ភ្នំពេញៈ គណៈកម្មការ​ទី​ ៨ ​នៃ​ព្រឹទ្ធសភា​បាន​គាំទ្រ​វិធាន​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ទាំង​ ៥ ​ចំណុច​ ក្នុង​ន័យ​កាត់បន្ថយ​ការប្រើ​ថ្នាំជក់​នៅ​កម្ពុជា​ដែល​សង្គម​ស៊ីវិល​មើលឃើញ​ថា បើ​អនុវត្ត​វិធាន​នេះ​បាន​ជោគជ័យ​នឹង​ជួយ​ជីវិត​មនុស្ស​បាន​ជិត​ ៦ ​ម៊ឺន​នាក់​ ពី​ការស្លាប់​មុន​អាយុ និង​កាត់បន្ថយ​ការខាតបង់​សេដ្ឋកិច្ច​ជិត​ ២ ​ពាន់​លាន​ដុល្លារ ​នៅ​ឆ្នាំ​ ២០៣៣ ខាងមុខ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា​កាលចុង​ខែ​កក្កដា​បាន​ឲ្យ​ដឹងថា វិធាន​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ទាំង​ ៥ ចំណុច​រួមមាន ការបង្កើន​ការយល់ដឹង និង​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ដល់​សាធារណជន​យុវជន និង​ភាគី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​។

ការពង្រីក​កម្មវិធី​កន្លែង​ធ្វើការ ទីសាធារណៈ ជា​តំបន់​គ្មាន​ផ្សែង​បារី ការពង្រីក​សារ​ព្រមាន​សុខភាព​ជា​រូបភាព​នៅលើ​កញ្ចប់​ផលិតផល​ថ្នាំជក់​ឲ្យ​មាន​ទំហំ​ធំ និង​ការបង្កើន​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ដើម្បី​ប្រសិទ្ធភាព​ការពារ​សុខភាព​ដល់​ប្រជាជន​ព្រម​ទាំង​ការហាមឃាត់​ការផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់​ទម្រង់​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​កាលពី​ចុងខែ​មុន​លោកស្រី មាន សំអាន ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​នៃ​ព្រឹទ្ធសភា​បាន​លើកឡើង​ថា តាងនាម​ឲ្យ​គណៈកម្មការ​ទី​ ៨ ​នេះ​លោកស្រី​គាំទ្រ​ចំពោះ​វិធាន​ទាំង​ ៥ ​ចំណុច​ ដែល​បាន​ដាក់ចេញ​នោះ​។

ជាមួយ​គ្នា​នេះ​លោកស្រី​ក៏​បាន​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​បន្ត​រួមសហការ​ជំរុញ​ដោះស្រាយ​ចំពោះ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ថ្នាំជក់​នៅ​កម្ពុជា​ ដើម្បី​ឲ្យ​អត្រា​អ្នកប្រើប្រាស់​ថ្នាំជក់​ថយចុះ​ដែល​បង្ការ​កុំ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច និង​ចំណាយ​លើ​ការព្យាបាល​។

លោកស្រី​បញ្ជាក់​ថា​៖ «​សង្ឃឹម និង​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​ឆន្ទៈ និង​ការចូលរួម​ប្ដេជ្ញាចិត្ត​របស់​ឯកឧត្តម​លោកជំទាវ លោក លោកស្រី ពិតជា​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​ចូលរួម​ទប់ស្កាត់​បញ្ហា​ប្រឈម​សំដៅ​បង្ការ និង​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ដើម្បី​បង្ការ​ជំងឺ​មិន​ឆ្លង​នៅ​កម្ពុជា​ប្រកប​ដោយ​លទ្ធផល​ដូចដែល​បានកំណត់​ទុក​»​។

លោកស្រី​ក៏​បាន​សន្យា​ផងដែរ​ថា គណៈកម្មការ​ទី​ ៨ នៃ​ព្រឹទ្ធសភា​នឹង​បន្ត​កិច្ចសហការ​ល្អ​បន្ថែម​ទៀត​ជាមួយ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា​ក្នុងករណី​បើ​មាន​សំណូមពរ​ស្នើសុំ​ការគាំទ្រ​ណាមួយ​ដើម្បី​ជំរុញ​ឲ្យ​អត្រា​អ្នក​ប្រើប្រាស់​ថ្នាំជក់​មានការ​ថយចុះ ជាពិសេស​ចូលរួម​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​សង្គម​។

លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា​បាន​ឲ្យ​ដឹងថា តាម​ការស្រាវជ្រាវ​ពី​ការវិនិយោគ​លើ​ការត្រួតពិនិត្យ​ថ្នាំជក់​នៅ​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញថា ការអនុវត្ត​វិធាន​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ទាំង​ ៥ ​ចំណុច​អាច​ធ្វើឲ្យ​កម្ពុជា​សង្គ្រោះ​ជីវិត​ពលរដ្ឋ​បាន​ប្រមាណ ៥៧ ០០០ ​នាក់​ពី​ការស្លាប់​មុន​អាយុ​។

លោក​បន្តថា ការស្រាវជ្រាវ​នេះ​ក៏បាន​បង្ហាញ​ដែរ​ថា វិធាន​ទាំង​ ៥ ​ចំណុច​នេះ​ក៏​ចូលរួម​បង្ការ​កុំ​ឲ្យ​មាន​ការខាតបង់​សេដ្ឋកិច្ច និង​លើ​ការព្យាបាល​ប្រមាណ​១ ៨៩៩ ​លាន​ដុល្លារ នៅ​ឆ្នាំ​ ២០៣៣ ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ប្រជាជន​កម្ពុជា​ចំនួន​ ១៥ ០០០ ​នាក់​ស្លាប់​ជា​រៀងរាល់​ឆ្នាំ ដោយសារ​ជំងឺ​បង្កដោយ​ការប្រើប្រាស់​ថ្នាំជក់​ដែល​ ៣៣ ​ភាគរយ ​នៃ​អ្នក​ស្លាប់​ទាំងអស់​កើតឡើង​ចំពោះ​ពលរដ្ឋ​ដែល​​មាន​ចំណូល​ទាប​បំផុត​។ មិនតែ​ប៉ុណ្ណោះ​​ការប្រើប្រាស់​ថ្នាំជក់​បណ្តាល​ឲ្យ​ខាតបង់​​ទឹកប្រាក់​ចំនួន ៦៤៩ ​លាន​ដុល្លារ អាមេរិក​ស្មើនឹង​ ៣ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ​របស់​កម្ពុជា​»​។

តាម​ការសិក្សា​លើ​ការអង្កេត​ស្ដីពី​ការអនុវត្ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​របស់​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ឆ្នាំ​ ២០១៩ ​បាន​បង្ហាញថា មាន​បារី​ប្រមាណ​ ៣០ ​ភាគរយ​ ដែល​ដាក់តាំង​លក់​លើ​ទីផ្សារ​ពុំមាន​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ និង​រូបភាព ហើយ​បារី​ ៥៨ ​ភាគរយ ដែល​លក់​នោះ​ពុំ​មាន​តែមប្រិ៍​ពន្ធ​នោះទេ​។

ការសិក្សា​នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា មានការ​ផ្សាយពាណិជ្ជកម្ម​បារី​ប្រមាណ​ ២០ ​ភាគរយ ​ដោយ​ក្រុមហ៊ុន​ថ្នាំជក់​បាន​ផ្ដល់​សម្ភារ​ផ្សាយ​ពាណិជ្ជកម្ម និង​ផលប្រយោជន៍​ទៅ​ឲ្យ​អ្នកលក់​បារី​ជាច្រើន​៕