The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គណៈ​កម្មការ​បញ្ចប់​ការ​ស៊ើប​អង្កេត​រឿង​បាញ់​ឡាន​ដឹក​ស្រូវ​នៅ​ព្រៃវែង

គណៈ​កម្មការ​បញ្ចប់​ការ​ស៊ើប​អង្កេត​រឿង​បាញ់​ឡាន​ដឹក​ស្រូវ​នៅ​ព្រៃវែង

រថយន្​ត​ដឹក​ស្រូវ​ដែល​ត្រូវ​ប៉េអឹម​ខេត្ត​ព្រៃ​វែង​បាញ់​ និង​ការ​ធ្វើ​ទារុណ​​កម្ម​​ម្ចាស់​ឡាន​​​។ រូបថត សហ​ការី​
រថយន្​ត​ដឹក​ស្រូវ​ដែល​ត្រូវ​ប៉េអឹម​ខេត្ត​ព្រៃ​វែង​បាញ់​ និង​ការ​ធ្វើ​ទារុណ​​កម្ម​​ម្ចាស់​ឡាន​​​។ រូបថត សហ​ការី​

គណៈ​កម្មការ​បញ្ចប់​ការ​ស៊ើប​អង្កេត​រឿង​បាញ់​ឡាន​ដឹក​ស្រូវ​នៅ​ព្រៃវែង

ភ្នំពេញៈ គណៈកម្មការ​ចំពោះ​កិច្ច ដែល​ចាត់តាំង​ដោយ​លោក សៅ សុខា មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រៃវែង ដេញ​បាញ់​ឡាន​ដឹក​ស្រូវ​និង​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​បើក​ឡាន រួម​នឹង​ព្រូឡាន ខណៈ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​នេះ​នឹង​ត្រូវ​ផ្លាស់​មក​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស។

ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច ដែល​បាន​ចាត់​តាំង​ដោយ​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ទាក់ទិន​នឹង​រឿង​បាញ់​រថយន្ត​ដឹកស្រូវ​នេះ​ លោក ស៊ិន សូផាន្នី បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា គណៈ​កម្មការ​នេះ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ហើយ និង​បាន​កំណត់​មុខ​សញ្ញា​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ ប៉ុន្តែ​លោក សុំ​មិន​​ផ្តល់​ព័ត៌មាន​លម្អិត​ទេ។

លោក​បាន​ប្រាប់​ថា៖ «យើង​ត្រូវ​ធ្វើការ​បូកសរុប​របាយការណ៍​ទាំង​នេះ ដើម្បី​ឆ្លង​ទៅ​ថ្នាក់​លើ​ជា​មុន​សិន ទើប​អាច​​ជូន​ជា​ព័ត៌មាន​លម្អិត​បាន ដែល​តាម​គម្រោង​​នឹង​មាន​សន្និសីទ​សារព័ត៌មាន​បញ្ជាក់​ពី​រឿង​នេះ»។

ទាក់ទិន​​ករណី​មន្ត្រី​កង​រាជ​អាវុធហត្ថ​ដេញ​តាម​ពី​ខេត្ត​ត្បូង​ឃ្មុំ រហូត​ដល់​ខេត្ត​ព្រៃវែង និង​បាន​បាញ់​រះ​ទៅ​លើ​រថយន្ត​ដឹក​ស្រូវ​ព្រម​ទាំង​ចាប់​ចង​អ្នក​បើក​ឡាន​ពីរ​នាក់​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃ​ផ្សៃ កាល​ពី​យប់​ថ្ងៃទី​១៩ ខែ​មីនា​នោះ ក្នុង​ដំណាក់​កាល​នៃ​ការ​ស៊ើប​អង្កេត​កន្លង​ទៅ​មេបញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ប្រចាំ​ផ្ទៃ​ប្រទេស លោក សៅ សុខា ធ្លាប់​បាន​បញ្ជាក់​ថា “រឿង​នេះ វា​មិន​មែន​ពាក់ព័ន្ធ តែ​ប៉េអឹម​ ៤ ​នាក់​​ទេ ពីព្រោះ​រឿង​នេះ​ត​មក​ពី​ខេត្ត​ត្បូងឃ្មុំ តើ​វា​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​បាន​ចូលរួម ហើយ​អ្នក​ណា​ខ្លះ...វា​មាន​ការ​ពាក់ព័ន្ធ​គ្នា​ច្រើន វា​មាន​អាវុធហត្ថ ហើយ​មិន​មែន​អាវុធ​ហត្ថ​ផង នៅក្នុង​រឿង​ហ្នឹង»។

តាម​ប្រភពពី​មន្ត្រី​ជាន់​ខ្ពស់​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឲ្យ​ដឹង​ថា ដើម្បី​កែសម្រួល​ការងារ មេបញ្ជាការ មេបញ្ជា​ការ​រង​កង​រាជអាវុធ​ហត្ថ តាម​បណ្តា​ខេត្ត​មួយ​ចំនួន រួម​នឹង​មេបញ្ជា​ការរង និង​ជា​ស្នងការ ស្នង​ការ​រង ដែល​មាន​មុខតំណែង​ពីរ នឹង​​ត្រូវ​ផ្លាស់ប្តូរ និង​ផ្ទេរ​ភារកិច្ច ដើម្បី​ពង្រឹង​ការងារ​របស់​កង​រាជ​​អាវុធហត្ថ។

ក្នុងនោះ លោក សុខ គ្រីន មេ​បញ្ជាការ​កងរាជ​អាវុធហត្ថ ខេត្ត​ព្រៃវែង ក៏​ត្រូវ​បាន​ស្នើ​ផ្លាស់​មក​ជា​នាយរង​សេនាធិការ នៃ​សេនាធិការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​វិញ។

មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រៃវែង លោក សុខ គ្រីន ឲ្យ​ដឹង​ថា លោក​មិន​ខ្វល់​នឹង​ការ​ផ្លាស់ប្តូរ​នេះឡើយ ហើយ​លោក ក៏​រំពឹងថា គណៈកម្មការ​ចំពោះ​កិច្ច នឹង​​​ស្វែង​​រក​ការពិត​ពាក់ព័ន្ធ​នឹង​រឿង​រថយន្ត​ដឹកស្រូវ​នោះ។

លោក​បន្ត​ថា៖ «ដូរ​ក៏​ដូរ​ទៅ​ករណី​រឿង​រថយន្ត​ដឹកស្រូវ​នោះ​អ្នកណា​ថា​អី​ថា​ទៅ ការពិត​នៅ​តែ​​ជាការ​ពិត ខ្ញុំ​គ្មាន​តវ៉ា​អី​ទេ គណៈកម្មការ​បាន​ស៊ើប​អង្កេត​ហើយ ខ្ញុំ​គ្មាន​ប្រតិកម្ម​ទេ»។

ក្រៅពី​លោក សុខ គ្រីន ក៏​មាន​លោក ជួន ជឿន មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ឆ្នាំង​លោក កែវ ជា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ និង​លោក ទេព វណ្ណា មេបញ្ជាការ​​កង​រាជ​អាវុធហត្ថ ខេត្ត​កំពត ត្រូវបាន​​ស្នើ​ជា​នាយរង​សេនាធិការ​នៃ​សេនាធិការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​ដែរ​។

លោក មាស សុវណ្ណ មេបញ្ជា​ការ​កង​រាជ​អាវុធហត្ថ ខេត្ត​កណ្តាល ត្រូវ​បាន​​ស្នើ​ជា​មេបញ្ជា​ការ​កង​រាជអាវុធ​ហត្ថ ខេត្ត​កំពង់​ឆ្នាំង លោក ម៉ែន ស៊ីប៊ន មេបញ្ជាការ​កង​រាជ​អាវុធហត្ថ ខេត្ត​កំពង់​ស្ពឺ ត្រូវបាន​ស្នើ​ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រៃវែង លោក សាន្ត ប៊ុន​ថាន មេបញ្ជា​ការ​​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង ត្រូវ​បាន​ស្នើ​ជា មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ ខេត្ត​ក្រចេះ ចំណែក លោក ប៉ោ វណ្ណនិត មេ​បញ្ជាការ​រង​កងរាជ​អាវុធ​រាជធានី​ភ្នំពេញ​ត្រូវ​ស្នើ​ជា​មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ ខេត្ត​សៀមរាប។

ជាមួយគ្នានេះ លោក ខេង ទីតូ អ្នកនាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​បាន​ស្នើ​ជា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ ចំណែក​លោក អេង ហ៊ី នាយ​ការិយា​ល័យ​អប់រំ ផ្សព្វផ្សាយ នឹង​ត្រូវ​ស្នើ​មក​ជា​អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​វិញ។

ទោះ​យ៉ាង​ណា អ្នកនាំ​ពាក្យ​​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ការ​ស្នើ​សុំ​ផ្លាស់ប្តូរ​និង​ផ្ទេរ​ភារកិច្ច​នេះ គឺ ជា​សំណើ​របស់​លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ដើម្បី​​ធ្វើ​ការ​កែ​សម្រួល​ការងារ តាម​​ការ​ចាត់​តាំង​ថ្មី​នេះ។

លោក​​ប្រាប់​ថា៖ «ទាំង​នេះ​ជា​សំណើ​មិន​ទាន់​មាន​​សេចក្តី​សម្រេច​ពី​ថ្នាក់​លើ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ បន្ទាប់​ពី​សម្រេច​គឺ​នឹង​មាន​ពិធី​ប្រកាស​តែង​តាំង និង​ផ្លាស់ប្តូរ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»៕

អត្ថបទគួរចាប់អារម្មណ៍