ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ និង​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ​ជាមួយ​ក្រុមហ៊ុន DRAGONFLY FINTECH (CAMBODIA) Plc. និង​ក្រុមហ៊ុន PROXIMAX Co.,Ltd ដើម្បី​ជំរុញ និង​អនុវត្ត​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុងការ​គ្រប់គ្រង​ព័ត៌មាន​គ្រោះមហន្តរាយ និង​ទិន្នន័យ​អតីតយុទ្ធជន​។

ការចុះ​អនុស្សរណៈ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក គន់ គីម អនុប្រធាន​ទី​ ១ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា និង​លោក Richard Chung ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន DRAGONFLY FINTECH និង​លោក Lon Wong ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន PROXIMAX កាលពី​ថ្ងៃទី​ ២ ខែមករា នៅ​ទីស្នាក់ការ​កណ្ដាល​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

លោក កែវ វី ទីប្រឹក្សា​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ៣ ខែមករា​ថា ការចុះ​អនុស្សរណៈ​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ជំរុញ និង​អនុវត្ត​កិច្ចសហប្រតិបត្តិការ​នៅលើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​រួមគ្នា​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​អតីតយុទ្ធជន​The Volunteer Management Information Sytem (VMIS) ​និង​កម្មវិធី អេហ្វ​លើ​ទូរស័ព្ទដៃ​ (Apps) ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ និង​សមាគម​អតីតយុទ្ធជន​កម្ពុជា​។

លោក​ថ្លែងថា​៖ «​កម្មវិធី​អេហ្វ​លើ​ទូរស័ព្ទដៃ​មានបំណង​ប្រើប្រាស់​សម្រាប់​ជា​ទីតាំង​ផ្គត់ផ្គង់​ព័ត៌មាន​ពាក់ព័ន្ធ​អតីតយុទ្ធជន និង​គ្រោះមហន្តរាយ​នៅ​កម្ពុជា​ក្នុង​តំបន់ និង​ពិភពលោក​»​។ លោក​ថ្លែងថា អេហ្វ ​នេះ​ក៏​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការផ្តល់​ព័ត៌មាន​ព្រមាន​ជាមុន​អំពី​មុខសញ្ញា​គ្រោះថ្នាក់​នានា​ដើម្បី​ឱ្យ​​ពលរដ្ឋ​បង្ការ​ជាមុន​ផងដែរ​។

បើតាម​លោក កែវ វី ភាគី​ក្រុមហ៊ុន​នឹង​ជួយ​មើល​ថែរក្សា​ប្រព័ន្ធ​ដែល​នឹង​បង្កើតឡើង​នេះ​។ កម្មវិធី VMIS និង​កម្មវិធី​អេហ្វ​លើ​ទូរស័ព្ទដៃ​នេះ​នឹងត្រូវ​បង្កើតឡើង​ដោយ​បច្ចេកវិទ្យា​ចុងក្រោយ​​របស់ ProximaX Sirius​។

លោក គន់ គីម ថ្លែង​ក្នុងពេល​ចុះ​អនុស្សរណៈ​ស្ដីពី​ការសហការ​គ្នា​ជាមួយ​ភាគី​ក្រុមហ៊ុន​ទាំង​ ២ ​នេះ​ថា គឺ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ការអនុវត្ដ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ការគ្រប់គ្រង​ទិន្នន័យ​អតីតយុទ្ធជន​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ប្រព័ន្ធ VMIS នេះ គឺ​សម្រាប់​ការគ្រប់គ្រង​ទិន្នន័យ អតីតយុទ្ធជន​ដោយ​រក្សា​ការសម្ងាត់​ខ្ពស់ គ្រប់គ្រង​ទិន្នន័យ​បាន​ច្រើន​លឿន រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​ការគ្រប់គ្រង​នៅក្នុង​ស្ថាប័ន​ទាំង​ ២»​។

ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Dragonfly Fintech លោក Richard Chung បាន​ថ្លែងថា កិច្ចសហការ​ជាមួយ​គ្នា​នេះ​នឹង​ជួយ​គាំទ្រ​យ៉ាងខ្លាំង​ដល់​ក្រុមហ៊ុន​ក្នុង​ការខិតខំ​ប្រឹងប្រែង​ផ្ដល់ជូន​នូវ​សេវាកម្ម​ទូទាត់ និង​ហិរញ្ញវត្ថុ​ដើម្បី​លើកកម្ពស់​ស្ថានភាព​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​អតីតយុទ្ធជន​កម្ពុជា​៕