ភ្នំពេញៈ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានសម្រេចមិនធ្វើការចាក់វ៉ាក់សាំងកូវីដ ១៩ ដែលជាជំនួយរបស់ចិនជូនអ្នកដែលមានអាយុលើសពី ៥៩ ឆ្នាំ អ្នកឧស្សាហ៍មានជំងឺអាល្លែកហ្ស៊ី អ្នកជំងឺកន្ទាលត្រអាក ជំងឺត្រអក អ្នកមានបញ្ហាផ្លូវដង្ហើម ជំងឺហឺត និងអ្នកមានជំងឺផ្សេងៗជាច្រើនប្រភេទទៀតនោះឡើយ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។
លោកស្រី វណ្ណឌីន បានថ្លែងកាលពីថ្ងៃទី ៦ ខែកុម្ភៈថា មនុស្សអាយុ ៦០ ឆ្នាំឡើង មិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វ៉ាមដែលជាជំនួយរបស់ប្រទេសចិន បានទេ ដោយត្រូវធ្វើការសិក្សាសិន ថាតើនៅពេលដែលចាក់វ៉ាក់សាំងកូវីដនេះហើយ តើនឹងអាចបង្កើតបាននូវកងការពារខ្លាំងក្លាដូចដែលបុគ្គលមានអាយុ ១៨ ឆ្នាំដល់ ៥៩ ឆ្នាំដែរឬទេ?។
លោកស្រីបញ្ជាក់ថា៖ «យើងត្រូវប្រុងប្រយ័ត្នដោយសារតែវ៉ាក់សាំងនេះ ជាប្រភេទវ៉ាក់សាំងថ្មី ជាពិសេសយើងត្រូវគោរពទៅតាមគោលការណ៍របស់គេឱ្យបានត្រឹមត្រូវ។ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩បានសម្រេចមិនធ្វើការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនអ្នកដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទេ»។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា អ្នកដែលមានអាយុពី ១៨ ឆ្នាំ ដល់ ៥៩ ឆ្នាំ គឺអាចចាក់បានតាមការស្ម័គ្រចិត្តហើយបន្ទាប់ពីចាក់លើកទី១ រយ:ពេលចន្លោះពី ១៤ ថ្ងៃទៅ ២៨ ថ្ងៃគឺត្រូវចាក់ដូសទី២។
បើតាមលោកស្រី វណ្ណឌីន មុខសញ្ញាដែលហាមដទៃទៀតមានដូចជា ការប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងវ៉ាក់សាំងគឺអ្នកនោះឧស្សាហ៍ទទួលរងនូវអាល្លែកហ្ស៊ី (Allergic) ជំងឺកន្ទាលត្រអាក (Urticaria) ជំងឺត្រអក (Eczema) អ្នកដែលមានបញ្ហាផ្លូវដង្ហើម (acute respiratory disease) ជំងឺហឺត (asthma) ការហើម ឬរលាកសរសៃឈាម (Angioedema) អ្នកដែលកំពុងមានការឈឺចាប់នឹងជំងឺទាន់ហន់ណាមួយជាពិសេសជំងឺរុំារ៉ៃធ្ងន់ធ្ងរ ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលបំបៅដោះកូន ស្ត្រីដែលមានផែនការពពោះក្នុងរយៈពេល ៣ ខែ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបចោលគម្រោងដែលលោកគ្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ នៅថ្ងៃទី ១០ ខែកុម្ភៈ បន្ទាប់ពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាប្រកាសថា វ៉ាក់សាំងស៊ីណូហ្វ៉ាមចាក់បានតែមនុស្សមានអាយុពី ១៨ ឆ្នាំទៅ ៥៩ ឆ្នាំតែប៉ុណ្ណោះ។
លោក ហ៊ុន សែន បានពន្យល់នៅលើបណ្តាញសង្គមកាលពីល្ងាចថ្ងៃទី ៥ ខែកុម្ភៈថា សម្រាប់លោកដែលមានអាយុ ៦៨ ឆ្នាំឡើងហើយ គឺមិនទាន់អាចចាក់វ៉ាក់សាំងកូវីដបានទេ។
លោកបញ្ជាក់ថា៖ «ដូចនេះគម្រោងចាក់វ៉ាក់សាំងដែលគ្រោងចាក់នៅថ្ងៃទី ១០ ខែកុម្ភៈនៅមន្ទីរពេទ្យកាល់ម៉ែតនឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើនមានអាយុលើសពី ៦០ ឆ្នាំទៅហើយ មិនអាចចាក់បានទេ»។
លោកស្រី ឱ វណ្ណឌីន បានបន្តថា ក្រៅពីនេះអ្នកដែលមានជំងឺប្រកាច់ ឬកន្ត្រាក់ មានជំងឺឆ្កួតជ្រូក ស្កន់ ឬមានជំងឺសរសៃប្រសាទ រលាកស្រោមខួរ មានជំងឺតំណពូជ ឬអ្នកដែលមានបញ្ហាប្រព័ន្ធសរសៃប្រសាទ (Guillain-Barre Syndrome) អ្នកដែលមានកង្វះភាពស៊ាំពីកំណើត (Immune deficiency) អ្នកមានមេរោគហ៊ីវ (HIV) អ្នកមានជំងឺមហារីកកូនកណ្តុរ (Lymphoma) អ្នកមានជំងឺឈាមស អ្នកមានជំងឺបេះដូងសរសៃឈាមធ្ងន់ធ្ងរ ជំងឺថ្លើមធ្ងន់ធ្ងរ និងជំងឺដុះដុំសាច់មហារីកធ្ងន់ធ្ងរ អ្នកដែលកំពុងប្រើប្រាស់ថ្នាំព្យាបាលជំងឺមហារីក អ្នកដែលមានប្រវត្តិឆ្លងជំងឺកូវីដ ១៩ មិនគួរចាក់វ៉ាក់សាំងទាំងនេះទេ ហើយគ្រូពេទ្យគឺជាអ្នកពិនិត្យលើអាការរបស់អ្នកដែលត្រូវចាក់។
ក្រៅពីនេះលោកស្រី ឱ វណ្ណឌីន បានលើកឡើងថា៖ «ការចាក់វ៉ាក់សាំងគឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយត្រូវប្រើប្រាស់តាមប្រព័ន្ធអនឡាញ ដែលនៅពេលខាងមុខឆាប់ៗនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេងនឹងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះឈ្មោះតាមប្រព័ន្ធអនឡាញរបស់យើងដែលយើងហៅថា E-Registration ដើម្បីឱ្យប្រជាពលរដ្ឋយើងមានបំណងចង់ចាក់វ៉ាក់សាំងអាចចុះឈ្មោះបាន»។
ចាប់ពីថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២១ តទៅក្រសួងសុខាភិបាលនឹងប្រកាសដាក់ឱ្យប្រើប្រាស់នូវគេហទំព័រថ្មីមួយជាផ្លូវការដែលអាចឱ្យពលរដ្ឋចូលទៅចុះឈ្មោះតាមរយៈវេបសាយនោះបាន។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងទៀតថា៖ «ក្រសួងសុខាភិបាលកម្ពុជាបានត្រៀមលក្ខណៈរួចរាល់ជាស្រេចនៅក្នុងការទទួលយកវ៉ាក់សាំងនេះដើម្បីចាត់ចែងរៀបចំចាក់ជូនទៅដល់បងប្អូនដែលស្ថិតក្នុងក្រុមអាទិភាព ហើយបានចុះឈ្មោះទទួលយកដោយស្ម័គ្រចិត្តនូវវ៉ាក់សាំងស៊ីណូហ្វ៉ាមនេះផងដែរ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ការចាក់វ៉ាក់សាំងកូវីដស៊ីណូហ្វ៉ាមនេះនឹងប្រព្រឹត្តទៅនៅតាមមន្ទីរពេទ្យរដ្ឋ (ថ្នាក់ជាតិ ខេត្ត និងស្រុក) ទៅតាមពេលវេលា ដែលក្រសួងនឹងធ្វើការជូនដំណឹង នៅពេលក្រោយទៀត។
គិតត្រឹមថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២១ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួន ៤៧៤ នាក់ ក្នុងនោះមានអ្នកដែលត្រូវបានព្យាបាលជាសះស្បើយចំនួន ៤៥៤ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ២០ នាក់៕
វីដេអូ៖