ភ្នំពេញៈ គណៈកម្មការ​ទី​ ៧ ​នៃ​រដ្ឋសភា​សហការ​គាំទ្រ​ជា​មូលដ្ឋាន​បច្ចេកទេស​ក្នុង​ការបង្កើត APP E-Learning ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បន្ត​លើ​ការជំរុញ និង​ផ្តល់​សម្រាប់​ការអប់រំ​ឌីជីថល​ដល់​សិស្សានុសិស្ស​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​កាលៈទេសៈ​ដ៏លំបាក​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នេះ​។

ការបន្ត​លើ​ការជំរុញ និង​ផ្តល់​ការអប់រំ​ឌីជីថល​ដល់​សិស្សានុសិស្ស​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​រវាង​លោក ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ​កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា​ (​គណៈកម្មការ​ទី​ ៧ នៃ​រដ្ឋសភា​) និង​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ទីស្ដីការក្រសួង​អប់រំ​កាលពី​ថ្ងៃទី​ ២៣ ខែមិថុនា​។

ក្រោយ​ជំនួប​ប្រជុំ​ក្នុង​ថ្ងៃ​ដដែល លោក​ ហ៊ុន ម៉ានី បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ថា​ក្នុង​កាលៈទេសៈ​លំបាក ការអប់រំ មិនមែន​ជា​រឿង​ដាច់ដោយឡែក​ដែល​តម្រូវ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ធ្វើការ​តែម្នាក់ឯង​នោះ​ទេ ប៉ុន្តែ​ជា​រឿង​របស់​សង្គម ហើយ​ត្រូវការ​ការចូលរួម​ពី​សំណាក់​គ្រប់ភាគី​ពាក់ព័ន្ធ​។

លោក​ថា​៖ «​ថ្ងៃនេះ យើង​ទាំងអស់​គ្នា​បាន​ប្រជុំ​គិតគូរ ពិភាក្សា និង​ផ្តល់​ធាតុ​ចូល​បន្ថែម​រួមគ្នា​លើ​គម្រោង​ការបង្កើត​ឱ្យ​មាន​ជា APP- E-Learning របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​ការផ្តល់​ការអប់រំ​ឌីជីថល​ដល់​សិស្សានុសិស្ស​កាន់តែ​មាន​ប្រសិទ្ធភាព​»​។

លោក​បន្ដថា​៖ «​ទន្ទឹម​នឹង​ការខិតខំ​ប្រឹងប្រែង​ទាំងអស់ យើង​ខ្ញុំ​សង្ឃឹមថា អាណាព្យាបាល​សិស្សានុសិស្ស​ទាំងអស់​នឹង​បន្ត​ចូលរួម​គាំទ្រ​រាល់​ចំណាត់ការ​នានា​ និង​សហការ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួង​ជា​បន្តបន្ទាប់​»​។

គណៈកម្មការ​ទី​ ៧ ​នៃ​រដ្ឋសភា​បាន​បង្ហាញ​តាមរយៈ​កិច្ចប្រជុំ​ថា គណៈកម្មការ​នេះ​បាន​ធ្វើការ​សហការ​គាំទ្រ​ជា​មូលដ្ឋាន​បច្ចេកទេស​ក្នុង​ការបង្កើត​ជា APP របស់​ក្រសួង​ដើម្បី​ឆ្លើយតប​នូវ​សំណូមពរ​របស់​ក្រសួង​អប់រំ​។

គណៈកម្មការ​ទី​ ៧ ​នៃ​រដ្ឋសភា​លើក​ទឹកចិត្ត អាណាព្យាបាល​គ្រប់ៗ​រូបបន្ត​ផ្តល់​ការយក​ចិត្ត​ទុកដាក់​ណែនាំ​កូនៗ​ឱ្យ​ស្វ័យ​សិក្សា​នៅផ្ទះ និង​តាមរយៈ​មធ្យោបាយ​អនឡាញ​នានា​ស្របតាម​ការណែនាំ​របស់​ក្រសួង​អប់រំ​ផងដែរ​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែង​ពី​ថ្ងៃ​ពុធ​ថា ក្រសួង​អប់រំ​ផ្តោត​លើ​ការលើកកម្ពស់​ការអប់រំ​តាម​បែប​ឌីជីថល​ដូច​មាន​ចែង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៩-២០២៣ និង នៅក្នុង​ផែនទី​បង្ហាញ​ផ្លូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០ ស្តីពី​ការអប់រំ​នៅ​កម្ពុជា​។ ការអប់រំ​តាមបែប​ឌីជីថល​មាន​គោលដៅ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​គុណភាព​មូលធន​មនុស្ស​សម្រាប់​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​។

លោក​ថា​៖ «​ជាក់ស្តែង​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​លើកកម្ពស់​កិច្ចសហការ​ដែល​មាន​ស្រាប់​ជាមួយ​គណៈកម្មការ​ទី​ ៧ ​នៃ​រដ្ឋសភា និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ ដើម្បី​បង្កើន​វិសាលភាព និង​ប្រសិទ្ធភាព​ការអប់រំ​ឌីជីថល​ដោយ​ផ្តោត​លើ​ការគាំទ្រ​បច្ចេកទេស​សម្រាប់​បង្កើត App E-learning របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ជូន​សិស្សានុសិស្ស​»​។

លោក​ ហង់ជួន ណារ៉ុន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​នៃ​ការបើក​ការដ្ឋាន​ជួសជុល និង​កែលម្អ​អគារ​ «​មជ្ឈមណ្ឌល​សម្រាប់​ការអប់រំ ឌីជីថល​ និង​ការអប់រំ​ពី​ចម្ងាយ​» ​កាលពី​ថ្ងៃទី​ ២២ ​មិថុនា​ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ថា សិស្ស​នៅ​តាម​សាលារៀន​ចំណេះដឹង​ទូទៅ​របស់​រដ្ឋ​ទាំងអស់​មាន​ ៣ ​លាន​នាក់​។

ក្នុង​ចំណោម​សិស្ស​ ៣ ​លាន​នាក់​នេះ​ សិស្ស​ប្រមាណ​ ១,៥ ​លាន​នាក់​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​សេវា​ការសិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​ (​អនឡាញ​)​។ ឯ​សិស្ស​ ១,៥ ​លាន​នាក់​ទៀត​ ដែល​មិន​ទទួល​បាន​ការសិក្សា​ពេញលេញ ពួកគេ​ត្រូវ​ពឹង​ទៅលើ​ការសិក្សា​តាម​សៀវភៅ​គោល​សិក្សា​របស់​ក្រសួង​អប់រំ​៕