ភ្នំពេញ៖ គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ១៩​នៅ​ទូទាំង​ប្រទេស បាន​ប្រកាស​ផ្អាក​ការចាក់​វ៉ាក់សាំង​សម្រាប់​នៅ​រាជធានី​ភ្នំពេញ​រយៈពេល ៣ ថ្ងៃ​សិន គឺ​ចាប់ពី​ថ្ងៃទី ១៧ ដល់ ១៩ ខែ​មេសា ឆ្នាំ ២០២១ នេះ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​នៃ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ១៩ បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍ ទី ១៧ ខែមេសា នេះ​ថា យោងតាម​ការសម្រេច​ដ៏ខ្ពង់ខ្ពស់​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន គឺ​ការចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ១៩​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ដោយ​គិត​ចាប់ពី​ថ្ងៃទី ១៧ ខែមេសា ដល់​ថ្ងៃទី ១៩ ខែ​មេសា។

លោកស្រី​បាន​មានប្រសាសន៍​ថា៖ «នៅ​ថ្ងៃទី ២០ ខែ​មេសា ការចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ១៩ នឹង​ដំណើរ​ការចាក់​ជាធម្មតា​វិញ ហើយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ចាក់​វ៉ាក់សាំង​នេះ សុំ​មេត្តា​វិល​ត្រលប់​ទៅកាន់​កន្លែង​ដែល​ខ្លួន​ស្នាក់នៅ​វិញ»។

លោកស្រី ឱ វណ្ណឌីន​ថា ប្រជាពលរដ្ឋ​ត្រូវ​រង់ចាំ​ការជូន​ដំណឹង​សាជាថ្មី​ដែល​ខាង​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ១៩ នឹង​ធ្វើការ​ផ្សាយ​ជូន​នៅ​ពេល​ខាងមុខ​នេះ៕