
អ្នកទោសពេលដឹកមកជំនុំជម្រះនៅតុលាការកាលពីឆ្នាំមុន។ ហ៊ាន រង្សី
ភ្នំពេញៈ គណៈកម្មការថ្នាក់ជាតិបានពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលត្រូវបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដោយបានឯកភាពទាំងស្រុងលើបញ្ជីឈ្មោះទណ្ឌិតចំនួន ៥៤២ នាក់ដែលបានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។
ការឯកភាពនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសលោក កើត រិទ្ធ បានដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី ៣១ ខែមីនា ដែលធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈកម្មវិធី zoom ដោយមានសមាសភាពចូលរួមពីអគ្គព្រះរាជអាជ្ញាសាលាដំបូងភ្នំពេញ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គស្នងការនគរបាលជាតិ។
ក្រោយបញ្ចប់កិច្ចប្រជុំ គណៈកម្មការថ្នាក់ជាតិបានឯកភាពលើបញ្ជីឈ្មោះទណ្ឌិតចំនួន ៥៤២ នាក់ ដែលត្រូវបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នេះបើតាមក្រសួងយុត្តិធម៌បង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនពីម្សិលមិញ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទាក់ទងករណីទណ្ឌិតដែលស្នើសុំលើកលែង និងបន្ធូរបន្ថយទោសទាំងនោះ ភាគច្រើនគឺអ្នកដែលប្រព្រឹត្តបទល្មើសមជ្ឈិម។ លោកថា៖ «ឥឡូវនេះករណី បទមជ្ឈិមឯកឧត្តមរដ្ឋមន្ត្រីយុត្តិធម៌គាត់អនុគ្រោះទូលំទូលាយ និយាយទៅការពិនិត្យ និងវាយតម្លៃមានការអនុគ្រោះច្រើន ភាគច្រើនដែលមានទោសស្រាល»។
លោកឱ្យដឹងដែរថា ទណ្ឌិតទាំងនោះភាគច្រើនបានកែប្រែខ្លួន ខណៈមណ្ឌលអប់រំកែប្រែភាគច្រើនបានបំពាក់បំប៉នជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពួកគេ។ លោកថា៖ «នៅតាមមណ្ឌលអប់រំកែប្រែ មានរោងសិប្បកម្ម បណ្តុះបណ្តាលខាងជំនាញ កាត់សក់ ធ្វើសក់ សម្អាងការ ជួសជុលម៉ូតូ ម៉ាស៊ីនត្រជាក់ តខ្សែភ្លើងទឹក សំណង់ និងវិស័យកសិកម្ម»។
បើតាមលោក នុត សវនា ជាទូទៅបន្ទាប់ពីព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលើកលែង និងបន្ធូរបន្ថយទោស ក្រុមការងារជំនាញនឹងចាត់ចែងបន្តដើម្បីប្រកាសដល់សាមីខ្លួនដែលពាក់ព័ន្ធ។ លោកថា៖ «ពេលបានព្រះរាជក្រឹត្យហើយ យើងធ្វើការងារតាមនីតិវិធីរដ្ឋបាលសិនត្រូវមានវត្តមានតំណាងអយ្យការទៅប្រកាសព្រះរាជក្រឹត្យលើកលែងទោស ឬបន្ធូរបន្ថយទោសឱ្យសាមីខ្លួនបានដឹងទើបធ្វើការដោះលែង»។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីរដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានទេកាលពីម្សិលមិញ។ ប៉ុន្តែលោកធ្លាប់ប្រាប់ថា ការបន្ធូរបន្ថយ និងលើកលែងទោសអាចអនុវត្តផងដែរក្នុងហេតុផលមនុស្សធម៌ចំពោះទណ្ឌិតដែលមានជំងឺធ្ងន់ធ្ងរក្នុងពន្ធនាគារ ទណ្ឌិតជាស្ត្រីដែលមានផ្ទៃពោះ ឬមួយមានកូននៅជាមួយទណ្ឌិតដែលមានវិកលចរិត និងទណ្ឌិតដែលមានភាពចាស់ជរាជាដើម ដែលបានអនុវត្តទោស ១/៣ នៃទោសដាក់ពន្ធនាគារ។
កិច្ចប្រជុំស្តីពីការបន្ធូរបន្ថយ និងការលើកលែងទោសទណ្ឌិតកាលពីថ្ងៃទី ៣១ ខែមីនា ធ្វើឡើងតាមសំណើសុំពីគណៈកម្មការរាជធានី-ខេត្ត ចំនួន ២៣ (ពន្ធនាគាររាជធានី-ខេត្តចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែទាំង ៤) សរុបមានទណ្ឌិតចំនួន ៥៤២ នាក់ (ស្រី ៦៨ នាក់) ក្នុងនោះស្នើសុំលើកលែងទោសចំនួន ៧០ នាក់ (ស្រី ៩ នាក់) និងស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៧២ នាក់ (ស្រី ៥៩ នាក់)៕