ភ្នំពេញៈ លោក ហេង សំរិន ​ប្រធាន​រដ្ឋសភា​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា​ដោយ​សម្រេច​ទទួល​យក​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ ៣ ប្រគល់ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​យក​ទៅ​ពិនិត្យ និង​សិក្សា​និង​ធ្វើ​របាយការណ៍​ត្រឡប់​មក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​វិញ​។

សេចក្ដី​ព្រាងច្បាប់​ទាំង​ ៣ ​នោះ​រួមមាន សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​ និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ដែល​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ ២ ​នេះ​ត្រូវបាន​ប្រគល់​ជូន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​ពិនិត្យ និង​សិក្សា​។

ចំណែក​សេចក្ដី​ព្រាងច្បាប់​មួយ​ទៀត​គឺ​ស្ដីអំពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្ដីពី​ការជួយ​គ្នា​ទៅវិញ​ទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​កម្ពុជា​ និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ​ត្រូវ​បាន​បញ្ជូន​ទៅ​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​នៃ​រដ្ឋសភា​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញប៉ុស្ដិ៍​មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោក ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋសភា​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ ៣ ​នេះ​ទេ ដោយសារ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ​។

សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​គឺ​ត្រូវ​ទ្រឹស្ដីការ​គណៈរដ្ឋមន្ត្រី​អនុម័ត​កាលពី​ដើម​ខែ​កក្កដា​។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​គឺ​មាន​ ១២ ​ជំពូក និង​ ៩០ ​មាត្រា​ដែល​រៀបចំ​ឡើង​ដើម្បី​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់ រចនាសម្ព័ន្ធ​ស្ថាប័ន​ និង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​ក្នុង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​។ ​ក្នុង​នោះ​មាន ដីធ្លី ក្រោម​ដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោម​បាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក បឹង​ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​វប្បធម៌ មូលដ្ឋាន​ការពារ​ប្រទេស សំណង់​ផ្សេងៗ​ដែល​បាន​កំណត់ថា ជា​របស់​រដ្ឋ​។

ចំណែក​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​វិញ​មាន ១២ ​ជំពូក និង​ ៩៧ ​មាត្រា​ដែល​គ្រប់គ្រង​លើ​វិស័យ​កាស៊ីណូ និង​ល្បែង​ពាណិជ្ជកម្ម​ដទៃទៀត​យ៉ាង​តឹងរ៉ឹង និង​ប្រកប​ដោយ​​ប្រសិទ្ធភាព​ខ្ពស់​។ ច្បាប់​នេះ​កំណត់​ចំនួន​ទុនវិនិយោគ​អប្បបរមា​សម្រាប់​អាជីវកម្ម​កាស៊ីណូ ការកំណត់​តំបន់​ដែល​គួរ​អនុញ្ញាត​ ឬ​មិន​អនុញ្ញាត​ឲ្យ​មាន​ល្បែង​ពាណិជ្ជកម្ម ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការបំពាក់​នូវ​បច្ចេកទេស​សមស្រប​ក្នុង​ការត្រួតពិនិត្យ​ជាប្រចាំ​លើ​ដំណើរការ​របស់​ប្រតិបត្តិករ​ល្បែង​នេះ ព្រមទាំង​មាន​វិធានការ​តឹងរ៉ឹង​ចំពោះ​ការលាង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ផងដែរ​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា សេចក្ដី​ព្រាង​ច្បាប់​មួយ​ទៀត​ស្ដីអំពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្ដីពី​ការជួយ​គ្នា​ទៅវិញ​​ទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង​ដូច​ដែល​កម្ពុជា​បាន​ធ្វើ​ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត​ទាំងអស់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​។

លោក​ថា​៖ «​ជាទូទៅ​!​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​គឺ​មាន​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ដូចជា ការផ្ទេរ​ទណ្ឌិត និង​ការធ្វើ​បត្យាប័ន​ទប់ស្កាត់ និង​បង្ក្រាប​។ កិច្ចព្រមព្រៀង​នេះ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ព្រហ្មទណ្ឌ​ដូចជា ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ក្នុង​នោះ​មាន​ការសហការ​គ្នា​ក្នុង​ការស្រាវជ្រាវ ដើម្បី​បង្ក្រាប​បទល្មើស​ឆ្លងដែន និង​ការផ្លាស់ប្ដូរ​ព័ត៌មាន និង​ឯកសារ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​ដំណើរការ​តាម​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់​របស់​ប្រទេស​រៀងៗ​ខ្លួន​»៕