The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គណៈកម្មការ​ជំនាញ​ នឹង​ពិនិត្យ​វិសោធនកម្ម​ច្បាប់​បក្សនយោបាយ

គណៈកម្មការ​ជំនាញ​ នឹង​ពិនិត្យ​វិសោធនកម្ម​ច្បាប់​បក្សនយោបាយ

Content image - Phnom Penh Post
លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ក្នុង​កិច្ចប្រជុំ​កន្លង​មក​។ ហេង ជីវ័ន

គណៈកម្មការ​ជំនាញ​ នឹង​ពិនិត្យ​វិសោធនកម្ម​ច្បាប់​បក្សនយោបាយ

ភ្នំពេញៈ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​កាលពី​ម្សិលមិញ​បាន​អនុម័ត​ឲ្យ​គណៈកម្មការ​ជំនាញ ពិនិត្យ និង​សិក្សា​សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​អាច​នឹង​បើក​ផ្លូវ​ដល់​អ្នក​នយោបាយ​ដែល​ជាប់​បម្រាម​រយៈពេល​ ៥ ​ឆ្នាំ​ឱ្យ​មាន​នីតិសម្បទា​ឡើងវិញ​ដើម្បី​ត្រឡប់​ចូល​ឆាក​​នយោបាយ​ជាថ្មី​ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​ធ្វើឲ្យ​មាន​ការ​គាំទ្រ និង​ស្វាគមន៍​» ពី​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា​។

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កាលពី​ដើម​សប្ដាហ៍​នេះ​បាន​បញ្ជាក់​ពី​គំនិត​ផ្តួចផ្តើម​សំណើ​ធ្វើ​វិសោធនកម្ម​ត្រង់​មាត្រា ៤៥ ថ្មី (​ស្ទួន​) ​នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​។ សំណើ​នេះ​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការបរទេស​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ស្ដីពី​វិធានការ​នានា​ដើម្បី​ «​ពង្រឹង​​លទ្ធិប្រជាធិបតេយ្យ និង​លម្ហនយោបាយ​» នៅ​កម្ពុជា​។

បច្ចុប្បន្ន​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ១១៨ ​រូប​តាមរយៈ​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃទី​ ១៦ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ ដែល​សម្រេច​រំលាយ​អតីតគណបក្ស​សង្គ្រោះជាតិ​នោះ​បាន​ហាមឃាត់​ពួកគេ​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រហូត​ដល់​ទៅ ៥ ​ឆ្នាំ​។

គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​ព្រឹក​ម្សិលមិញ​ដោយ​ពិនិត្យ​លើ​សំណើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា ៤៥ ​ថ្មី (​ស្ទួន​) ​នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​។ សំណើ​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) ចំនួន ៨៧ រូប​ដែល​តំណាង​ដោយ​តំណាងរាស្ត្រ​លោក ជាម យៀប និង​លោក ប៉ែន បញ្ញា កាលពី​ថ្ងៃទី ៣ ខែ​ធ្នូ ឆ្នាំ​ ២០១៨​។

ជាង​កន្លះ​ម៉ោង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​ដែល​មាន​សមាជិក​ចំនួន ១៣ រូប​ដឹកនាំ​ដោយ​លោក ហេង សំរិន ប្រធានរដ្ឋសភា​បាន​សម្រេច​​បញ្ជូន​សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ទៅ​គណៈកម្មការ​ជំនាញ ដើម្បី​ធ្វើការ​ពិនិត្យ​សិក្សា​មុន​ដាក់​ឲ្យ​អនុម័ត​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នាពេល​ក្រោយ​។

ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ​លោក ឈាង វុន សមាជិក​សភា​គណបក្ស​កាន់អំណាច​បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​សំណើ​វិសោធនកម្ម​នេះ​គឺ​ដើម្បី​បំពេញ​ «​ចំណុច​ខ្វះខាត​» និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ បន្ទាប់ពី​ពួកគេ​មាន​ការ​ «​កែប្រែ​ខ្លួន​» ក្នុង​ការគោរព​ច្បាប់​ឲ្យ​មាន​លទ្ធភាព​ធ្វើ​នយោបាយ​ឡើង​វិញ​។

លោក​ថ្លែង​ថា​៖ «​នៅ​ក្រោយ​ពេល​តុលាការ​កំពូល​កាត់ទោស​ឲ្យ​ជាប់ពិរុទ្ធ យើង​ត្រូវ​លើក​ទឹកចិត្ត​អ្នក​ដែល​ជាប់ពិរុទ្ធ​នោះ​ពេល​ដែល​គាត់​កែខ្លួន គាត់​អនុវត្ត​ច្បាប់ ។ ប្រសិន​បើ​គាត់​ខំប្រឹង​កែខ្លួន​ហើយ ហើយ​នៅ​តែ​ជាប់​ដូច​គេ​ដូច​ឯង​ដែល​ខូច​ដែរ ឬ​ខិល​ដែរ ដែល​មិន​អនុវត្ត​ច្បាប់​គឺ​យើង​មិន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​កែប្រែ​ខ្លួន​ទេ​»​។

លោក វុន បន្ត​ថា​៖ «​បើ​គាត់​ប្រទ្រូស​ប្រទ្រាស់​មិន​ប្រឆាំង​នឹង​ច្បាប់ យើង​ត្រូវ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​។ បើ​យើង​មិន​លើក​ទឹកចិត្ត​ឲ្យ​គាត់​បាន​ន័យ​ថា​អ្នកដែល​ជាប់​ពិរុទ្ធ​គាត់​មាន​កម្លាំង​ឯណា​ទៅ​ប្រឹង​កែខ្លួន គាត់​ខំប្រឹង​កែខ្លួន ដើម្បី​ឲ្យ​បាន​ទទួល​ផល​ត្រឡប់​មក​វិញ​ថា​នឹង​មាន​ការលើកលែង​ឲ្យ​គាត់​»​។

លោក​ថា​វិសោធនកម្ម​ច្បាប់​នេះ​ក៏​មិនមែន​មាន​ន័យ​ថា​ធ្វើឲ្យ​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ទៅ​ហើយ ឲ្យ​មាន​នីតិសម្បទា​ឡើង​វិញ​ដែរ​គឺ​មាន​នីតិសម្បទា​ចំពោះ​តែ​បុគ្គល​ដែល​ត្រូវ​បាន​ហាមឃាត់​ដោយ​តុលាការ​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នេះ​លោក​ ឈាង វុន ក៏​បាន​បដិសេធ​ដែរ​ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​មិនមែន​ធ្វើ​ឡើង​ដោយសារ​តែ​មាន​សម្ពាធ​នយោបាយ​ពី​ខាង​ក្រៅ​ណា​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេចតេជោ ហ៊ុន សែន យើង​មិន​ដែល​ដាក់​ខ្លួន​យើង​ថា ទទួល​សម្ពាធ​ពី​បរទេស​ទេ​។ យើង​តែងតែ​គិតពី​អធិបតេយ្យភាព​របស់​ជាតិ​យើង ឯករាជ្យ អធិបតេយ្យ​របស់​ជាតិ​យើង ហើយ​នេះ​គឺជា​ទស្សនៈ​មួយ​ដែល​ខ្មែរ​យើង​គ្រប់រូប​ត្រូវ​ប្រកាន់ខ្ជាប់​»​។

លោក​បន្ត​ថា​ក្រោយ​ច្បាប់​នេះ​ចូល​ជា​ធរមាន ក្រសួង​មហាផ្ទៃ ឬ​ក្រសួង​យុត្តិធម៌​អាច​ដាក់​សំណើ​ទៅ​នាយករដ្ឋមន្ត្រី​ដើម្បី​ឲ្យ​នាយករដ្ឋមន្ត្រី​ស្នើ​ទៅ​ព្រះមហាក្សត្រ​សូម​ឲ្យ​មាន​ការ​លើកលែង​ទោស​។ លោក​បន្ថែម​ថា​៖ «​គេ​នឹង​មើល​ឡើង​វិញ​ទាំងអស់​ពី​ករណី​បុគ្គល​ម្នាក់ៗ​ថា តើ​អ្នក​ណា​ខ្លះ​ដែល​អាច​ស្នើ​លើកលែង​ទោស​បាន?»​។

តាមរយៈ​មេធាវី​របស់​ខ្លួន​លោក កឹម សុខា អតីត​ប្រធាន​អតីតគណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ផ្ទះ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​បាន​ប្រកាស​ «​ស្វាគមន៍​» ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល ជាពិសេស​ការស្នើ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​នឹង​បើក​ផ្លូវ​ឲ្យ​អ្នក​នយោបាយ​ជាប់​បម្រាម​អាច​មាន​លទ្ធភាព​ធ្វើ​នយោបាយ​ឡើង​វិញ​។

លោក ផែង ហែង មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ផ្សេង​ទៀត​របស់​លោក កឹម សុខា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​លោក កឹម សុខា ពិតជា​បាន​ «​គាំទ្រ និង​ស្វាគមន៍​» ​មែន​។

លោក​បន្ថែម​ថា​៖ «​ជា​ទស្សនៈ​ជា​ជំហរ​របស់​គាត់​គឺ​រាល់​ដំណោះស្រាយ​រាល់​ការធ្វើ​ឲ្យ​មាន​សេរីភាព ការលើកស្ទួយ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ សេរី​ពហុបក្ស អាហ្នឹង​គាត់​ស្វាគមន៍​ជានិច្ច​» ៕

អត្ថបទគួរចាប់អារម្មណ៍