ភ្នំពេញៈ លោក​ គង់ សំអុល ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​បាន​ណែនាំ​ពី​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​តាម​ប្រតិទិន​ដែល​បានកំណត់​ពីថ្ងៃ​ទី​ ១៤-១៥ ខែមេសា បើទោះបី​ជា​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ នៅតែ​បន្ត​រីក​រាលដាល​ជា​រៀងរាល់ថ្ងៃ​។

លោក សេង សុភី ជំនួយការ​អម​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ឱ្យដឹងថា ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រហូត​មក​ដល់ពេល​នេះ រាជរដ្ឋាភិបាល​មិនទាន់​ប្រកាស​ឱ្យមាន​ការផ្អាក​នៅឡើយ​ទេ ហើយ​វា​អាច​នឹង​ប្រព្រឹត្ត​ទៅតាម​ពេលវេលា​កំណត់​របស់​ប្រតិទិន​ដដែល ប៉ុន្តែ​រាជរដ្ឋាភិបាល​អាច​ថា​នឹង​កំណត់​នូវ​តំបន់​ណា​ដែលមាន​បញ្ហា​ប្រឈម​មិន​អនុញ្ញាតឱ្យ​ពលរដ្ឋ​ទៅលេង​នៅ​ទីនោះ​។

លោក សេង សុភី ថ្លែងថា​៖ «​សម្រាប់​ឆ្នាំនេះ បញ្ហា​ជំងឺ​កូវីដ​ ១៩ កំពុងតែ​វាយលុក​នៅក្នុង​ប្រទេស គណៈកម្មការ​ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​នេះ ត្រូវមាន​ការការពារ​ជាសំខាន់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​»​។

យោងតាម​សេចក្តី​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​បាន​ឱ្យដឹងថា នៅតាម​ក្រសួង​ស្ថាប័ន​នានា​ត្រូវ​រៀបចំ​សម្អាត​បំពាក់​ភ្លើងគោម និង​មាន​ការតុបតែង​ភ្លើងពណ៌​ផ្សេងៗ ទង់ជាតិ និង​ទង់​សាសនា​ក្នុង​នោះ​ក៏ត្រូវ​មាន​ការរៀបចំ​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ សម្តេចម៉ែ និង​សម្តេចព្រះ​បរម​រតន​កោដ្ឋ និង​ដាក់​ពាក្យ​ស្លោក​ផ្សេងៗ និង​សារ​ជូនពរ​ថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀតផង​ដែរ​។ ចាត់តាំង​ឱ្យមាន​ការលេង​ល្បែង​ប្រជាប្រិយ​របស់​ជាតិ​តាម​មណ្ឌល​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ឬ ទីតាំង​ណា​ដែល​សមគួរ ហើយ​ចៀសវាង និង​ទប់ស្កាត់​ឱ្យបាន​នូវ​ល្បែង​ណា​ដែល​ប្រាសចាក​នឹង​ច្បាប់​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែងថា នៅក្នុង​ស្ថានភាព​បែប​បច្ចុប្បន្ន​នេះ​មិន​ទាន់​ដឹងថា ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​នឹង​ប្រព្រឹត្តទៅ​បែបណា​នោះទេ ប្រជាពលរដ្ឋ​ទាំងអស់គ្នា​មាន​តែ​ការប្រុងប្រយ័ត្ន​ខ្ពស់​ឱ្យ​បាន​គ្រប់គ្នា​កុំឱ្យ​មាន​ការឆ្លង​នូវ​ជំងឺ​កូវីដ​ ១៩​។

លោកស្រី វណ្ណឌីន ថ្លែងថា​៖ «​ស្ថានភាព​នៅក្នុង​ប្រទេស​យើង​បច្ចុប្បន្ននេះ យើង​មិនអាច​ធ្វេសប្រហែស​បានទេ និង​ត្រូវ​ការការពារ​ជាប់​ជានិច្ច​។ ចំពោះ​ការផ្អាក ឬ​មិន​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ខាងមុខ​នេះ ខ្ញុំ​មិនទាន់​ហ៊ាន​និយាយ​ទេ​។ ខ្ញុំ​គ្រាន់តែ​អំពាវនាវ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​ការពារ​ខ្លួន​ជានិច្ច​»​។

ដោយសារ​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ រាជរដ្ឋាភិបាល​បាន​លុបចោល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​កាលពី​ឆ្នាំ ​២០២០​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងថា រហូតមកដល់​ពេលនេះ​មិន​ទាន់​មាន​វិធាន​ក្នុង​ការរៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់​ពិសេស​សម្រាប់​កម្មវិធី រៀបចំ​បុណ្យជាតិ​នៅឡើយ​ទេ​។

លោក ឆាយ គឹមខឿន ​ថ្លែងថា​៖ «​ខ្ញុំ​មើល និង​សិក្សា​សិន​»៕