ភ្នំពេញ: គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចផ្ទេរការគ្រប់គ្រងរថយន្តចំនួនជាង ៤០ គ្រឿង ដែលបម្រើឲ្យមធ្យោបាយដឹកជញ្ជូនព្រៃឈើរបស់លោកឧកញ៉ា ស៊ឹង សំអុល ឲ្យអាជ្ញាធរខេត្តមណ្ឌលគិរីចាត់ចែងវិញ បន្ទាប់ពីតុលាការខេត្តបានចេញដីកាឃុំខ្លួនម្ចាស់យានយន្តទាំងនេះ ខណៈមន្ត្រីចំនួន ៥ នាក់ ត្រូវបានកោះហៅទៅសួរនាំជុំវិញករណីនេះដែរ។
លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការនិងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងកាលពីម្សិលមិញថា បញ្ហាគ្រប់គ្រងរថយន្តដែលបម្រើឲ្យបទល្មើសព្រៃឈើរបស់លោកឧកញ៉ា ស៊ឹង សំអុល នោះ ត្រូវបានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចប្រគល់កិច្ចការនេះជូនទៅអាជ្ញាធរខេត្តមណ្ឌលគិរីជាអ្នកសម្រេចថា តើដុតបំផ្លាញ ឬមិនបំផ្លាញ?
លោក ហ៊ី បញ្ជាក់ថា៖ «រថយន្តទាំងជាង ៤០ គ្រឿងនោះ យើងបានប្រគល់ជូនទៅអាជ្ញាធរដែនដីផ្ទាល់នៅទីនោះ។ អ៊ីចឹងអាវុហត្ថយើង គឺអនុវត្តតាមគាត់ ហើយគាត់ចង់ដុត ឬមិនចង់ដុត វាជារឿងរបស់គាត់ ប៉ុន្ដែឥឡូវនេះ គឺការបំផ្លាញចោល គឺមិនទាន់មានការបញ្ជាទេ។ កិច្ចការស៊ើបអង្កេតរកជនសង្ស័យ វាគឺជានីតិវិធីរបស់យើងបន្តទៀត គឺយើងនឹងធ្វើវាឲ្យដូចជាភ្លៀងរលឹមអ៊ីចឹង»។
លោក សុក សេរ៉ា អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី បានថ្លែងថា រថយន្តដែលដឹកឈើរបស់ក្រុមហ៊ុនលោកឧកញ៉ា ស៊ឹង សំអុល ទាំងជាង ៤០ គ្រឿងនោះ ត្រូវបានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានផ្ទេរមកឲ្យអាជ្ញាធរខេត្តមណ្ឌលគិរីជាអ្នកគ្រប់គ្រងវិញ។
លោក សេរ៉ា បានថ្លែងបន្តទៀតថា បច្ចុប្បន្ននេះ រថយន្តទាំងនេះ ថ្នាក់ដឹកនាំបានចាត់កម្លាំងនគរបាលប្ដូរវេនគ្នាយាមយ៉ាងតឹងរឹុង រីឯវត្ថុតាងឈើប្រណីតដែលរឹបអូសបាននោះ ត្រូវបានធ្វើរបាយការណ៍កំណត់ទំហំ បរិមាណរួចរាល់ ហើយក៏បានប្រគល់ជូនទៅរដ្ឋបាលព្រៃឈើខេត្តយកទៅគ្រប់គ្រងផងដែរ។
លោក សេរ៉ា បញ្ជាក់ថា៖ «ការដុតបំផ្លាញ ឬមិនដុតបំផ្លាញ គឺយើងអត់ទាន់សម្រេចទេ គឺនៅរក្សាទុកកន្លែងមានសុវត្ថិភាពសិន ហើយមុនសម្រេចធ្វើអ្វីផ្សេងទៀត គឺរង់ចាំឆ្លងយោបល់ពីថ្នាក់លើសិន។ តាមយោបល់ខ្ញុំផ្ទាល់ ខ្ញុំថា យើងមិនបាច់បំផ្លាញវាទេ យើងទុកឡានណាល្អៗ គឺយើងប្រគល់ឲ្យទៅទាហាន ឬ PM ទៅដាក់ស្លាកលេខប្រើក្នុងអង្គភាព ហើយមួយចំនួនទៀតប្រគល់ឲ្យទៅមន្ទីរបរិស្ថានប្រើប្រាស់ក៏បានដែរ»។
លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី កាលពីម្សិលមិញបានថ្លែងថា តុលាការបានសម្រេចឃុំខ្លួន ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួកទាំង ៣ នាក់ កាលពីល្ងាចថ្ងៃទី ១២ កក្កដានេះរួចរាល់ហើយ។
លោកបញ្ជាក់ថា៖« តុលាការបានចោទប្រកាន់ចំនួន ៣ ករណី រួមមាន៖ ការប្រមូលផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត ការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងការប្រើប្រាស់គ្រឿងយន្តដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ តាមមាត្រា ៩៨ និង ៩៦ នៃច្បាប់ព្រៃឈើ»។
បន្ទាប់ពីតុលាការបានសម្រេចឃុំខ្លួនលោកឧកញ៉ា ស៊ឹង សំអុល និងបក្ខពួកទាំងនេះ នៅថ្ងៃទី ១៣ ខែ កក្កដា នេះ មន្ដ្រីជំនាញទាំង ៥ នាក់ ដែលធ្វើការពាក់ព័ន្ធទៅនឹងព្រៃឈើ ត្រូវបានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កោះហៅទៅសួរនាំពេញ ១ ថ្ងៃ ពាក់ព័ន្ធសំណុំរឿងនេះ ប៉ុន្ដែត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនៅម៉ោង ៥ ល្ងាច នាថ្ងៃដដែលនោះ។
របាយការណ៍គណៈកម្មការជាតិបានឲ្យដឹងថាបន្ទាប់មានមន្ដ្រីទាំង ៥ នាក់នេះ នឹងមានមន្ដ្រីជាច្រើនរូបផ្សេងទៀត ដែលនឹងត្រូវហៅមកសួរនាំជាបន្ដបន្ទាប់ ពាក់ព័ន្ធការគ្រប់គ្រងការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្ដាលឲ្យមានបទល្មើសព្រៃឈើកើតឡើង។មន្ដ្រីទាំង ៥ នាក់នោះរួមមាន៖ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន លោក អ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក ប៉ែន ភ័ក្ត្រា នាយដែនជម្រកសត្វព្រៃស្រែពក និងលោក ហាន សុខន នាយកដែនជម្រកសត្វព្រៃភ្នំព្រិច។
ទន្ទឹមនឹងនេះ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក៏បានដុតកម្ទេចរថយន្ដប៉ាកុងដឹកឈើខុសច្បាប់ ៦ គ្រឿងផ្សេងទៀត ដែលបង្ក្រាបបាននៅថ្ងៃទី ៩ កក្កដា នេះ នៅភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងថា ក្រោយទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា លោកបានបញ្ជាបន្ដទៅកាន់សមត្ថកិច្ចជំនាញរបស់លោកឲ្យកម្ទេចចោលទាំង ៦ គ្រឿងនោះនៅនឹងកន្លែង។
ស្រដៀងគ្នានេះ កម្លាំងសមត្ថកិច្ចចម្រុះ នៅថ្ងៃទី ១២ កក្កដា នេះ បានចាប់ខ្លួនជនជាតិវៀតណាម ២ នាក់ និងខ្មែរ ៣ នាក់ ដែលបានធ្វើសកម្មភាពចូលមកកាប់ឈើខុសច្បាប់ នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
មន្ត្រីនគរបាលស្រុកកែវសីមាម្នាក់សុំមិនបញ្ចេញឈ្មោះ បានថ្លែងថា បន្ទាប់ពីឃាត់ខ្លួនពួកគេទាំង ៥ នាក់នេះ សមត្ថកិច្ចជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី ១៣ ខែកក្កដានេះ។ លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានថ្លែងថា សំណុំរឿងនេះតុលាការកំពុងធ្វើការសាកសួរពួកគេទាំង ៥ នាក់នេះ ប៉ុន្ដែមិនទាន់ចោទប្រកាន់ទេ៕