
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណ:កម្មការប្រឹក្សាការងារ ដឹកនាំកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ អាណត្តិទី១០ លើកទី១ តាមប្រព័ន្ធអនឡាញ (Zoom) កាលពីម្សិលមិញ។ រូបថត ក្រសួងការងារ
ភ្នំពេញ៖ គណៈកម្មការប្រឹក្សាការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចឱ្យបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញ របស់រោងចក្រសហគ្រាស ដោយបែងចែកកម្មករនិយោជិតចំនួន ៥០% នៃកម្មករនិយោជិតសរុប ឱ្យធ្វើការផ្លាស់វេនគ្នារៀងរាល់ ២ សប្តាហ៍ម្តង ប៉ុន្តែការផ្លាស់វេននេះអាចលើកលែងចំពោះរោងចក្រ ដែលមានកម្មករនិយោជិតយ៉ាងតិច ៨០% នៃចំនួនសរុបបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ គ្រប់ដូស។
ការសម្រេចនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីគណៈកម្មការប្រឹក្សាការងារ បានបើកកិច្ចប្រជុំអាណត្តិទី១០ លើកទី១ តាមប្រព័ន្ធអនឡាញ (Zoom) ដែលមានសមាសភាពចូលរួម ២៨ រូប ដើម្បីពិភាក្សាលើវិធានអនាម័យ និងសុវត្ថិភាពការងារ នៅពេលបើកដំណើរការ សកម្មភាព អាជីវកម្មឡើងវិញ របស់រោងចក្រ សហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាល។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនៃគណៈកម្មការប្រឹក្សាការងារ កាលពីថ្ងៃទី ០៤ ខែឧសភា បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីកំណត់នូវលក្ខណៈវិនិច្ឆ័យក្នុងការផ្អាកជាបណ្តោះអាសន្ន និងការបើកដំណើរការឡើងវិញនូវរោងចក្រ សហគ្រាស ដែលមានកម្មករនិយោជិតឆ្លងជំងឺកូវីដ ១៩។
សេចក្តីថ្លែងការណ៍បានលើកឡើងថា៖ «ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាល នៅពេលបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញ រោងចក្រ សហគ្រាសទាំងនោះ ត្រូវអនុវត្តន៍នូវវិធានការដោយបែងចែកកម្មករនិយោជិតចំនួន ៥០% នៃកម្មករនិយោជិតសរុបឱ្យធ្វើការផ្លាស់វេនគ្នារៀងរាល់ ២ សប្តាហ៍ម្តង»។
ចំពោះការជ្រើសរើសកម្មករនិយោជិតដែលត្រូវចូលធ្វើការវេនទី១ (២ សប្តាហ៍ដំបូង) គឺត្រូវផ្តល់អាទិភាពទៅលើកម្មករនិយោជិតដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី១និងទី២ ហើយ មិនស្ថិតនៅក្នុងតំបន់ដែលតម្រូវឱ្យផ្តល់សំណាក ដើម្បីវិភាគរកមេរោគកូវីដ ១៩ ឬបានផ្តល់សំណាក ដើម្បីវិភាគរកមេរោគកូវីដ ១៩ រួចហើយដោយមានការបញ្ជាក់ពីក្រុមគ្រូពេទ្យមានសមត្ថកិច្ចយកសំណាក ឬពេទ្យការងារនៃក្រសួងការងារ។
ជាមួយគ្នានេះដែរ ម្ចាស់រោងចក្រ សហគ្រាសត្រូវផ្តល់ប្រាក់ឈ្នួលចំនួន ៥០% នៃប្រាក់ឈ្នួលអប្បបរមា (ប្រាក់ឈ្នួលអប្បបរមា បូកនឹងប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ប្រចាំខែផ្សេងៗ ដែលកម្មករនិយោជិតធ្លាប់ទទួលបាននាពេលកន្លងមក) ដោយរក្សាទុកនូវអត្ថប្រយោជន៍ប្រចាំខែ និងអត្ថប្រយោជន៍ផ្សេងៗដូចជា ការថែមម៉ោងជាដើម។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា រោងចក្រ សហគ្រាស ត្រូវផ្តល់ម៉ាស់យ៉ាងតិចចំនួន ១ ដល់កម្មករក្នុងម៉ោងការងារ រៀបចំឱ្យមានការបាញ់អាល់កុលលើដៃ និងដងខ្លួន ព្រមទាំងការវាស់កម្តៅមុនពេលចូលធ្វើការ និងក្រោយពេលអាហារថ្ងៃត្រង់ ត្រូវគ្រប់គ្រងប្រព័ន្ធខ្យល់ចេញចូលក្នុងទីតាំង ផលិតកម្មឱ្យបានល្អ បម្រុងទុកនូវឧបករណ៍យកសំណាក ដើម្បីវិភាគរកមេរោគកូវីដ ១៩ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលចំនួន ១០% នៃកម្មករនិយោជិតសរុបរបស់រោងចក្រ។
ក្រសួងការងារក៏តម្រូវឱ្យរោងចក្រ សហគ្រាស ត្រូវយកសំណាក ដើម្បីវិភាគរកមេរោគកូវីដ ១៩ រៀងរាល់សប្តាហ៍ចំពោះកម្មករនិយោជិតដែលធ្វើការចល័តពីអគារមួយទៅអគារមួយ កម្មករនិយោជិតដែលប្រាស្រ័យទាក់ទងជាមួយបុគ្គលខាងក្រៅ ជាពិសេសបុគ្គលដែលមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស កម្មករនិយោជិតដែលធ្វើការនៅអាហារដ្ឋាន សន្តិសុខ ឬអ្នកអនាម័យ ដែលផ្តល់សេវាឆ្លងអគារ កម្មករនិយោជិតដែលទទួលបន្ទុកបាញ់សម្លាប់មេរោគ និងវាស់កម្ដៅ។
ទន្ទឹមនឹងនេះដែរ គណៈកម្មការប្រឹក្សាការងារ ក៏បានស្នើសុំរាជរដ្ឋាភិបាល ជួយផ្តល់ការឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនបងប្អូនកម្មករនិយោជិតនៅក្នុងអំឡុងពេលផ្អាកសកម្មភាពអាជីវកម្ម ឬពេលកំពុងសម្រាកព្យាបាលជំងឺកូវីដ ១៩ ឬពេលធ្វើចត្តាឡីស័កតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
នៅក្នុងនេះដែរ ក្រសួងការងារបានកំណត់ផងដែរ នូវលក្ខខណ្ឌនៃការបែងចែងវេនការងាររៀងរាល់ ២ សប្តាហ៍ម្តង ត្រូវបានលើកលែងចំពោះរោងចក្រ ដែលមានកម្មករនិយោជិតយ៉ាងតិច ៨០% នៃចំនួនកម្មករនិយោជិតសរុបបានទទួលវាក់សាំងការពារជំងឺកូវីដ ១៩ គ្រប់ដូស ឬប្រភេទ រោងចក្រ ដែលមានវិធានការសុខភាព និងសុវត្ថិភាពការងារតឹងរ៉ឹងក្នុងការការពារកម្មករនិយោជិតពីការកើត ឬឆ្លងជំងឺកូវីដ ១៩ និងទទួលបានការអនុញ្ញាតពីអធិការការងារ។
កម្មករនិយោជិត ដែលស្នាក់នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ដោយវិធានការរដ្ឋបាលមិនត្រូវបានអនុញ្ញាតឱ្យមកបំពេញការងារនៅក្នុងរោងចក្រ សហគ្រាសដូចបានកំណត់ខាងលើបានឡើយ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះថា លោកមានការបារម្ភទាក់ទងនឹងការវិលត្រលប់ចូលធ្វើការងារវិញរបស់កម្មករនិយោជិត ក្នុងពេលដែលករណីនៃការឆ្លងរាលដាលនៃវីរុសកូវីដ ១៩ មិនទាន់បានធូរស្រាលនៅឡើយ។
លោកបានថ្លែងថា៖ «ខ្ញុំបារម្ភលើការវិលចូលធ្វើការវិញរបស់កម្មករ ហើយខ្ញុំសុំឱ្យក្រសួងក៏ដូចជារោងចក្រសហគ្រាសនៅក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ពិចារណាឡើងវិញ ដើម្បីបញ្ចៀសនូវការឆ្លងរីករាលដាលឡើងវិញ ចំពោះបងប្អូនកម្មករយើង»។
ជាមួយគ្នានេះដែរ គណៈកម្មការប្រឹក្សាការងារបានស្នើសុំរាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់កម្មករនិយោជិត ជាពិសេសកម្មករ និយោជិត រោងចក្រ អ្នកដឹកជញ្ជូនកម្មករនិយោជិត និងអ្នករត់កង់បី អ្នកស្នាក់នៅតំបន់ផ្ទះជួល អ្នកលក់ដូរជុំវិញរោងចក្រ អាជីវករនៅតាមផ្សារនានា បុគ្គលិកបម្រើការនៅតាមភោជនីយដ្ឋាន រមណីយដ្ឋាន និងសណ្ឋាគារ៕