ប៉ៃលិនៈ គណៈកម្មាធិការ​សម្រុះសម្រួល​ទំនាស់​ពាក់ព័ន្ធ និង​កិច្ចការ​មុខងារសាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ បាន​បន្ត​ប្រមូល​ភស្តុតាង​ រឿង​បណ្ដេញ​គ្រូពេទ្យ​ម្នាក់​ ចេញពី​ក្របខ័ណ្ឌ​រដ្ឋ ដោយសារតែ​ការ​បង្ហោះ​សារ​ពី​ភាព​អសកម្ម​​ដែល​ក្រុម​គ្រូពេទ្យ​បាន​ជួបប្រទះ ​ក្នុងពេល​បំពេញការងារ​ ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​ ១៩។

អភិបាលខេត្ត​ប៉ៃលិនបាន​បណ្ដេញ​លោក ខឹម មុនី​កុសល ចេញពី​ក្របខ័ណ្ឌ កាលពី​ខែ មីនា ​ឆ្នាំ ​២០២១។ កាលពី​ថ្ងៃទី ១៨ ខែឧសភា លោក មុនី​កុសល បាន​ចូល​បំភ្លឺ​ដល់​គណៈកម្មាធិការ ដើម្បី​សម្រុះសម្រួល​ពាក់ព័ន្ធ​នឹង​ភារកិច្ច​មុខងារសាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ។

លោក នាក់ ណា​ង សមាជិក​គណៈកម្មាធិកា​រ​សម្រុះសម្រួល​ទំនាស់​ពាក់ព័ន្ធ និង​កិច្ចការ​មុខងារសាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ជា​ប្រធាន​មន្ទីរ​មុខងារសាធារណៈ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៨ ឧសភា​ថា ក្រោយពី​បញ្ចប់​ការសាកសួរ លោក​មុនី​កុសល​រួចហើយ គណៈកម្មាធិការ នឹង​បន្ត​អ​ញ្ជើ​ញ​តំណាង​រដ្ឋបាលខេត្ត​ប៉ៃលិន ក្នុងនាម​ជា​ភាគី​ម្ខាង​ទៀត មក​ចូលរួម​បំភ្លឺ​ចំពោះ​បញ្ហា​នេះ ដើម្បី​ឈានទៅរក​ការជួប​សម្រុះសម្រួល​គ្នា​រវាង​ភាគី​ទាំង ២ ក្នុងពេលឆាប់ៗ។

លោកបញ្ជាក់ថា៖ «យើង​នៅមាន​នីតិវិធី​បន្តទៅទៀត រហូត​យើង​ប្រមូលបាន​ភស្តុតាង​បន្ថែមទៀត យើង​ឈានទៅរក​ការប្រជុំ​សម្រុះសម្រួល និង​ការវាយតម្លៃ​ចុងបញ្ចប់។ ពេលដែល​យើង​ប្រមូលបាន​ហើយ គណៈកម្មាធិការ នឹងធ្វើ​ការ​វាយតម្លៃ​លើ​អង្គហេតុនីមួយៗ ថា​ត្រូវ​សម្រេច​យ៉ាងម៉េច ហើយ​ភាគីនីមួយៗ ត្រូវ​សម្រេច​របៀប​ម៉េច? ឥឡូវនេះ​យើង​មិនទាន់​អាច​និយាយបានថា យ៉ាងម៉េច​យ៉ាង​ម៉ា​ទេ»។

លោក នាក់ ណា​ង បាន​ថ្លែងថា៖ «ក្នុងនាម​ខ្ញុំ ក៏ដូចជា​គណៈកម្មាធិកា​រទាំង​អស់ គឺអ្វីៗត្រូវ​ប្រព្រឹត្តទៅ​តាមច្បាប់​កំណត់ និង​តាម​នីតិវិធី។ យើង​មិនអាច​សម្រេច ថា​អ្នកណា​ខុស ថា​អ្នកណា​ត្រូវ​ក្នុង​ពេលនេះ ដោយ​មិនមាន​ឯកសារ ឬក៏​ភស្តុតាង ទឡ្ហីករណ៍​នោះទេ។ ដូច្នេះអ្វីៗ គឺ​សម្រេច​លើ​ហេតុផល​ផ្លូវច្បាប់​ទាំងអស់»។

លោក នាក់ ណា​ង បាន​អះអាងថា គណៈកម្មាធិការ​នេះ នឹងត្រូវ​ដោះស្រាយ​ពាក្យបណ្តឹង​នេះ ក្នុង​រយៈពេល ៦០ ថ្ងៃ​ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​គូភាគី ហើយ​ក្នុងករណី​ភាគី​ណាមួយ​មិន​សុខចិត្ត នឹង​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ គឺអាច​ធ្វើការ​ប្តឹង​ទាស់​ទៅ​គណៈកម្មាធិការ​ថ្នាក់ជាតិ ឬ​បន្ត​ប្តឹងទៅ​តុលាការ ដើម្បី​ធ្វើការ​វិនិច្ឆ័យ​តាមផ្លូវ​ច្បាប់។

គណៈកម្មការ​នេះ​ បាន​បង្កើតឡើង​កាលពី​ថ្ងៃទី ២ ខែមេសា តាម​បញ្ជារ​របស់​ក្រសួង​មុខងារសាធារណៈ ដោយមាន​សមាជិក ៧ រូប ដោយ​ក្នុងនោះ មាន​លោកស្រី បាន ស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន​ជា​ប្រធាន។

លោក ខឹម មុនី​កុសល បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ក្រោយ​ចូល​បំភ្លឺ​ជាមួយ​គណៈកម្មាធិការ​នេះ ដោយបាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា គណៈកម្មាធិការ​មួយ​នេះ នឹង​ផ្តល់​យុត្តិធម៌​ដល់​រូបលោក ដែលជា​ក្រុម​ពេទ្យ​ជួរមុខ ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩។

លោកថ្លែងថា៖ «អ្វីដែល​ខ្ញុំ​បានលើកឡើង គឺ​គ្រាន់តែ​ចង់បាន​ដំណោះស្រាយ ដើម្បី​ឲ្យ​មានការ​ចូលរួម ដោយស្មោះ​ត្រង់ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​នេះ​ប៉ុណ្ណោះ ដោយ​គ្មាន​ចេតនា​អាក្រក់​ណាមួយ​នោះទេ»។

លោកបានឱ្យដឹងថា គណៈកម្មាធិការបាន​សួរ​លោកពី​ព័ត៌មាន​ផ្ទាល់ខ្លួន​ និង​ប្រ​វត្តិការងារ និង​មូលហេតុ​នៃ​ការប្តឹង​ជំ​ទាស់​។

លោកថ្លែងថា៖ «ខ្ញុំ​ចង់បាន​ការសម្រុះសម្រួល​មួយ​ ដើម្បី​បញ្ចប់​បញ្ហា​ដោយ​សន្តិវិធី»។

លោក ខឹម មុនី​កុសល បានស្នើ​ឲ្យ​រដ្ឋបាលខេត្តបង្ហាញ​ភស្តុតាង​ឲ្យ​បានច្បាស់លាស់ ចំពោះ​កំហុស​របស់លោក ដែល​បាន​ប្រព្រឹត្តដូច​អ្វីដែល​រដ្ឋបាលខេត្ត​បាន​សំអាង​ក្នុងការបណ្តេញ​​រូប​លោក​ចេញពី​ក្រម​ខណ្ឌ​មួយ ដែល​បាន​បំពេញ​ការ​ងារ​ជាច្រើន​ឆ្នាំ។

លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន បាន​អះអាងថា រដ្ឋបាលខេត្ត នឹងចូលរួម​អនុវត្តតាម​សេចក្តី​សម្រេច​នានា របស់​គណៈកម្មាធិការ។

លោក​បញ្ជាក់ថា៖ «យើង​បាន​ធ្វើតាម​នីតិវិធី​ផ្លូវច្បាប់ ហើយ​ក្នុង​ការបណ្តេញ​គាត់​ចេញ​នេះ បើ​ក្នុង​ពេលខាងមុខ គាត់នៅ​មិនមាន​ការពេញចិត្ត​អី​ទៀត គឺជា​សិទ្ធិ​របស់គាត់​បន្ត»៕