ភ្នំពេញៈ សេចក្ដី​ព្រាង​ច្បាប់​ចំនួន ​៣​ ទាក់​ទង​នឹង​ការ​ការ​ពារ​វិនិ​យោគ​រវាង​កម្ពុជា ​និងសាធារណរដ្ឋ​ប្រជា​មានិត​បង់​ក្លា​ដែស សហភាព​អារ៉ាប់​អេ​មី​រ៉េត និង​សា​ធារ​ណរដ្ឋ​តួក​គី ត្រូវបាន​គណៈ​កម្មការ​ជំនាញ​រដ្ឋ​សភា​និង​តំណាង​រាជ​រដ្ឋា​ភិ​បាល​លើក​យក​មក​ពិនិត្យ​​សិក្សា​នៅ​វិមាន​រដ្ឋ​សភា​ មុន​ពេលបញ្ជូន​​ទៅ គណៈ​កម្មា​ធិការ​អចិ​ន្រៃ្តយ៍​រដ្ឋ​សភា​ដើម្បី​សម្រេច​ដាក់បញ្ចូល​ក្នុង​របៀប​វារៈ​នៃ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​​​ នាពេល​ខាងមុខ។

​កាល​ពី​ថ្ងៃ​ ២៧ ​ឧសភា រ​ដ្ឋសភា​បាន​បង្ហាញពី​សេចក្តី​ព្រាង​ច្បាប់​ទាំង​ ៣ ​នេះ រួម​មាន​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុ​ម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​រវាង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​និង​ប្រ​ទេស​ទាំង​៣​ខាង​លើ​ ស្តី​ពី​ការ​ជំរុញ ​និង​ការការ​ពារ​ទៅវិញ​ទៅ​មក​នៃ​វិនិយោគ។

ជំនួប​ពិនិត្យ​សិក្សា​សេចក្តី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​លើកយក​មក​ពិភាក្សា​ដោយ​ភាគី​គណៈ​កម្មការ​ជំនាញ​​រដ្ឋសភា រួ​មមាន​ គណៈ​កម្មការ​​ផែន​ការ វិនិ​យោគ ​កសិកម្ម អភិ​វឌ្ឍន៍​ជន​បទ ​បរិស្ថាន និង​ធន​ធានទឹក ដឹក​នាំ​ដោយ លោក​ ជា វ៉ាន់​ដេ​ត សហ​ការ​ជា​មួយ​គណៈ​កម្មការកិច្ច​ការ​បរទេស ​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ ​ឃោសនាការ​ និង​ព័ត៌​មាន​ដឹក​នាំ​ដោយ​លោក ​ឈាង ​វុន ជាប្រធាន​គណៈ​កម្មការ​នេះ។

ចំណែក​តំណាង​រដ្ឋា​ភិបាល​មាន លោក ជិន ប៊ុន​ស៊ាន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេសនិង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និងលោក​ សុខ ​ចិន្តា​សោភា រដ្ឋ​មន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី​ និង​ជា​អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា (CDC)។

លោក ជិន ប៊ុនស៊ាន​ តំណាង​រាជ​រដ្ឋា​ភិបាល​បាន​ថ្លែង​ប្រាប់​រដ្ឋសភា​ថា សេច​ក្តីព្រាង​ខាង​លើ​មាន​គោល​បំណង​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ចរវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជា​មិត្ត​ឱ្យ​កាន់តែ​ទូលំ​ទូលាយ​ព្រម​ទាំង​ជា​យន្ត​ការ​មួយទាក់​ទង​នឹង​លំហូរ​ទុន​វិនិ​យោគ រវាង​កម្ពុជា​ និង​អន្តរជាតិ។

លោក​បន្ដថា​៖ «សេច​ក្តីព្រាង​ទាំង៣​នេះ​ក៏​នឹង​ផ្តល់នូវ​ការ​ធានា​ផ្លូវច្បាប់​ដល់​ការ​វិនិ​យោគ​បរទេសដែល​ចូល​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អ្នក​វិនិយោគ​កម្ពុជាដែល​ចេញ​ទៅ​រកស៊ី​នៅ​ក្នុង​ប្រទេស​ដៃគូដោយ​ឈរលើ​មូល​ដ្ឋាន​ស្មើភាព និង​ផ្តល់​ផល​ប្រ​យោ​ជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក»។

លោក ជិន ប៊ុនស៊ាន បាន​ពន្យល់​ថា ភាគី​ជាប់​កិច្ច​សន្យា​ជា​ម្ចាស់​ផ្ទះ​ក៏មាន​ភារ​កិច្ច​ផ្តល់​នូវ​ប្រព្រឹត្ត​កម្ម​ត្រឹម​ត្រូវស្មើ​ភាពដើម្បី​ឱ្យ​អ្នក​វិនិយោគ​ដែល​កំពុង​វិនិយោគ​លើ​ទឹកដី​របស់​ខ្លួន​ទទួល​បាន​នូវ​ការ​ការ​ពារ និង​សន្តិសុខ​ពេញ​លេញ ព្រម​ទាំង​មិន​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ដល់​ការ​គ្រប់​គ្រង ការ​ថែ​រក្សា ការប្រើប្រាស់​ ការ​ទទួល​ផល​ និង​ការ​ចាត់​ចែង​ការ​វិនិ​យោគដោយ​វិធាន​ការមិន​សម​ហេតុ​ផល​ឬ​រើស​អើង​ពី​ភាគី​ណាមួយ​ឡើយ​។

លោក ជា វ៉ាន់​ដេត និង​ លោក ឈាង វុន បាន​បង្ហាញការឯក​ភាព​ទាំង​ស្រុងលើ​ខ្លឹម​សារ​ និង​ការ​តាក់​តែង​សេច​ក្តីព្រាង​ច្បាប់​ទាំង​ ៣ ​នេះ។

លោក ឈាង វុន បាន​បញ្ជាក់​ថា​៖​ «​នឹង​បញ្ជូន​សេចក្ដី​ព្រាងច្បាប់​ទាំង​ ៣​ ខាង​លើទៅ​គណៈ​កម្មា​ធិការ​អចិន្រៃ្តយ៍​រដ្ឋ​សភាដើម្បី​សម្រេច​ដាក់​បញ្ចូល​ក្នុង​របៀប​វារៈ​សម័យ​ប្រជុំ​ពេញ​អង្គ​រដ្ឋ​សភា​ធ្វើការ​ពិភា​ក្សា​ និង​អនុម័ត​នា​ពេល​ខាងមុខ»។

លោក គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនា​ក់ទំ​នង​អ​ន្តរ​ជាតិនៃរា​ជបណិ្ឌត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា ការ​បង្កើត​សេចក្ដី​ព្រាង​ច្បាប់​នេះគឺ​ជា​ហេដ្ឋា​រចនាសម្ព័ន្ធ​មួយ​របស់​កម្ពុជាដើម្បី​ទាក់​ទាញ​វិនិ​យោគិន​អន្តរ​ជាតិ​ឲ្យមក​កម្ពុជា ព្រោះ​កាល​ណា​មាន​ច្បាប់​បែប​នេះ​អាច​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ការពារ​អ្នក​ចង់​មក​វិនិ​យោគ​ឱ្យ​ទទួល​បាន​សុខ​សុវត្ថិភាព។

លោក​បន្ដថា​៖ «​បរទេស​គេត្រូវ​ការ​ភាព​រឹង​មាំ​ផ្នែក​ច្បាប់​ដើម្បី​ការ​ពារ​វិនិយោគិន​របស់​គេ​។ប៉ុន្ដែ​យើង​មាន​ច្បាប់​ហើយ ត្រូវ​អនុវត្ដ​ច្បាប់​នោះ​ឱ្យ​បាន​ត្រឹម​ត្រូវ កុំ​ឱ្យ​បរ​ទេស​មិន​គោរព​ច្បាប់​ជាតិ​យើង»។

ស្រ​ដៀង​គ្នានេះ​ដែរ អ្នក​វិភាគ​នយោ​បាយ​ និង​សង្គម​ លោក ​​ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា ​ច្បាប់​ទាំង​នេះ ឆ្លុះ បញ្ចាំង​នូ​វ​គោល​នយោបាយ​ទា​ក់ទា​ញ​វិ​និ​យោគទុ​ន​ពី​ប្រទេ​ស​នា​នា​ឲ្យ​បា​ន​កាន់តែច្រើ​ន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក​ថា៖ «ទៅអ​នាគ​ត​គេអា​ច​ប្រ​មើល​បា​ន​ប្រហែ​លមាន​វិនិ​យោគ​ទុន​ម​ក​កម្ពុ​ជា​ច្រើន​ជា​ងវិនិ​យោគ​ទុន​ពីកម្ពុជា ទោះ​បីស​ហភា​ព​អេមី​រ៉ា​ត​អារ៉ា​ប់​អា​ចទា​ក់​ទាញ​លំ​ហូ​រ​ទុន​ពីកម្ពុជា​ឬ​ឆ្លង​កាត់​តា​ម​ក​ម្ពុជា​ក៏​ដោ​យ​។ គេ​អា​ចរំ​ពឹ​ង​ទុក​ថា ​សភា​នឹ​ងអ​នុ​ម័​តច្បាប់​ទាំង​ ៣ ​នេះ​ ជា​មិន​ខាន»៕