រតនគិរីៈ គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋបាលខេត្ត​រតនគិរី​គ្រោង​ស្នើឱ្យ​រាជរដ្ឋាភិបាល​កាត់​ផ្ទៃដី​ចំនួន​ជិត​ ៩ ​សែន​ហិកតា​ចេញពី​ដី​គម្រប​ព្រៃឈើ ឆ្នាំ​ ២០០២ ជូន​ប្រជាពលរដ្ឋ​ដែល​អាស្រ័យផល​ជាក់ស្តែង​នៅក្នុង​ស្រុក​ទាំង​ ៩ នៅក្នុង​មូលដ្ឋាន​ខេត្តរតនគិរី​។

លោក ញ៉ែម សំអឿន អភិបាលរង​ខេត្តរតនគិរី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការស្នើសុំ​កាត់​ដី​គម្រប​ព្រៃឈើ​នេះ បន្ទាប់ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ឱ្យ​គណៈកម្មការ​ចុះ​ស្រាវជ្រាវ និង​កំណត់​ព្រំប្រទល់​ចំពោះ​ដី​ដែល​ប្រជាពលរដ្ឋ បាន​រុករាន​ធ្វើជា​កម្មសិទ្ធិ និង​អាស្រ័យផល​ជាក់ស្តែង​។

លោក ញ៉ែម សំអឿន ថ្លែងថា ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្ត​នេះ​បាន​កាប់ឆ្ការ​ដី​គម្រប​ព្រៃឈើ​ធ្វើ​ជា​កម្មសិទ្ធិ​យក​ទៅ​ធ្វើជា​ចម្ការ ដើម្បី​យក​ទៅ​ដាំស្វាយ ស្វាយចន្ទី និង​ដាំ​កៅស៊ូ​ជាដើម​។ ជាមួយ​គ្នា​នេះ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​មិនបាន​រស់​នៅ​ក្នុង​ខេត្ត​នេះ​នោះទេ ប៉ុន្តែ​ពួកគាត់​មាន​ដី និង​ដំណាំ​ផ្សេងៗ​នៅក្នុង​ខេត្ត​នេះ​ផងដែរ ដោយ​អ្នកខ្លះ​មាន​ក្បាលដី ២ ទៅ ៣ ​ក្បាលដី​ដែលមាន​ទំហំ ប្រមាណ​ ១ ទៅ ៣ ​ហិកតា ។

លោក សំអឿន ថ្លែងថា​៖ «​យើង​មិនខ្វល់​ទេ បើសិន​ជា​ប្រជាពលរដ្ឋ​ទាំងនោះ កាន់កាប់​ស្របច្បាប់​មុន​ខែកក្កដា ឆ្នាំ ២០២០ ដែល​សម្តេច​ដាក់ចេញ​ឱ្យ​កាត់​ជូន​គាត់​កុំ​ឱ្យ​គាត់​កាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ទៀត​»​។

លោក ញ៉ែម សំអឿន បាន​អះអាង​ថា ដី​គម្រប​ព្រៃឈើ​គឺ​ប្រភេទ​ដី​ដែល​ដី​រេចរឹល ព្រៃរបោះ ព្រៃ​ពាក់កណ្តាល​ស្រោង ពោល​មិន​មានព្រៃ​ច្រើន​ទេ ហើយ​ជា​ដី​ដែល​នៅ​ជិត​ភូមិ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ដែល​ពួកគាត់​ចេះតែ​រាន​យក​ធ្វើជា​កម្មសិទ្ធិ ដោយ​ធ្វើ​សកម្មភាព​គាស់​កាយ និង​ប្រកបមុខរបរ​ដាំ​ដំណាំ​ផ្សេងៗ​។

លោក​បញ្ជាក់ទៀត​ថា នៅពេល​រដ្ឋាភិបាល​សម្រេច​កាត់​រួចហើយ​ក្រុមការងារ​នឹង​ចុះទៅពិនិត្យ​ឡើងវិញ ផ្ទៀងផ្ទាត់​មើល បើ​ត្រឹមត្រូវ ក្រុមការងារ​កាត់​ជូន​ប្រជាពលរដ្ឋ​រួមជាមួយ​នឹង​ការបោះបង្គោល​ព្រំដី​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​បន្ត​រាន​យក​ដី​ទៀត​។

លោក កុល ផាន់ណា ប្រធាន​មន្ទីរព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​រតនគិរី​បានឱ្យ​ដឹងថា កាលពី​ថ្ងៃទី ៥ ខែ​មីនា រដ្ឋបាលខេត្ត​បើក​កិច្ចប្រជុំ​ពិនិត្យ និង​ប្រមូល​របាយការណ៍ គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្តរតនគិរី​ដែល​គ្រោង​នឹង​ស្នើ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ដើម្បីឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កាត់​ចេញពី​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​ ២០០២​។

លោក កុល ផាន់ណា ថ្លែងថា លោក​មិនទាន់បាន​របាយការណ៍​ដី​គម្រប​ព្រៃឈើ​នៅក្នុង​ខេត្តរតនគិរី​ទាំងមូល​ថា​មាន​ប៉ុន្មាន​ហិកតា និង​ប្រជាពលរដ្ឋ​មាន​ចំនួន​ប៉ុន្មាន​គ្រួសារ​ដែល​នឹងត្រូវ​ទទួលបាន​ដី​ដែល​ត្រូវ​កាត់​ចេញពី​ដី​គម្រប​ព្រៃឈើ​នេះដែរ​។

លោក ឌិន ខន្នី មន្ត្រី​សម្របសម្រួល អង្គការ​អាដហុក ខេត្តរតនគិរី បាន​សម្តែង​ការស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាលខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការកំណត់ និង​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​នៅក្នុង​ខេត្ត​នេះ​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​បណ្ណកម្មសិទ្ធិ គឺជា​ចំណុច​ល្អ​មួយ ដើម្បី​កុំឱ្យ​មាន​វិវាទ​ដីធ្លី​បន្តទៀត​។

លោក ឌិន ខន្នី បញ្ជាក់ថា នៅក្នុង​ខេត្តរតនគិរី​នេះ​មាន​បញ្ហា​ជម្លោះដីធ្លី និង​មាន​ស្ថានភាព​ស្មុគស្មាញ​រវាង​ប្រជាពលរដ្ឋ និង​អ្នកមានអំណាច​។ ជាមួយ​គ្នា​នោះ​ក៏​មាន​ប្រជាពលរដ្ឋ និង​អ្នកមាន​អំណាច​មួយចំនួន​ទៀត​បាន​ចូលទៅ​កាប់​ទន្ទ្រាន​ដី​គម្រប​ព្រៃឈើ និង​មួយចំនួន​ទៀត​ក៏មាន​ប្រជាពលរដ្ឋ​បាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ​នេះ​យូរណាស់​មកហើយ ទាំង​មុន និង​ក្រោយ​ច្បាប់​ភូមិបាល​ចូល​ជា​ធរមាន​។

លោក ឌិន ខន្នី ថ្លែងថា​៖ «​ពួកគាត់​ទាំងអស់​គ្នា​មិនទាន់មាន​បណ្ណ​កម្មសិទ្ធិ​នៅឡើយ​ទេ ដែល​ធ្វើឱ្យ​ពួកគាត់​ងាយស្រួល​ធ្លាក់​ចូល​ទៅក្នុង​វិវាទ​។ នៅពេល​ដែល​មានការ​កំណត់​ការចុះបញ្ជី​ឱ្យ​ពួកគាត់​បានច្បាស់លាស់ ដី​ណា​ជា​ដីឯកជន និង​ដី​ណា​ជា​របស់​រដ្ឋ​នឹង​លែងមាន​វិវាទ និង​ងាយ​ការពារ​»៕