ភ្នំពេញ: គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងការពារជាតិ​ ដែល​ទើប​បង្កើត​ថ្មីបាន​បើក​កិច្ច​​ប្រជុំ​ជា​លើក​ដំបូងកាល​ពី​​ថ្ងៃទី ២៨ ខែ ​ឧសភា​ ដោយ​គណៈ​កម្មាធិការ​នេះនឹង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អប់​រំ និងប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន​នៅ​តាម​អង្គ​ភាព​កង​ទ័ព​ទាំង​អស់​ ព្រម​ទាំងរួម​សហការ​ជា​មួយ​នគរ​បាល​​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ផងដែរ។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួ​ង​ការពារជាតិ​ បាន​បង្កើតគណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំ​ង​​គ្រឿង​ញៀន​នេះ​ឡើង កាល​ពី​​ថ្ងៃ​ទី​ ៣០ ខែ ​មេសា។

លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិបាន​ថ្លែង​កាល​ពីម្សិល​មិញ​ថា កិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិការ​ប្រយុ​ទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​ការ​ពារ​ជាតិ​ដែល​ទើបតែ​ត្រូវ​បាន​បង្កើត​ឡើង​ គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ និង​សហការ​ជា​មួយ​ក្រសួ​ង​​មហា​ផ្ទៃ សម្រាប់​អនុវត្ត​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ជា​ពិសេស​នៅ​តាម​ព្រំដែន និង​ត្រូវ​ឲ្យ​កម្លាំង​ទាហាន​ចូល​រួម​បង្រ្កាប​ដែរ។ លោក​បានបន្ត​ថា យើង​​មិន​ទាន់​សន្និដ្ឋាន​ថា ទាហា​​ន​មិន​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ឡើយ​ទេគឺយើង​នៅ​ធ្វើ​ការ​ស្រាវ​ជ្រាវ​សិន ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់​គ្រឿង​ញៀន។

លោក​បញ្ជាក់​ថា​៖ «ប៉ុន្ដែ​ឥឡូ​វ​​នេះ ខ្ញុំមិន​អាច​និយាយ​បាន​ទេ ព្រោះ​យើង​មិន​អនុញ្ញាត​ឲ្យ​កង​ទ័ព​ប្រើ​ប្រាស់ ឬ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ទេ ដោយ​សារ​ពួក​គាត់​មាន​អាវុធ មាន​កាំភ្លើង​ក្នុង​ដៃ អ៊ីចឹង​វា​គ្រោះ​ថ្នាក់​ណាស់។ ទើប​​ថ្នាក់ដឹកនាំ​យើង ដាក់​បទបញ្ជាត្រួត​ពិនិត្យ​គ្រឿង​ញៀន​តា​ម​បណ្ដា​អង្គភាព​នីមួយៗ»។

លោក​បន្ថែ​ម​ថា វាជា​ការ​ចាប់​អារម្មណ៍​របស់​រដ្ឋាភិ​បាលដែ​ល​​កម្ពុជា​កំពុង​មាន​បញ្ហា​ ២ នៅ​ក្នុង​សង្គម​គឺ​បញ្ហា​គ្រឿង​ញៀន និង​បញ្ហា​គ្រោះ​ថ្នាក់​ចរាច​រណ៍ ហើយ​ក្រសួង​ការ​ពារ​ជាតិ​ក៏ចា​ប់ផ្ដើម​ធ្វើ​លើ​បញ្ហាគ្រឿង​ញៀន​មុន​គេ​ដើម្បី​កុំឲ្យ​វា​រាល​ដាល​ដល់​កម្លាំង​ប្រដាប់​​អាវុធ។

លោក​ថា​៖ «ដូច្នេះ យើង​ត្រូវ​តែ​ធ្វើ​ការ​ពិនិត្យ​តាម​អង្គភាព​ទ័ពជើង​គោ​ក ជើង​អាកាស​ និងទ័ព​ភូមិភាគ ជាបន្ត​បន្ទាប់ ដើម្បី​បោស​សម្អាត ​(គ្រឿង​ញៀន) ឲ្យ​ស្អាត​ចេញ​ពី​អង្គភាព​ទាហាន»។

បើ​តាម​លោក ឈុំ សុជាតិ គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ថ្មី​នេះ​ ត្រូវបាន​សម្រេច​ឲ្យ​លោក​ ចាយ ​សាំង​យុន រដ្ឋ​លេខាធិការ​ ​ក្រសួង​ការពារ​ជាតិ ជា​ប្រធាន និង​អមដោយ​អនុ​ប្រធាន ២ រូប គឺ​លោក ឥត សារ៉ាត់ អគ្គ​មេបញ្ជាការ​រង​ ក​ង​យោធពល​ខេមរ​ភូមិន្ទ ​និង​នាយសេនាធិការ​ចម្រុះ និង​​រូប​លោក​ព្រម​ទាំង​មាន​សមាស​ភា​ព​សមាជិក​សរុប​ចំនួន​ ៩ រូប​ផ្សេង​ទៀត។

លោក​បន្តថា តួនាទី​ភារកិច្ច​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​ការ​ពារ​ជាតិ​រួមមាន ធ្វើជា​សេនាធិការ​ជូន​រដ្ឋមន្ត្រី​ក្រសួ​ង​ការពារ​ជាតិ​លើ​សកម្ម​​ភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​ន លើក​យោបល់​ស្នើសុំ​គោល​ការ​ណ៍​សម្រេចពី​រដ្ឋមន្ត្រី​ក្រ​សួ​ងកា​រ​ពា​រជាតិ ចាត់តាំង​អប់រំផ្សព្វ​ផ្សា​យ​ច្បាប់​ ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿងញៀន​ ​និង​ការ​ប្រើប្រាស់​ការ​ជួញដូរ និង​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន​តាម​បណ្តា​អង្គភាព។

លើស​ពី​​នេះ គណៈ​កម្មាធិការមាន​ភារកិច្ច​បណ្តុះបណ្តាល​ជនបង្គោល ដើម្បី​អប់រំ ផ្សព្វ​ផ្សាយ ទប់​ស្កាត់​ការប្រើ​ប្រាស់ការជួ​ញដូរ និង​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​តាម​បណ្តា​អង្គភាព និង​បូកសរុប​របាយ​ការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រចាំខែ ត្រី​មាស ឬ​ឆ្នាំ។

លោក សុជាតិ បញ្ជាក់​ថា៖ «​អនុ​ប្រធា​ន​​គណៈ​កម្មាធិកា​រ និង​សមាជិក ត្រូវ​ចូលរួម​ប្រជុំ​តាម​ការ​អញ្ជើ​ញ​របស់​ប្រធាន​គ​ណៈ​កម្មាធិការ។ បន្ថែម​ពី​នេះ គណៈ​កម្មាធិការ​មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​ក្រសួង​ការពារ​ជាតិ​ផងដែរ»។

លោក ខៀវ សុភ័គ អ្នកនាំ​​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការ​បង្កើត​ឲ្យ​មាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំ​ង​គ្រឿងញៀន​ក្នុង​ស្ថាប័​ន​​ក្រសួង​ការពារជាតិ​នេះមិន​មា​ន​​អ្វី​ប៉ះពាល់​ដល់​ការងារ​អង្គភាព​នគរបាល​ផ្នែក​គ្រឿង​ញៀន​ទេ។

លោក​ថា លោក​សាទរ​ ចំពោះ​កិច្ចការងារ​នេះ ព្រោះ​ការប្រយុ​ទ្ធប្រឆាំង​គ្រឿង​ញៀន​ មិនមែន​​ជា​សមត្ថកិច្ច​​របស់​ន​គរ​បា​ល​​គ្រឿងញៀន​តែ​មួយ​​ទេគឺ​ទាម​​ទារ​ឲ្យ​មានការ​ចូលរួម​ពី​ស្ថាប័ន​ផ្សេង​ៗ និង​ពលរដ្ឋ​ទាំងអស់​គ្នា​ផងដែរ។

លោក​បញ្ជាក់​ថា៖ «​ការបង្ក្រាប​គ្រឿងញៀនមិនមែ​ន​​មានតែ​សមត្ថកិច្ច​ក្រសួង​មហា​​ផ្ទៃ​តែឯង​ទេគឺ​នៅទីណា​ក៏ដោ​យ នៅ​ក្នុង​​គ្រួ​សារ​យើង​ក៏ដោយ ក្នុង​សហគមន៍​ក៏ដោយ ឲ្យ​តែ​អាចបង្កើត​បាន ក៏​បង្កើត​ទៅ គឺ​យើង​ចូលរួម​ទាំងអស់គ្នា បើ​មា​ន​​កា​រ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ច្រើន គឺ​វា​ជា​ជោគជ័យ​របស់​យើង​ហើយ។ ខ្ញុំ​សូម​សាទរ ​ចំពោះ​ការងារ​នេះ ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ថែម​ទៀត»។

លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ក៏​បាន​​សាទរ​ចំពោះ​ការបង្កើត​គណៈកម្មាធិការ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀននៅ​ក្រសួង​ការ​ពារ​ជាតិ​នេះ​​ផងដែរ ដោយ​ថ្លែង​ថា បើ​ចង់​ឲ្យ​មន្ត្រី​បំពេញការងារ​មាន​ប្រសិទ្ធភាពគឺ​ត្រូវមាន​សុខភា​ព​​ល្អ ប៉ុន្ដែ​បើ​សុខភាព​ពួកគាត់​ លាយឡំ​នឹង​គ្រឿ​ង​ញៀន​​នោះ ការ​បំពេញ​ការងារ​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ។

លោក​បន្តថា លើស​ពីនេះលោក​ក៏​ចង់ឃើញ​ស្ថាប័​ន មន្ទីរ​ផ្សេងៗ​ទៀត ក៏ត្រូវ​ពិនិត្យ​ដូចគ្នា​ដែរដើម្បី​ពង្រឹង​ប្រសិទ្ធ​​ភាព​ការងារ​ ក្នុងនាម​ជា​មន្ត្រី​រាជការ។ «យើង​មិន​ចង់ឃើញ​មន្ត្រីរាជការ​យើង​ជាប់​ពាក់ព័ន្ធ​ជាមួយ​គ្រឿង​ញៀន​ទេ គឺ​យើង​ចង់បាន​មន្ត្រី​ធ្វើការ​ប្រសិទ្ធភាព មនុស្ស​មានគុណ​ភាពមន្ត្រី​ជួយ​​សង្គម និង​មន្ត្រី​ជួយ​ប្រទេស​ជាតិ»។

លោក​បន្ថែម​ថា កន្លង​មក​គេ​ឃើញ​មាន​បង្កើត​គណៈ​​កម្មការ​ជាច្រើន​ពាក់ព័ន្ធ​ការ​បង្ក្រាប​គ្រឿង​ញៀនប៉ុន្ដែ​អ្វីដែ​ល​​ជាការ​អនុវត្ត គឺ​នៅតែ​មាន​បញ្ហា​ខ្វះចន្លោះ ដោយ​មិន​ទាន់​បាន​ទទួលលទ្ធផល​ល្អ​នៅ​ឡើ​យ ជាពិសេស​គ្រឿង​ញៀន​នៅ​តាម​​មូល​ដ្ឋាន នៅ​មិនទាន់​ថមថយ​នៅ​ឡើយ៕