កំពតៈ គណៈកម្មការ​អន្តរក្រសួង និង​គណៈកម្មការ​បច្ចេកទេស​រដ្ឋបាល​ខេត្តកំពត​បាន​ឯកភាពគ្នា ដាក់ចេញ​នូវ​ផែនការ​រយៈពេល​ ១ ​ខែ​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៣១ ខែ មីនា ឆ្នាំ​ ២០២១ ក្នុង​ការចុះ​ផ្ទៀងផ្ទាត់ និង​ធ្វើ​បច្ចុប្បន្នភាព​ព្រៃកោងកាង ដែល​នៅសល់​ជាក់ស្តែង​ក្នុង​ខេត្ត​នេះ​។ សង្គម​ស៊ីវិល​យល់ថា ការចុះ​ធ្វើការ​លើ​បញ្ហា​នេះ ហាក់​យឺតយ៉ាវ​ព្រោះ​តំបន់​ព្រៃកោងកាង​មួយចំនួន​បាន​បាត់បង់​រួចទៅ​ហើយ​។

លោក វិត វឌ្ឍនា នាយក​រដ្ឋបាល​ខេត្តកំពត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា គណៈកម្មការ​អន្តរក្រសួង​ដែល​មាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​គណៈកម្មការ​បច្ចេកទេស​រដ្ឋបាល​ខេត្ត​បាន​សម្រេច​កែសម្រួល​សមាសភាព​ក្រុមការងារ​ដើម្បី​ចុះទៅ​ផ្ទៀងផ្ទាត់​ឡើងវិញ ឬ​ធ្វើ​បច្ចុប្បន្នភាព​ព្រៃកោងកាង​ក្នុង​រយៈពេល​ ១ ​ខែ​នៅ​ទូទាំង​ខេត្ត​។

ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​ក្នុង​រយៈពេល​ ១ ​ខែ​នេះ​សម្រេច​បាន​​ប៉ុន្មាន​នោះ ​គឺ​មិនទាន់​ដឹង​នោះទេ វា​គ្រាន់តែ​ជា​ផែនការ​ដែល​ត្រូវបាន​ដាក់ចេញ​ប៉ុណ្ណោះ​។ បន្ទាប់ពី​ក្រុមការងារ​ចុះ​ផ្ទៀងផ្ទាត់ និង​ធ្វើ​បច្ចុប្បន្នភាព​ព្រៃកោងកាង​នេះ​រួចហើយ និង​ត្រូវ​លើក​យកមក​ពិភាក្សា​ដើម្បី​ឯកភាពគ្នា​នៅក្នុង​ក្របខ័ណ្ឌ​គណៈកម្មការ​បច្ចេកទេស​របស់​ខេត្ត និង​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​ធ្វើ​ផែនទី បោះបង្គោល​ព្រំ និង​ស្នើសុំ​ចុះបញ្ជី​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​។

លោក វិត វឌ្ឍនា ថ្លែងថា​៖ «​បន្ទាប់ពី​មាន​ការចុះបញ្ជី​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ហើយ បើសិន​ជា​មាន​ការរំលោភបំពាន​នឹង​ត្រូវ​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​»​។ ទោះជា​យ៉ាងណា វិត វឌ្ឍនា បញ្ជាក់ថា ការចុះ​ធ្វើការ​ផ្ទៀងផ្ទាត់ និង​ធ្វើ​បច្ចុប្បន្នភាព​ព្រៃកោងកាង​នេះ មិនមែន​កិច្ចការ​ថ្មី​នោះ​ទេ ពោល​កិច្ចការ​នេះ​ត្រូវបាន​ធ្វើ​កន្លងមក​ម្តង​រួចហើយ ប៉ុន្តែ​វា​ត្រូវបាន​ខកខាន​មួយរយៈ ហើយ​មកដល់​ពេល​នេះ​ក្រសួង​បាន​រំឭក​ដើម្បី​ការអនុវត្ត​ការងារ​បន្តទៀត​។

បើតាម​លោក វិត វឌ្ឍនា ព្រៃកោងកាង​នៅក្នុង​ខេត្តកំពត​មិនមាន​សក្តានុពល​ដូច​ទៅនឹង​ខេត្តកោះកុង​ទេ ប៉ុន្តែ​ដោយសារ​កន្លងមក​នេះ​មាន​ក្រុមហ៊ុន​វិនិយោគ​ដែល​មាន​ការវិនិយោគ​នៅ​តំបន់ឆ្នេរ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ព្រៃ​កោងកាង​មួយចំនួន ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ សុទ្ធតែ​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិឌ្ឍន៍​កម្ពុជា​។

លោក ​ចាន់ រិទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពត​ថ្លែងថា តាម​តួលេខ​ចាស់ ព្រៃកោងកាង​នៅក្នុង​ខេត្តកំពត​មាន​ចំនួន ១ ៩៦៦ ​ហិកតា​។ ប៉ុន្តែ​ដោយ​មាន​ការលួច​ចូល​ទៅ​កាប់​ទន្ទ្រាន និង​ការលួច​កាប់​យកទៅ​ប្រើប្រាស់​បាន​ធ្វើឱ្យ​ព្រៃ​កោងកាង​មាន​ការបាត់បង់​។ ដូច្នេះ​បាន​ជា​ក្រុមការងារ​ថ្នាក់​ក្រសួង និង​ថ្នាក់​ខេត្ត​បាន​សម្រួល​សមាសភាព​ឡើងវិញ​ដើម្បី​ចុះទៅ​ផ្ទៀងផ្ទាត់ និង​ធ្វើ​បច្ចុប្បន្ន​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​ឥឡូវ​យើង​រៀបចំ​គណៈកម្មការ​ឡើង​វិញ ដោយសារ​ឈ្មោះ​អ្នកខ្លះ​ក៏​ឈប់ និង​មួយចំនួន​ទៀត​ក៏បាន​ដូរ​ចេញ​។ បន្ទាប់ពី​រៀប​រួច​ឡើងវិញ យើង​ប្រជុំ​ការងារ ចុះ​ពិនិត្យមើល​ទៅ​តាម​ភាពជាក់ស្តែង​រវាង​គណៈកម្មការ​ខេត្ត និង​ថ្នាក់ជាតិ​បូក​ទៅ​ឃើញ​យ៉ាងម៉េច​នឹង​មាន​របាយការណ៍​ជាក់ស្តែង​ហើយ​»​។

បើតាម​លោក ចាន់ រិទ្ធិ នៅពេល​ដែល​មាន​ការវាស់វែង និង​មាន​ការឯកភាព​គ្នា​ចំពោះ​ការធ្វើ​បច្ចុប្បន្នភាព​នៃ​ព្រៃកោងកាង​រួចហើយ​នឹង​ត្រូវ​បោះបង្គោល​ព្រំ និង​ចុះបញ្ជី​ឱ្យមាន​ភាពច្បាស់លាស់​ដើម្បី​ឱ្យ​ការគ្រប់គ្រង​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​។

លោក យន់ ផល្លី មន្ដ្រី​សម្របសម្រួល​អង្គការ​អាដហុក​ប្រចាំ​ខេត្ដ​កំពត​ថ្លែងថា ការបង្កើត​គណៈកម្មការ​ដើម្បី​ចុះទៅ​ផ្ទៀងផ្ទាត់ និង​ធ្វើ​បច្ចុប្បន្នភាព​ព្រៃកោងកាង​នាពេលនេះ ហាក់បី​ដូចជា​មាន​ភាពយឺតយ៉ាវ ព្រោះ​តំបន់​ព្រៃកោងកាង​មួយចំនួន​ត្រូវ​បាន​បាត់បង់​រួចទៅហើយ​។ លោក​ពន្យល់​ថា ការបាត់បង់​ព្រៃកោងកាង​នេះ​គឺ​ដោយសារ​ការចាក់ដី​លុប​ឆ្នេរសមុទ្រ​មួយចំនួន ដើម្បី​ធ្វើការ​អភិវឌ្ឍ​។

ព្រៃកោងកាង​ដុះ​នៅតាម​តំបន់ឆ្នេរ​ទឹក​រាក់ៗ ហើយ​នៅពេល​ដែល​មាន​ការចាក់​ដី​លុប វា​បាន​ធ្វើឱ្យ​បាត់បង់ និង​មួយចំនួន​ទៀត​ក៏​ត្រូវបាន​គ្រប់គ្រង ការពារ និង​ថែរក្សា​ព្រមទាំង​មាន​ការដាំ​បន្ថែម​ដោយ​សហគមន៍​។ ​«​ក្នុង​ការគ្រប់គ្រង​ព្រៃកោងកាង​ឱ្យមាន​ប្រសិទ្ធភាព​ខ្ញុំ​គិតថា ព្រៃកោងកាង បច្ចុប្បន្ននេះ​មាន​ការថែរក្សា​របស់​សហគមន៍ ហើយ​គួរតែ​ឱ្យ​សហគមន៍​គ្រប់គ្រង និង​ថែរក្សា​។ យើង​ក៏ត្រូវ​មាន​ការដាំ​បន្ថែម​នៅ​តំបន់​ឆ្នេរ​ទឹក​រាក់​។ នៅពេល​ដែល​យើង​ការពារ​ព្រៃ​កោងកាង​នេះ​បាន វា​នឹង​ផ្តល់នូវ​ជម្រក​មច្ឆាចម្រុះ​ដែល​បង្កបង្កើន​ធនធាន​ជលផល​កាន់តែ​ច្រើន​»៕