ភ្នំពេញៈ ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា និងក្រុមការងារ កាលពីម្សិលមិញ បានចាប់ផ្តើមចុះត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុរបស់សាកលវិទ្យាល័យរដ្ឋមួយចំនួន ខណៈដែលក្រសួងបានស្នើសុំលើកពេល ដែលសកម្មភាពនេះត្រូវបានរដ្ឋមន្ត្រីក្រសួងអប់រំចាត់ទុកថា ជាការលូកដៃចូលក្នុងកិច្ចការ របស់ក្រសួងអប់រំ ដែលស្ថិតនៅក្នុងស្ថាប័ននីតិប្រតិបត្តិ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងបន្ទាប់ពីក្រសួងអប់រំបានស្នើសុំលើកពេលចំពោះការស្នើសុំចុះត្រួតពិនិត្យ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងចុះទៅពិនិត្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកម្សិលមិញ ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា ទេសចរណ៍ សិល្បៈ និងវប្បធម៌ លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងថា លោកមានការសោកស្តាយដែលក្រសួងស្នើសុំលើកពេលបេសកកម្មរបស់គណៈកម្មការនេះ ដោយសារសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពុងជាប់បេសកកម្មនៅក្រៅប្រទេស។
លោកបន្តថា៖ «នេះជាការមួយគួរឲ្យសោកស្តាយជាទីបំផុត នៅក្នុងការគ្រប់គ្រង និងដឹកនាំ។ គ្រប់ស្ថាប័ន ឬគ្រឹះស្ថាន នៅពេលដែលនាយក ឬប្រធានជាប់បំពេញបេសកកម្ម តែងតែមាននាយកស្តីទីឬប្រធានស្តីទីដើម្បីបំពេញការងារបន្ត នេះជាគោលការណ៍អភិបាលកិច្ចល្អ ដែលមិនតម្រូវតែលើបុគ្គលមួយរូបនោះទេ»។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការឆ្លើយតបពីលោក ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទេកាលពីម្សិលមិញ។
យ៉ាងណាក៏ដោយ លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថា៖ «បេសកកម្មនៃការចុះពិនិត្យនេះគឺដើម្បីសិក្សាពីចំនួនសិស្ស និងគ្រូ បញ្ហាពាក់ព័ន្ធគ្រូបង្រៀន បរិយាកាសនៃការសិក្សា និងកម្មវិធីសិក្សាជាដើម ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ»។
ពាក់ព័ន្ធនឹងរឿងនេះ រដ្ឋមន្រ្តីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បានប្រាប់ភ្នំពេញបុស្តិ៍កាលពីម្សិលមិញថា លោកស្វាគមន៍ ចំពោះកិច្ចសន្ទនាកំណែទម្រង់ប្រព័ន្ធអប់រំ ប៉ុន្តែ យោងតាមរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងគណនេយ្យភាព នៃនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ នោះគឺ ក្រសួងមានតួនាទីជាអ្នកពិនិត្យ និងធានានូវគុណភាពលើវិស័យនេះ ហើយលោក បុញ្ញឫទ្ធិ ក្នុងនាមជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា មិនគប្បីលូកដៃក្នុងរឿងទាំងនេះទេ។
លោក បញ្ជាក់ថា៖ «យើងគួរបែងចែកអំណាចទាំងពីរនេះឲ្យច្បាស់លាស់ដោយមិនគួរលូកប៉ាតណាប៉ាតណីនោះទេក្នុងនាមជាសមាជិកសភានៃនីតិប្បញ្ញត្តិគាត់ (បុញ្ញឫទ្ធិ) គួរគោរពតាម»។
យ៉ាងណាក៏ដោយ ការចុះត្រួតពិនិត្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីម្សិលមិញនេះ លោក បុញ្ញឫទ្ធិ មិនបានដើរត្រួតពិនិត្យដូចការគ្រោងទុកនោះទេ។ តែលោក បានអះអាងថា គណៈកម្មការទី៧ នេះ នឹងចុះពិនិត្យមើលសាលាមួយចំនួនទៀត រួមមាន សាកលវិទ្យាល័យវិចិត្រសិល្បៈ សាកលវិទ្យាល័យសុខាភិបាល វិទ្យាល័យនិងសាលាបឋមសិក្សាផ្សេងៗទៀត ដើម្បីប្រមូលព័ត៌មានក្នុងវិស័យអប់រំនេះ។
តាមគម្រោងនៅថ្ងៃទី ៥ ខែកុម្ភៈម្សិលមិញ គណៈកម្មការទី៧ នៃរដ្ឋសភា បានធ្វើបេសកកម្មត្រួតពិនិត្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅម៉ោង ៨ ព្រឹក នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅម៉ោង ២ រសៀល។ ចំណែកថ្ងៃទី៦ ខែកុម្ភៈនេះ គណៈកម្មការនេះ នឹងចុះទៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅម៉ោង ៨ ព្រឹក និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅម៉ោង ២ រសៀល។
បើតាមលោក យ៉ែម បុញ្ញឫទ្ធិ ការចុះត្រួតពិនិត្យ សាកលវិទ្យាល័យរដ្ឋនានានេះ គឺធ្វើឡើងដើម្បីស្រង់នូវព័ត៌មាន និងចងក្រងជារបាយការណ៍ សម្រាប់យកទៅពិភាក្សា ជាមួយលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ នៅក្នុងសិក្ខាសាលា ស្តីពីវិធានការកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ដែលគ្រោងនឹងធ្វើឡើង នៅមន្ទីររដ្ឋសភា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៥ ខាងមុខនេះ៕