ភ្នំពេញៈ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាននិង​កំពុង​ធ្វើ​សេចក្តីព្រាង​គោលនយោបាយ​ស្តីពី «​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ២០១៩-២០២៨» ដើម្បី​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​ទីប្រជុំជន​ក្នុង​ការលើកកម្ពស់​សុខភាព​សាធារណៈ​សោភណភាព​ទីប្រជុំជន និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​។

លោក​ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ទី​ ១៤ ខែ​មករា​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ក្នុង​ការពិនិត្យ និង​ពិភាក្សា​អំពី​ «​សេចក្តី​ព្រាង​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន ២០១៩-២០២៨ និង​សេចក្តី​ព្រាង​អនុក្រឹត្យ ស្តីពី​ការកែសម្រួល​មាត្រា​ ៤ មាត្រា​ ៨ និង​មាត្រា​ ១០ នៃ​អនុក្រឹត្យ​លេខ​ ២៣៨ ចុះ​ថ្ងៃទី​ ២១ ខែ វិច្ឆិកា ឆ្នាំ​ ២០១៦ ​ស្តីពី​ការបង្កើត​មូលនិធិ​បរិស្ថាន និង​សង្គម​» ​ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ដើម្បី​ប្រមូលធាតុ​ចូល​បន្ថែម​លើ​សេចក្ដីព្រាង​គោលនយោបាយ​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ខាងលើ​កាលពី​ថ្ងៃទី​ ១៤ ខែមករា បញ្ជាក់ថា​៖ «​ការដាក់ចេញ​នូវ​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំ​ជននេះ​គឺជា​កិច្ចការ​បន្ទាន់ និង​ប្រកប​ដោយ​សារវន្ត​ក្នុង​ការដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន​ក៏ដូចជា​ពេលអនាគត​ដើម្បី​លើកកម្ពស់​សុខភាព​សាធារណៈ សោភណភាព​ទីប្រជុំជន និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ជា​ឧត្តម​ប្រយោជន៍​ជាតិ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ឱ្យដឹងថា ជា​កិច្ច​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ការ​គាំពារ​នូវ​គុណភាព​ទឹក ដី ខ្យល់​ពី​ការបំពុល​គឺ​ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​កិច្ចការ​អភិវឌ្ឍន៍​នានា​ដែល​ក្នុងនោះ​ការទប់ស្កាត់​ការបំពុល​ពី​សំរាម សំណល់​ទីប្រជុំជន​ជា​កិច្ចការ​ចម្បង​មួយ​ក្នុង​កិច្ចការ​ចម្បង​ធំៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យក​ចិត្ដ​ទុកដាក់ និង​ដោះស្រាយ​ជាបន្ទាន់ និង​ជា​និរន្តរ៍​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់ថា​៖ «​ការពង្រឹង​កិច្ចការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន​គឺ​ត្រូវផ្តោត​ការយក​ចិត្ដ​ទុកដាក់​ខ្ពស់​ចាប់តាំងពី​ចំណុច​បង្កើត​សំរាម សំណល់​រឹង​រហូត​ដល់​ការច្នៃ​សំរាម សំណល់​រឹង​នេះ​ដោយ​ត្រូវ​ស្ថិត​នៅ​ក្រោម​ក្របខ័ណ្ឌ​គោលនយោបាយ ផែនការ​សកម្មភាព និង​វិធានការ​អនុវត្ដ​ជាក់លាក់​ច្បាស់លាស់​ និង​ម៉ឺងម៉ាត់​»​។

បើ​តាម​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ «​សេចក្តី​ព្រាង​គោលនយោបាយ​» ​នេះ​នឹង​ត្រូវ​បាន​គាំទ្រ និង​អនុវត្តតាម​ការកំណត់​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​គន្លឹះ​សំខាន់ៗ ដូចជា​កំណត់​ក្របខ័ណ្ឌ​លិខិតបទដ្ឋាន​គតិយុត្ត ក្របខណ្ឌ​ការងារ និង​ការទទួល​ខុសត្រូវ​របស់​ក្រសួង​ស្ថាប័ន អង្គភាព និង​អ្នក​ពាក់ព័ន្ធ​នានា​លើ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​។ រៀបចំ​ឱ្យមាន​យន្តការ និង​វិធានការ បច្ចេកទេស បច្ចេកវិទ្យា និង​ធនធាន សម្រាប់​ការគ្រប់គ្រង និង​គាំទ្រ​លើ​ការងារ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​។

ជំរុញ និង​លើកទឹកចិត្ត​ការអនុវត្ត​មុខងារ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ បង្កើត​ឱកាស​វិនិយោគ​ដល់​វិស័យ​ឯកជន​លើ​ការផ្តល់សេវា​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​។ លើកកម្ពស់​ការចូលរួម​គាំទ្រ​ពី​សាធារណជន វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការអនុវត្ដ​កាតព្វកិច្ច​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ប្រកប​ដោយ​សុវត្ថិភាព​បរិស្ថាន និង​លើកកម្ពស់​ការអប់រំ​ផ្សព្វផ្សាយ និង​ជំរុញ​ឱ្យ​មាន​ការចូលរួម​ពី​សាធារណជន​។

លោក នេត្រ ​ភក្ត្រា ​អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិន​មាន​អត្ថាធិប្បាយ​បន្ថែម​ទៅលើ​សេចក្តីព្រាង​គោលនយោបាយ​ស្តីពី «​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ២០១៩-២០២៨» នេះ​ទេ​៕