ភ្នំពេញៈ គណៈកម្មការប្រឹក្សាការងារបានបើកកិច្ចប្រជុំពិភាក្សាអនុម័តនីតិវិធីនិងយន្តការពិភាក្សាលើប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើង នៅក្រសួងការងារ កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានថ្លែងក្រោយការប្រជុំថា គណៈកម្មការប្រឹក្សាការងារបានពិភាក្សាគ្នា រួចក៏បានធ្វើការសម្រេចលើគោលការណ៍ចំនួន ៥ ចំណុច។
លោកមានប្រសាសន៍ថា៖ «ក្រុមប្រឹក្សាការងារបានសម្រេចកំណត់យកដើមត្រីមាស ទី៣ នៃឆ្នាំនីមួយៗ ជាការចាប់ផ្តើមពិភាក្សា និងសិក្សាស្រាវជ្រាវលើស្ថានភាពប្រាក់ឈ្នួលកម្មករអប្បបរមា ដើម្បីលើកយោបល់ជូនកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការប្រឹក្សាការងារពិនិត្យសម្រេចយ៉ាងយូរ នៅចុងត្រីមាស ទី៣ នៃឆ្នាំនោះ»។
លោក អ៊ិត សំហេង បន្តទៀតថា គណៈកម្មការក៏បានកំណត់យកដើមត្រីមាស ទី៤ នៃឆ្នាំនីមួយៗ ដើម្បីចេញប្រកាសស្តីពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំបន្ទាប់ ដោយចាប់អនុវត្តពីថ្ងៃ ទី១ ខែមករា នៃឆ្នាំបន្ទាប់ដើម្បីទុករយៈពេល ៣ ខែ ជូនភាគីពាក់ព័ន្ធត្រៀមអនុវត្ត។
ជាមួយគ្នាដែរ គណៈកម្មការប្រឹក្សាការងារក៏បានសម្រេចជាឯកច្ឆន្ទទទួលយកវិធីសាស្រ្តនៃការអនុម័តសេចក្តីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ ដោយយន្តការកុងសង់ស៊ីស (ឯកច្ឆន្ទ)។ ក្នុងករណីចំណុចណាមួយមិនឯកភាពគ្នា ២ដង ក្នុងកិច្ចប្រជុំផ្សេងគ្នា ត្រូវអនុវត្តការយកសំឡេងភាគច្រើន តាមការបោះឆ្នោតជាសម្ងាត់ក្នុងកិច្ចប្រជុំលើក ទី២។ ក្នុងនោះក៏បានសម្រេចជាឯកច្ឆន្ទទទួលយកលទ្ធផលសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ កាលពីថ្ងៃ ទី២៤-២៥ ខែមេសា ស្តីពីការពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាផងដែរ។
លោក អ៊ិត សំហេង បានថ្លែងថា៖ «ការប្រជុំនៅថ្ងៃនេះ គឺមិនទាន់បាននិយាយទៅលើចំនួនទេ តែសំខាន់គឺពិភាក្សាទៅលើអនុសាសន៍របស់សិក្ខាសាលា ហើយនិងនីតិវិធីដើម្បីធ្វើការកំណត់»។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅថា ស៊ីខៅឌូ មើលឃើញថា ការប្រជុំកាលពីម្សិលមិញនេះទទួលបានលទ្ធផលល្អ ដោយបានកំណត់ជាយន្តការច្បាស់លាស់សម្រាប់អនុវត្តឬកំណត់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករដែលពីមុនមានការកំណត់ទៅតាមតែការនឹកឃើញ។
លោកថ្លែងថា៖ «នៅក្នុងការកំណត់នេះយើងបានធ្វើច្បាស់លាស់ដោយធ្វើការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ។ ការដំឡើងប្រាក់ឈ្នួលនេះ ដាច់ខាតត្រូវតែយោងទៅលើស្ថានភាពជីវភាពរស់នៅរបស់កម្មករ សេដ្ឋកិច្ច និងសង្គម។ យើងមិនអាចយោងទៅលើតែបញ្ហាមួយបានទេ»។
លោក អាត់ ធន់ បញ្ជាក់ថា សម្រាប់ ឆ្នាំ២០១៤ នេះ ជាឆ្នាំដែលពិបាកក្នុងការជជែកគ្នាតែសម្រាប់ឆ្នាំបន្តបន្ទាប់ទៀតគឺមានការយល់ព្រមជាគោលការណ៍ហើយ ដែលកម្មករនឹងមិនព្រួយបារម្ភថា ប៉ុន្មានឆ្នាំទៀតទើបបានដំឡើងប្រាក់ឈ្នួលនោះទេ ប៉ុន្តែ កម្មកររំពឹងបានថា ប្រាក់ឈ្នួលនឹងត្រូវគេដំឡើងនៅក្នុងឆ្នាំនេះ។
លោក អាត់ ធន់ លើកឡើងថា៖ «យើងជឿថា ប្រាក់ឈ្នួលនឹងមានការដំឡើងក្នុងកម្រិតមួយសមរម្យ ដោយសារយើងមានការស្ទាបស្ទង់ពីខាងអ្នកបញ្ជាទិញផង ពីក្រុមហ៊ុនមួយចំនួនផង និងបរិយាកាសពេលបច្ចុប្បន្នផង បើសិនមិនមានការដំឡើងសមរម្យ មានន័យថា រាជរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ចប់ការមន្ទិល ឬការមិនសប្បាយចិត្តរបស់កម្មករបានទេ ហើយក៏មិនអាចស្តារនូវស្ថានភាពនេះបាន»។
គណៈកម្មការប្រឹក្សាការងារនឹងបើកប្រជុំបន្តនៅថ្ងៃ ទី៣០ មិថុនា ដើម្បីពិភាក្សាអំពីបញ្ហាប្រាក់ឈ្នួលកម្មករនេះ៕