ភ្នំពេញៈ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ តាមរយៈប្រធានស្តីទីរដ្ឋសភា បានស្នើនាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសហការី ចូលបំភ្លឺករណីអំពើពុករលួយនៃថវិកាជំនួយរបស់មូលនិធិសកល ការគ្រប់គ្រង និងភាពមិនប្រក្រតីពាក់ព័ន្ធនឹងវិស័យសុខាភិបាលនៅថ្ងៃទី ១០ ខែមេសា ម៉ោង ៩ ព្រឹក នៅមន្ទីររដ្ឋសភា។
សំណើអន្តរាគមន៍ចាត់តាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល មកបំភ្លឺនេះធ្វើឡើងតាមរយៈលិខិតចុះថ្ងៃទី ២៧ ខែមីនា របស់ប្រធានគណៈកម្មការទី ១០ នៃរដ្ឋសភា លោក ហូរ វ៉ាន់ ដោយមានហត្ថលេខាទទួលស្គាល់ពីប្រធានស្តីទីរដ្ឋសភា លោក កឹម សុខា ចុះថ្ងៃទី ៣០ ខែមីនា ផ្ញើជូនលោកនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដើម្បី ឆ្លើយតបទៅនឹងបណ្តឹងមួយចំនួន ដែលគណៈកម្មការនេះទទួលបានកន្លងមក។
ក្នុងលិខិតនេះគណៈកម្មការទី ១០ រដ្ឋសភា គ្រោងចោទសួរអំពីការបាត់បង់ថវិកាជំនួយរបស់អង្គការមូលនិធិសកលក្នុងមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្ត្រ, ការគ្រប់គ្រងលើតម្លៃ និងគុណភាពឱសថ ការដោះដូរទីតាំងមន្ទីរពេទ្យមួយចំនួននៅភ្នំពេញ, ការគ្រប់គ្រងគ្រឿងឧបភោគបរិភោគដែលប៉ះពាល់ដល់សុខភាពសាធារណៈ និងការគ្រប់គ្រងឱសថស្ថាន និងគ្លីនិកជាដើម។
លោក ហ៊ូ សិទ្ធី នាយខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាលោកមិនទាន់បានឃើញលិខិតសុំអន្តរាគមន៍នោះទេ ដោយសារលោកសម្រាកពីការងារប៉ុន្មានថ្ងៃមកហើយ។ ជាមួយគ្នានេះ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វ៉ាន់ឌីន បានអះអាងថា មិនទាន់ទទួលបានលិខិតកោះហៅនេះនៅឡើយ។
លោកស្រីថា៖ «ខ្ញុំមិនទាន់បានឃើញលិខិត និងប្រធានបទនៃការបំភ្លឺនោះនៅឡើយទេ ចឹងហើយខ្ញុំអត់មានអី អាចអធិប្បាយបានទេ»។
ទាក់ទិននឹងប្រធានបទដែលគ្រោងនឹងចោទសួរនោះ ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ លោក ហូរ វ៉ាន់ បានគូសបញ្ជាក់ថា ៖ «អារឿង Global Fund រកឃើញថា ប្រើលុយគេក្នុងអំពើពុករលួយជាបណ្តាញ ហេតុម៉េច ក៏អត់មានវិធានការ យើងចង់ដឹង តើរដ្ឋមន្រ្តីមានវិធានការបែបណាហើយ»។
គួររំឭកថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៣ មូលនិធិសកល Global Fund បានចេញផ្សាយរបាយការណ៍មួយ ដោយធ្វើការស៊ើបអង្កេតប្រាក់ជំនួយមូលនិធិរបស់ខ្លួន ជាង ៨០ លានដុល្លារអាមេរិក ដែលផ្តល់ឲ្យស្ថាប័នចំណុះក្រសួងសុខាភិបាល ដោយរកឃើញនូវភ័ស្តុតាងសំខាន់ៗជាច្រើនដែលបញ្ជាក់ថាការដេញថ្លៃមួយចំនួនមានភាពមិនប្រក្រតីការកិបកេងប្រាក់ជំនួយ និងការប្រើប្រាស់ប្រាក់ជំនួយនេះខុសគោលដៅ ដែលស្តែងចេញពីបណ្តាញប្រព្រឹត្តអំពើពុករលួយមួយ។
អតីតប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្របាណកសាស្ត្រ លោក ឌួង សុជាតិ ដែលរងការចោទថា ទទួលប្រាក់សគុណជិត ៥ សែនដុល្លារពីក្រុមហ៊ុនផ្គត់ផ្គង់មុងជាថ្នូរនឹងកិច្ចសន្យាជាមួយក្រសួងសុខាភិបាល ធ្លាប់ប្រាប់ថា របាយការណ៍មូលនិធិសកល ដែលចោទប្រកាន់ថា អំពើពុករលួយបានកើតឡើងក្នុងដំណើរការដេញថ្លៃនោះ គឺត្រូវបានបោះពុម្ពតែមួយចំហៀងមិនបានលើកពីសកម្មភាពទាំងស្រុងនោះទេ។
លោកថា ការពិតនោះការដេញថ្លៃធ្វើយ៉ាងត្រឹមត្រូវ និងថោកបំផុត ដែលនាំឲ្យក្រុមហ៊ុនទាំងពីរនោះទទួលបានសិទ្ធិផ្គត់ផ្គង់ ហើយលោកមិនបានកេងប្រវ័ញ្ច ឬទទួលប្រាក់កម្រៃជាថ្នូរនៃកិច្ចសន្យាពីក្រុមហ៊ុនទាំងនោះទេ។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានទេ កាលពីម្សិលមិញ។ កន្លងទៅអង្គភាពនេះធ្លាប់អះអាងថា ខ្លួនកំពុងស៊ើបអង្កេតការចោទប្រកាន់នោះ ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់ចេញផ្សាយរបាយការណ៍ ឬលទ្ធផលនៅឡើយ។
បើតាមលោក ហូរ វ៉ាន់ ទន្ទឹមនឹងរឿងនេះសាធារណជនក៏នៅមានភាពងឿងឆ្ងល់ពីភាពមិនប្រក្រតីនៃការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលលើ «រឿងថ្នាំពេទ្យ ដែលនាំចូលមកដោយខូចគុណភាព ត្រូវបានគេផ្សាយបន្តបន្ទាប់ ប៉ះពាល់អាយុជីវិតរបស់អ្នកជំងឺ...ទីតាំងពេទ្យមួយចំនួនត្រូវបានដោះដូរ តែបែរជាបាត់ដូចជាពេទ្យបង្អែកចំការមន មិនដឹងជាទៅណាបញ្ហានៃការគ្រប់គ្រងម្ហូបអាហារ ពលរដ្ឋមានការភ័យខ្លាច ដោយសារបន្លែ ផ្លែឈើ និងសាច់សុទ្ធ តែមានជាតិគីមី»។
លោកបន្ថែមថា៖ «ជំនួបនេះនឹងលើកបញ្ហាគួរឲ្យបារម្ភរឿងគ្លីនិក អ្នកខ្លះអត់បានរៀនសូត្រអីផង ចេះលក់ និងផ្សំថ្នាំឲ្យគេលេបទាំងគ្មានវិជ្ជាជីវៈ ក្រសួងសុខាភិបាល ត្រូវទទួលខុសត្រូវ...បញ្ហាឆ្លងមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង»។
ករណីឆ្លងមេរោគអេដស៍ជាង ២០០ នាក់ ក្នុងឃុំរកា ក្រៅពីគ្រូពេទ្យភូមិ លោក យ៉ែម ជ្រិន ដែលសង្ស័យមានចេតនាចម្លងមេរោគអេដស៍នោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបង្ហើបថា នៅមានអ្នកពាក់ព័ន្ធផ្សេងទៀត តែលោកមិនបានបង្ហាញថា ជានរណាទេ?ហើយរហូតមកទល់ពេលនេះក៏នៅមិនទាន់មានសេចក្តីរាយការណ៍ពីអ្នកពាក់ព័ន្ធនោះនៅឡើយដែរ៕