ព្រះ​សីហនុៈ គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង ​និង​អភិ​វឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មាន​មួយ​​ថា តំបន់​ឆ្នេរ​សមុទ្រ​ «ពយ​កំ​ពេញ» កំពុង​ត្រូវ​បាន​​ដំណើរ​ការ​អភិវឌ្ឍ​​ដោយ​ស្រប​ច្បាប់​ ដើម្បី​បម្រើ​​ផល​ប្រយោជន៍​សាធា​រណៈ និង​​បាន​បដិ​សេធ​ចំពោះ​ព័ត៌​មាន​ដែល​​ថា មាន​ក្រុម​ហ៊ុន​ឯកជន​មួយ​ចំនួន​កំពុង​​ចាក់​ដី​លុប​​ឆ្នេរ​សមុទ្រ​​ដោយ​ខុស​ច្បាប់​។

តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ចេញ​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​កញ្ញា​ ដែល​ភ្នំពេញ​បុស្ដិ៍​ទទួល​បាន​កាល​ពី​ម្សិល​មិញ​ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង និង​អភិ​វឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​សរសេរ​​ថា តំបន់​ឆ្នេរ​សមុទ្រ «ពយ​កំ​ពេញ» ដែល​កំពុង​រៀបចំ​កសាង​បណ្តាញ​ផ្លូវ​បេតុង ប្រព័ន្ធ​លូ គម្រោង​អភិវឌ្ឍ​នានា និង​កែលម្អ​ឆ្នេរ​ថ្ម​ ឲ្យ​ទៅជា​ឆ្នេរ​ខ្សាច់ ដែល​អាច​ឲ្យ​សាធារណជន និង​ភ្ញៀវ​ទេសចរ​​ចេញ​ចូល​កម្សាន្ត​បាន គឺ​កំពុង​ដំណើរ​ការ​រៀ​បចំ ​ដើម្បី​ប្រយោជន៍​សាធា​រណៈ​ និង​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​ទេស​ចរណ៍ ក៏​ដូចជា​សេដ្ឋ​កិច្ច​ជាតិ​ទាំង​មូល​។

សេច​ក្តី​​ប្រកាស​នេះ ​​បាន​បញ្ជាក់​​ថា៖«ផ្ទុយ​ពីព័ត៌​មាន​មួយ​ចំនួន ​ដែល​ផ្សព្វ​ផ្សាយ​នាពេល​ថ្មីៗ​នេះ​ថា ​មាន​ការ​ចាក់​ដី​ចូល​ឆ្នេរ​សមុទ្រ​នៅ​តំបន់​ឆ្នេរ ពយ​កំ​ពេញ​»។

គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង ​និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​បញ្ជាក់​តាម​រយៈ​សេច​ក្ដី​ប្រកាស​នេះ​​ទៀត​ថា ​ប្រ​ជា​ពល​រដ្ឋ ១០៣ ​គ្រួសារ ដែល​បាន​រស់​នៅ និង​កាន់កាប់​ដី​ជាក់​ស្តែង​តាំង​ពី​ឆ្នាំ ១៩៨៦ មក ​នៅ​តំបន់​​ពយ​កំ​ពេញ ស្ថិត​នៅ​ភូមិ​ ១ សង្កាត់​លេខ​ ៣ ​ក្រុង​ព្រះ​សីហនុ កាល​ពីខែ​សីហា ​ឆ្នាំ ​២០១៦​ រាជ​រដ្ឋា​ភិបាល​បាន​សម្រេច​ធ្វើ​ប្រទាន​កម្ម​ដី​នៅ​ពយ​កំ​ពេញ​នេះ ជូន​ប្រជា​ពលរដ្ឋ​ទាំង ១០៣ គ្រួសារ​ជា​កម្ម​សិទ្ធិ​។

ប៉ុន្តែ លោក​ សុខ​សុវណ្ណ ​វឌ្ឍ​នា​សា​ប៊ុង ​សមា​ជិក​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់ ដែល​ជា​ប្រធាន​​គណ​បក្ស​ខ្មែរ​ក្រោក​ ដែល​បាន​ចុះ​ទៅ​​សិក្សា​ ចំពោះ​ករណី​ការចាក់​ដី​រំលោភ​ឆ្នេរ​សមុទ្រ​ នៅ​ក្រុង​ព្រះសី​ហនុ​ តំបន់​ព្រែក​ត្រែង និង​តំបន់​ពយ​កំពេញ​នេះ បាន​លើក​ឡើង​ថា គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង ​និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ ​ត្រូវ​​តែ​បង្ហាញ​​ពី​បទដ្ឋាន​គតិ​យុត្តិ​ នៃ​ការ​អភិ​វឌ្ឍនោះ ​មិន​មែន​បង្ហាញ​សេចក្ដី​ប្រកាស​ព័ត៌​មាន ​ស្ដី​អំពី​ការ​ចាត់​ចែង​ដីធ្លី​ជូន​ពល​រដ្ឋ​​​នោះ​ឡើយ​។

លោក​បាន​សរសេរ​​បង្ហោះ​ នៅ​លើ​​​ទំព័រ​ហ្វេស​ប៊ុក​របស់​លោកថ្ងៃ​នេះ​​​ដោយ​ទាម​ទារ ឲ្យ​បង្ហាញ​ជា​សាធា​រណៈ​ ពី​គម្រោង​អភិវឌ្ឍ​តំបន់​ឆ្នេរ​​​ពយ​កំពេញ ​​ថា​តើ​ត្រូវ​​​ប្រគល់​ឲ្យ​​ក្រុម​ហ៊ុន​ណា​​អភិវឌ្ឍ​? «​អភិ​វឌ្ឍន៍​ដោយ​ឈរ​លើ​ច្បាប់​អ្វី​ ទើប​អាច​ចាក់​ថ្ម​លុប​សមុទ្រ​បែប​នេះ? ​ហើយ​ករណី​លុប​ឆ្នេរ​នេះ ​ពុំមាន​ទាក់​ទង​អ្វី​ដល់​ពល​រដ្ឋ​ជាង ១០០ ​គ្រួសារ​ទេ​។​ វា​ដាច់​ដោយ​ឡែក​ពីគ្នា​»។

លោក សា​ប៊ុង បញ្ជាក់​ថា​៖​«ទាក់​ទង​តែ​ម្យ៉ាង​គត់​ គឺវា​មិន​ស៊ី​សង្វាក់​គ្នា និង​សារាចរណ៍ណែ​នាំ​​ជា​ពិសេស ​ការ​កំណត់​ថា ​ត្រូវ​អភិ​វឌ្ឍន៍​យ៉ាង​តិច ១០០ ​មែ៉ត្រ​ពីឆ្នេរ​»។

លោក​បាន​ចោទ​សួរ​បន្ថែម​​​ថា ​តើ​តំបន់​​ឆ្នេរ​ពយ​កំពេញ​ នៅ​​តែ​ជា​ឆ្នេរ​សាធារណៈ​​របស់​រដ្ឋ ​ឬក៏​ត្រូវ​បាន​​លក់​​ឲ្យ​ក្រុម​ហ៊ុន​​ឯក​ជន​?​ លោក​សា​ប៊ុង​បាន​និយាយ​ទៀត​​ថា៖«​ប្រសិន​ជា ​មិន​បង្ហាញ​បាន​ទេ ដោយ​យោង​តាម​ព្រះរាជ​ក្រឹត្យ​ស្ដីពី​ការរៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​ នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោ​បល់ ពីគណ​បក្ស​ខ្មែរ​ក្រោក នឹង​ប្រើ​សិទ្ធ​ិរបស់​ខ្លួន​ សហ​ការ​ស្រាវ​ជ្រាវ​ រក​នូវ​ឯក​សារ​បទ​ដ្ឋាន​គតិ​យុត្តិ​នេះ​ ដល់​ស្ថា​ប័ន​ដែល​ពាក់​ព័ន្ធ​ និង​ករណី​ ចាក់​ដី ចាក់​ថ្ម ​លុប​សមុទ្រ​នេះ បន្ត​ទៅ​ទៀត​»។

យ៉ាង​ណា​ក្តី លោក ​យន់​ មីន​ អភិ​បាល​ខេត្ដ​ព្រះ​សីហនុ​ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​បុស្ដិ៍នៅ​ថ្ងៃ​ទី២៤ ខែ​កញ្ញា​​​នេះថា ​ពាក្យ​ថា ​អភិវឌ្ឍ​មួយ​ម៉ាត់​ គឺមិន​អាច​នៅនឹង​ថ្កល់​បាន​ទេ​ គឺ​ត្រូវ​តែ​មាន​ការ​កែ​សម្រួល​ខ្លះ​ហើយ​។

លោក​បន្ដ​ថា​៖​«​ធម្មតា​ការ​អភិ​វឌ្ឍ ​តែង​មាន​ការ​ប្រែប្រួល​ ពីស្ថាន​ភាព​នេះ​ ទៅ​ស្ថាន​ភាព​នោះ​ខ្លះ​ហើយ​ ចំពោះ​ការ​អភិ​វឌ្ឍនោះ​។ ថ្មវា​ទៅ​ជា​ខ្សាច់ៗ​ទៅ​ជា​បេតុង​អី​ខ្លះ​ចឹង​ហើយ​»៕