទៀតក៏នឹងមកដល់។ យើងក៏ស្វះស្វែងដើម្បីទិញវ៉ាក់សាំង Johnson&Johnson របស់អាមេរិកផងដែរ។ ដូចនេះសុំឱ្យមានការទទួលខុសត្រូវជាក់លាក់លើបញ្ហានេះតែម្តង»។
លោកនាយករដ្ឋមន្ត្រីក៏បានប្រាប់ឱ្យក្រុមការងារ ត្រូវរៀបចំយន្តការរៀបចំកម្លាំងសរុបឱ្យអស់លទ្ធភាព ដើម្បីរៀបចំការចាក់វ៉ាក់សាំង។ រៀបចំវ៉ាក់សាំងទៅដល់ប្រជាជនឱ្យបានកាន់តែឆាប់ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាម និងកូវីសែល (Covishield) របស់ក្រុមហ៊ុន AstraZeneca) ដល់ជនស៊ីវិលទូទាំងប្រទេសបានចំនួន ១៧០ ៦៥៩ នាក់។ ចំណែកក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងលើកទី១ ដល់កងកម្លាំងមានចំនួន ១០៩ ៣២៤ នាក់ ឯអ្នកចាក់លើកទី២ បានចំនួន ៥៩ ៤២៤ នាក់។
ដោយឡែកកម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បន្ថែមទៀតចំនួន ៧៥ នាក់ ខណៈមានអ្នកដែលបានព្យាបាលជាសះស្បើយចំនួន ២២ នាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១៧ ខែមីនា។
របាយការណ៍បានបញ្ជាក់ថា ករណីឆ្លងថ្មីនេះមានក្នុងរាជធានីភ្នំពេញមានចំនួន ៥០ នាក់ ខេត្តកណ្តាល ២២ នាក់ ខេត្តព្រៃវែង ចំនួន ២ នាក់ និងខេត្តតាកែវចំនួនម្នាក់។ ចំនួនឆ្លងថ្មីនេះធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើនឡើងរហូតដល់ ៩៩០ នាក់។
ក្រសួងឱ្យដឹងថាពីម្សិលមិញ អ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ២២ នាក់ ក្នុងនោះមានអ្នកជំងឺដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ២១ នាក់។ ចំនួនសរុបនៃអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍លើកទី៣ នេះត្រូវបានព្យាបាលជាសះស្បើយមានចំនួន ៣៤០ នាក់ហើយ។
គិតត្រឹមថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ សរុបចំនួន ១ ៥០៥ នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៨៤០ នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៦៦២ នាក់ និងអ្នកស្លាប់ចំនួនម្នាក់៕