The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គណៈកម្មការ​អឺរ៉ុប​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ​ដែល​ប៉ះពាល់​លើ​ទំនិញ​ ៤០ ​មុខ

គណៈកម្មការ​អឺរ៉ុប​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ​ដែល​ប៉ះពាល់​លើ​ទំនិញ​ ៤០ ​មុខ

Content image - Phnom Penh Post
ទិដ្ឋភាព​នៅក្នុង​រោងចក្រ​កាត់ដេរ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នាពេល​កន្លងមក​។ ហុង មិនា

គណៈកម្មការ​អឺរ៉ុប​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ​ដែល​ប៉ះពាល់​លើ​ទំនិញ​ ៤០ ​មុខ

ភ្នំពេញៈ គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ដែល​ប៉ះពាល់​លើ​ទំនិញ​ ៤០ ​មុខ​ពី​កម្ពុជា​នាំចូល​ទៅ​ប្លុក​ដែល​មាន​ប្រទេស​ចំនួន​ ២៧ ​នេះ​ដោយ​លើកឡើង​ហេតុផល​ថា កម្ពុជា​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ និង​ជា​លក្ខណៈ​ប្រព័ន្ធ​។

ការសម្រេច​ព្យួរ​នេះ​នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃទី​ ១២ ខែ​សីហា ឆ្នាំ​ ២០២០ គឺមាន​រយៈពេល ​៦ ​ខែ​ក្រោយ​ការប្រកាស​នេះ ប្រសិនបើ​មិនមាន​ការជំទាស់​ពី​សភា​អឺរ៉ុប ឬ​ពី​រដ្ឋសមាជិក​អឺរ៉ុប​ណាមួយ​ទេ​។ ការព្យួរ​ដោយ​ផ្នែក​នេះ​នឹង​ប៉ះពាល់​ជាក់លាក់​ទៅ​លើ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង​មួយចំនួន និង​ប៉ះពាល់​ទាំងស្រុង​ទៅលើ​សម្ភារ​សម្រាប់​ធ្វើដំណើរ និង​ស្ករស​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​អឺរ៉ុប​ចេញ​ផ្សាយ​កាលពី​ល្ងាចម្សិលមិញ​។

លោក​ Josep Borell តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​ថ្លែងថា ការរំលោភ​សិទ្ធិមនុស្ស​ និង​សិទ្ធិនយោបាយ​នៅ​កម្ពុជា សេរីភាព​បញ្ចេញមតិ និង​ការជួបជុំ​ធ្វើឲ្យ​សហភាព​អឺរ៉ុប គ្មាន​ជម្រើស​អ្វី​ក្រៅពី​ដក​ដោយ​ផ្នែក​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​សហភាព​អឺរ៉ុប​នឹង​មិន​ឈរ​មើល​ប្រជាធិបតេយ្យ​ត្រូវបាន​ច្រែះស៊ី សិទ្ធិមនុស្ស​ត្រូវ​បាន​កាត់​បន្ថយ ហើយ​សេរីភាព​នៃ​ការជជែក​គ្នា​ត្រូវ​បាន​ធ្វើឲ្យ​ស្ងាត់ស្ងៀម​។ ការសម្រេច​ថ្ងៃនេះ​បញ្ជាក់​ពី​ការប្ដេជ្ញា​យ៉ាងខ្លាំង​របស់​យើង​ចំពោះ​ប្រជាជន​កម្ពុជា សិទ្ធិ​របស់​ពួកគេ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៃ​ប្រទេស​នេះ​។ ដើម្បី​ឲ្យ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​នេះ​ត្រូវ​បានផ្ដល់​ឲ្យ​ឡើងវិញ​អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​ចាត់វិធានការ​ចាំបាច់​នានា​»​។

ដោយ​ទទួលស្គាល់​នូវ​ភាពចាំបាច់​ក្នុង​ការជួយ​ជ្រោមជ្រែង​ដល់​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន និង​ការធ្វើ​ពិពិធកម្ម​លើ​ការនាំចេញ សហភាព​អឺរ៉ុប​និយាយ​ថា​រាល់​ឧស្សាហកម្ម​ដែល​ទើបនឹង​ងើបឡើង​នៅ​កម្ពុជា​នឹង​បន្ត​ទទួល​បាន​ការនាំចូល​ដោយ​មិន​ជាប់ពន្ធ និង​មិន​កំណត់​កូតា​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ លើស​ពី​នេះ​ទៀត​សម្ភារ​សម្លៀកបំពាក់​ដែល​មាន​តម្លៃបន្ថែម និង​ផលិតផល​ស្បែកជើង​ប្រភេទ​​ជាក់លាក់​មួយ​ចំនួន​នឹង​បន្ត​ទទួល​បាន​ការនាំចូល​ដោយ​មិន​ជាប់ពន្ធ និង​មិន​កំណត់​កូតា​ទៅ​ទីផ្សារ​អឺរ៉ុប​​ផងដែរ​។

សហភាព​អឺរ៉ុប​បាន​ថ្លែងថា​កម្ពុជា​បាន​ធ្វើឲ្យ​មាន​ការរីកចម្រើន​នៅលើ​ផ្នែក​សិទ្ធិ​ការងារ និង​សិទ្ធិ​ដីធ្លី​។ ប៉ុន្តែ​ផ្នែក​ជាច្រើន​ទៀត​នៅតែ​តម្រូវ​ឲ្យ​មាន​ការដោះស្រាយ​រួមមាន​ការចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ទៅលើ​សកម្មជន​សហជីព​ការងារ ការបើក​លម្ហ​នយោបាយ​ឡើងវិញ​ការផ្ដល់​សិទ្ធិ​នយោបាយ​ឲ្យ​អតីត​សមាជិក​បក្សប្រឆាំង​ឡើងវិញ ការដក​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាដើម​។

Content image - Phnom Penh Post
កម្មករ​កំពុង​កាត់ដេរ​សម្លៀកបំពាក់​នៅ​រោងចក្រ​មួយ​នៅ​រាជធានី​ភ្នំពេញ​កន្លងមក​។ ហុង មិនា

សេចក្ដី​ប្រកាស​ព័ត៌មាន​សរសេរ​ថា​៖ «​ក្នុងករណី​ដែល​កម្ពុជា​បង្ហាញ​នូវ​ការរីកចម្រើន​ចម្បងៗ ជាពិសេស​លើ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ គណៈកម្មការ​អាច​នឹង​ពិនិត្យ​ការសម្រេចចិត្ត​របស់ខ្លួន​ឡើងវិញ ហើយ​ផ្ដល់​ការអនុគ្រោះ​ពន្ធ​ក្រោម​កិច្ចព្រមព្រៀង EBA នេះ​ឡើងវិញ​»​។

យោង​តាម​ឯកសារ​ដើម​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ម្សិលមិញ​បញ្ជាក់ថា គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​ធ្វើការ​កែប្រែ​ខ្លះ​ទៅលើ​ឯកសារ​ឧបសម្ព័ន្ធ II និង IV នៃ​គោលការណ៍​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដោយ​មាន​បញ្ជី​ឈ្មោះ​ផលិតផល​ដែល​ត្រូវ​ព្យួរ​។

យោងតាម​ឯកសារ​ដដែល​ក៏បាន​រៀបរាប់​អំពី​ករណី​លោក កឹម សុខា ការរំលាយ​អតីត​បក្សប្រឆាំង និង​ការហាមឃាត់​ធ្វើ​នយោបាយ​នៃ​សមាជិក​អតីត​បក្សប្រឆាំង​ផងដែរ​។ ទោះ​យ៉ាងណា​សេចក្ដី​សម្រេច​នេះ​បាន​លើកឡើង​ថា កម្ពុជា​បានធ្វើ​ឲ្យ​មានការ​រីកចម្រើន​ចំណុច​មួយចំនួន​ចាប់តាំងពី​គណៈកម្មការ​អឺរ៉ុប​បានប្រកាស​ចាប់ផ្ដើម​នីតិ​វិធី​ព្យួរ EBA​។

ឯកសារ​ក៏បាន​ពិចារណា​ទៅលើ​កិច្ចសហប្រតិបត្តិការ​វិជ្ជមាន​ជាមួយ​កម្ពុជា​ចាប់​តាំងពី​ការប្រកាស​ព្យួរ​ផងដែរ​។ យោង​តាម​សេចក្ដីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ផលិតផល​ចំនួន​ ៤០ ​មុខ​ដែល​ស្ថិត​នៅក្នុង​តារាង​លេខ​កូដ Harmonized System (HS) ត្រូវ​បាន​ព្យួរ​។ ​តាម​ការប៉ាន់ស្មាន​ទំនិញ​ទាំងនោះ​មាន​តម្លៃ​ប្រហែល​ ១ ​ពាន់​លាន​យូរ៉ូ ហើយ​នឹង​ត្រូវ​បង់ពន្ធ​ពី ១,៧០ ​ភាគរយ​ទៅ ១២ ​ភាគរយ​។

ពាក់ព័ន្ធ​នឹង​ការដក EBA នេះ​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ការដក​ខ្លះ​ជាការ​ល្អ ដើម្បី​ប្រាប់​ទៅ​កម្ពុជា​ថា​កម្ពុជា​គួរតែ​រៀបចំ​អ្វី​ដែល​អ៊ីយូ​ចង់​បាន​។ ជាធម្មតា​ទេ​យើង​ថា មិន​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ បូរណភាព​ទឹកដី ប៉ុន្តែ​រាល់​ការផ្ដល់​ជំនួយ គ្មាន​ជំនួយ​ណា គ្មាន​បំណង គ្មាន​ជំនួយ​ណា​គ្មាន​ចំណង​។ អ៊ីចឹង​រាល់​ជំនួយ​ទាំងអស់​តែងតែ​មាន​នីតិវិធី​របស់​ខ្លួន​»​។

លោក សុខ ទូច បន្តថា​ កម្ពុជា​លក់​តែ​កម្លាំង​ពលកម្ម​ប៉ុណ្ណោះ​សម្រាប់​ទីផ្សារ​អឺរ៉ុប ពីព្រោះ​វិនិយោគិន​លើ​វិស័យ​កាត់ដេរ និង​ស្បែកជើង សុទ្ធតែ​វិនិយោគ​ពី​ក្រៅប្រទេស​ហើយ​វត្ថុធាតុដើម​ទៀតសោត​ក៏​នាំចូល​ពី​បរទេស​ដែរ​។ ដូច្នេះ​ផលប៉ះពាល់​បណ្ដាល​មកពី​ការដក EBA នេះ​អាច​នឹងត្រូវ​ដោះស្រាយ​បាន​ដោយ​ការបង្កើត​ការងារ​លើ​វិស័យ​ផ្សេង​។ ទោះយ៉ាងណា​លោក​បញ្ជាក់​ថា ការបាត់ EBA គ្រាន់តែ​តម្រូវ​ឲ្យ​កម្ពុជា​បង់ពន្ធ​ប៉ុណ្ណោះ​មិនមែន​បាត់​ទីផ្សារ​អឺរ៉ុប​ទេ​។

មិនទាន់​ឃើញ​មាន​ប្រតិកម្ម​ណាមួយ​ពី​រដ្ឋាភិបាល​កម្ពុជា​នៅឡើយ​ទេ គិត​មក​ដល់​ត្រឹម​ម៉ោង​បោះពុម្ពផ្សាយ​កាសែត​កាលពី​យប់មិញ​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​សុំ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​ថា​៖ «​អបអរសាទរ​វិស័យ​ផលិត​កង់​ដែល​មិន​ទទួលរង​ផលប៉ះពាល់​។ EU ពិតជា​បាន​គាំទ្រ​ដល់​ការធ្វើ​ពិពិតកម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា​»៕

អត្ថបទគួរចាប់អារម្មណ៍